តួលេខអ្នកស្លាប់កើនដល់ ១៦១នាក់ និង១០៣នាក់បាត់ខ្លួន ក្រោយគ្រោះរញ្ជួយដីវាយប្រហារជប៉ុន
តូក្យូ៖ ក្រុមអាជ្ញាធរនៅថ្ងៃចន្ទនេះនិយាយថា តួលេខអ្នកស្លាប់ក្នុងគ្រោះរញ្ជួយដីកម្រិត ៧.៦រ៉ិចទ័រ កាលពីថ្ងៃចូលឆ្នាំថ្មី កើនឡើងដល់ ១៦១នាក់ហើយ ចំពេលព្រិលធ្លាក់កំពុងបង្កភាពស្មុគស្មាញដល់ប្រតិបត្តិការជួយសង្រ្គោះ។
ក្រុមមន្ត្រីនៅក្នុងខេត្ត អ៊ីស៊ីកាវ៉ា និយាយថា ចំនួនអ្នកបាត់ខ្លួនថយចុះពី១៩៥នាក់ មកនៅត្រឹម១០៣នាក់ ខណៈដែលរយៈពេលពីរថ្ងៃចុងក្រោយនេះ តំបន់រងគ្រោះបានគ្របដណ្តប់ដោយព្រិលធ្លាក់ ដែលធ្វើឱ្យប្រតិបត្តិការជួយសង្គ្រោះកាន់តែពិបាក។
នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ NHK នៅថ្ងៃអាទិត្យចុងសប្ដាហ៍មុន បានថ្លែងថា ការងារជាអាទិភាពដំបូង គឺជួយសង្រ្គោះមនុស្សចេញពីគំនរបែកបាក់ និងផ្ដល់ជំនួយទៅកាន់សហគមន៍ដាច់ស្រយាល។

មនុស្សប្រហែល ២,០០០នាក់នៅក្នុងសហគមន៍ជាច្រើន នៅលើឧបទ្វីបដាច់ស្រយាលកំពុងរង់ចាំជំនួយ បន្ទាប់ពីផ្លូវជាច្រើនត្រូវកាត់ផ្តាច់ ដោយសារការរអិលបាក់ដីប្រមាណ ១,០០០កន្លែង ដែលរារាំងដល់ការធ្វើដំណើរការរបស់រថយន្តផ្តល់ជំនួយ។
រីឯប្រជាជន ២០,៧០០គ្រួសារក្នុងខេត្ត អ៊ីស៊ីកាវ៉ា គ្មានអគ្គិសនីប្រើប្រាស់កាលពីថ្ងៃអាទិត្យសប្តាហ៍មុន និង៦៦,១០០គ្រួសារទៀតគ្មានទឹកប្រើប្រាស់។
សូមរម្លឹកថា កាលពីឆ្នាំ២០១១ ប្រទេសជប៉ុនបានរងការវាយប្រហារពីគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាបំផុត ដែលបង្កជារលកយក្សស៊ូណាមិ និងបានបន្សល់ទុកមនុស្សប្រហែលជា ១៨,៥០០នាក់ស្លាប់ ឬបាត់ខ្លួន ហើយបង្កជាគ្រោះមហន្តរាយនៅរោងចក្រនុយក្លេអ៊ែរ ហ្វូគូស៊ីម៉ា ផងដែរ៕







ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា