សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការដាក់ថ្ងៃទី២៩ ខែធ្នូ ជាថ្ងៃទិវាបុណ្យជាតិសន្តិភាពនៅកម្ពុជា គឺសម្រាប់ប្រជាពលរដ្ឋខ្មែរទាំងអស់ដែលស្រឡាញ់សន្តិភាព និងស្អប់សង្គ្រាម

ភ្នំពេញ៖ ឆ្លើយតបទៅនឹងការរិះគន់របស់ក្រុមប្រឆាំងមួយក្តាប់តូច សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា មានអ្នកខ្លះចេញមករិះគន់ថា យកថ្ងៃទី២៩ ខែធ្នូ ដាក់ជាថ្ងៃទិវាបុណ្យជាតិសន្តិភាពនៅកម្ពុជា ជាថ្ងៃឈប់សម្រាក គឺដើម្បីត្រកូលហ៊ុន សូមប្រាប់ថា ត្រកូលហ៊ុនក៏ស្វាគមន៍សន្តិភាពដែរ ហើយទិវាសន្តិភាពនេះ គឺសម្រាប់ប្រជាពលរដ្ឋខ្មែរទាំងអស់ដែលស្រឡាញ់សន្តិភាព និងស្អប់សង្គ្រាម ក្នុងនោះមានត្រកូលហ៊ុនមួយដែរ។ តែមិនមែនផ្តាច់មុខត្រកូលហ៊ុនទេ គឺសម្រាប់ខ្មែរទាំងអស់ដែលស្រឡាញ់សន្តិភាព និងបានផលពីសន្តិភាព គឺប្រជាជនទូទាំងប្រទេស។ ទិវាសន្តិភាពនៅកម្ពុជា គឺជាផលសម្រាប់យើងទាំងអស់គ្នា សម្រាប់បច្ចុប្បន្ន និងទៅអនាគតសម្រាប់កូនចៅយើងគ្រប់គ្នា។ ការបញ្ជាក់នេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ពានសម្ដេចតេជោ ហ៊ុន សែន កោះយ៉ និងពិធីសំណេះសំណាលជាមួយកម្មករនិយោជិត ស្ថិតនៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤។

សម្តេចធិបតីនាយករដ្ឋមន្ត្រីបានមានប្រសាសន៍បន្តថា គ្រាន់តែយកថ្ងៃទី២៩ ធ្នូ ជាថ្ងៃអបអរសាទរដែលប្រជាពលរដ្ឋថា ៥០០ឆ្នាំនៃប្រវត្តិសាស្ត្រកម្ពុជា ទោះបីជាយើងកើតមិនទាន់ក៏ដោយ ប៉ុន្តែកូនយើងមិនទាន់កើតចៅយើងមិនទាន់កើតតែពេលថ្ងៃមុខគេគួតែចងចាំប្រវត្តិសាស្ត្រ ហើយយ៉ាងហោចណាស់ក៏អាចអបអរសាទរដល់ថ្ងៃទី២៩ ធ្នូ ក៏បានរម្លឹកថា តើថ្ងៃនេះ កាលពីថ្ងៃ១៩៩៨ តើប្រជាពលរដ្ឋប៉ុន្មាននាក់ដែលលះបង់ដើម្បីបាននូវសន្តិភាពដែលបញ្ចប់សង្គ្រាម៥០០ឆ្នាំ ហើយជាទិវាដែលយើងទាំងអស់គ្នាត្រូវចងចាំ។ ការឈប់នេះ ដើម្បីជាការរម្លឹកនិងការអបអរសាទរទាំងអស់គ្នា នេះគឺជាការចាំបាច់ ហើយបើអ្នកណាមិនសប្បាយចិត្តរឿងដាក់ថ្ងៃទី២៩ ធ្នូ ជាទិវាសន្តិភាពនៅកម្ពុជា មិនបាច់ឈប់ទេ។

គួរបញ្ជាក់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ បានចេញអនុក្រឹត្យកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្តិភាពនៅកម្ពុជា” ដែលជាថ្ងៃបុណ្យជាតិផ្លូវការមួយនៅព្រះរាជាណាចក្រកម្ពុជា។ ការកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្តិភាពនៅកម្ពុជា” គឺដើម្បីជាការឆ្លើយតបទៅនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជនកម្ពុជា គឺការស្រឡាញ់សន្តិភាព និងការស្អប់ខ្ពើមសង្គ្រាម។ នៅក្នុងអនុក្រឹត្យបានបញ្ជាក់ថា ការកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្តិភាពនៅកម្ពុជា” គឺដើម្បីជាការឆ្លើយតបទៅនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជនកម្ពុជា គឺការស្រឡាញ់សន្តិភាព និងការស្អប់ខ្ពើមសង្គ្រាម។ ជាការរំលឹកដល់ការសម្រេចបាននូវការបញ្ចប់សង្គ្រាមទាំងស្រុង និងការកសាងបាននូវសន្តិភាព និងឯកភាពជាតិពេញលេញ នៅព្រះរាជាណាចក្រកម្ពុជា ដោយនយោបាយឈ្នះ ឈ្នះ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។ ជាការរំលឹកដឹងគុណ និងចងចាំជាប់ជានិច្ចនូវគំរូវីរភាពដ៏អង់អាចក្លាហាន និងការធ្វើពលិកម្មគ្រប់បែបយ៉ាងរបស់វីរបុរសស្នេហាជាតិ និងវីរនារីស្នេហាជាតិរបស់កម្ពុជា ដែលបានប្រយុទ្ធ និងតស៊ូ យ៉ាងស្វិតស្វាញនៅគ្រប់សមរភូមិ ទាំងសមរភូមិសង្គ្រាម ទាំងសមរភូមិការទូត ទាំងសមរភូមិ នយោបាយ រហូតសម្រេចបាននូវការបញ្ចប់ជាស្ថាពរនូវសង្គ្រាមនៅកម្ពុជា ហើយសម្រេចបាននូវ ការបង្រួបបង្រួមជាតិ ឯកភាពជាតិ និងនាំមកជូនជាតិ និងប្រជាជនកម្ពុជានូវសុខសន្តិភាពពេញ ផ្ទៃប្រទេសនៅព្រះរាជាណាចក្រកម្ពុជា។ ជាការដាស់តឿនក្រើនរំលឹកដល់ប្រជាជនកម្ពុជាគ្រប់ជំនាន់ ទាំងក្នុងពេលបច្ចុប្បន្ន ទាំងក្នុងពេល អនាគត ឱ្យចងចាំជានិច្ចអំពីមហាវិនាសកម្មរបស់ជាតិ និងទុក្ខលំបាកយ៉ាងវេទនារបស់ប្រជាជន កម្ពុជា ព្រមទាំងផលវិបាកនានា ដែលបង្កឡើងដោយសង្គ្រាម និងការបែកបាក់ជាតិ ព្រមទាំងបំផុស ស្មារតីដល់ប្រជាជនកម្ពុជាគ្រប់ជំនាន់ឱ្យស្អប់ខ្ពើមនូវសង្គ្រាម។ ការបំផុសស្មារតីដល់ប្រជាជនកម្ពុជាគ្រប់ជំនាន់ ទាំងក្នុងពេលបច្ចុប្បន្ន ទាំងក្នុងពេលអនាគត ឱ្យយល់ដឹងច្បាស់អំពី “គុណតម្លៃនៃសុខសន្តិភាព” ហើយរួមគ្នាលើកកម្ពស់ “វប្បធម៌សន្តិភាព” នៅ កម្ពុជា ពិសេស ការចូលរួមការពារ និងថែរក្សាឱ្យបានដាច់ខាតនូវ “សុខសន្តិភាព” ដែលជាអាយុជីវិត របស់ជាតិ និងជាគ្រឹះដ៏មានតម្លៃបំផុតសម្រាប់ការអភិវឌ្ឍប្រទេសជាតិ និងភាពសុខសាន្តរបស់ ប្រជាជនកម្ពុជាប្រកបដោយចីរភាព និងភិយ្យោភាព។

នៅក្នុងអនុក្រឹត្យបានបន្តថា ទិវាសន្តិភាពនៅកម្ពុជានេះ ត្រូវបានកំណត់ជាថ្ងៃឈប់សម្រាកសាធារណៈ។ គ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ សង្គមស៊ីវិល អង្គការអន្តរជាតិ និងវិស័យឯកជន ត្រូវចូលរួមបំផុសស្មារតីប្រជាជនកម្ពុជាឱ្យយល់ដឹងអំពីគុណតម្លៃនៃសន្តិភាព លើកកម្ពស់វប្បធម៌សន្តិភាព និងរួមគ្នាថែរក្សា ការពារសន្តិភាពនៅកម្ពុជាឱ្យបានគង់វង្ស៕
ដោយ៖ពលជ័យ
រូបភាព៖ហ្វេសប៊ុកសម្តេចធិបតី ហ៊ុន ម៉ាណែត

ads banner