ឯកឧត្តម រដ្ឋមន្ត្រី ជា វ៉ាន់ដេត សំណេះសំណាលជាមួយសិស្សនិទ្ទេស A ចំនួន៩០នាក់ នៅទូទាំងខេត្តតាកែវ
(ខេត្តតាកែវ)៖ ក្នុងពិធីសំណេះសំណាល ជាមួយសិស្ស ប្រឡងសញ្ញាបត្រមធ្យម សិក្សាទុតិយភូមិ ឆ្នាំ២០២៣ ជាប់និទ្ទេស A ចំនួន ៩០នាក់ ទូទាំងខេត្តតាកែវ កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តតាកែវ បានលើកឡើងថា សមិទ្ធផលទាំងឡាយរបស់សង្គម ដែលមានក្នុងពេលបច្ចុប្បន្ននេះ គឺកើតចេញពីការខិតខំប្រឹងប្រែងរបស់ប្រមុខថ្នាក់ដឹកនាំ ពិសេសសម្តេចតេជោ ហ៊ុន សែន ដែលបានផ្សះផ្សាបង្រួបបង្រួមជាតិមាតុភូមិ ស្វែងរកសុខសន្តិភាពពេញបរិបូរណ៍នៅទូទាំងប្រទេស ។

ឯកឧត្តម ជា វ៉ាន់ដេត បន្តថា តាមរយៈសុខសន្តិភាពនេះហើយបានធ្វើឱ្យចៅៗមានឱកាសសិក្សារៀនសូត្រ និងទទួលបានជ័យលាភីក្នុងការប្រឡងនៅពេលនេះ ស្របពេលដែលគោលនយោបាយបញ្ចកោណដំណាក់កាលទី១ ដែលដឹកនាំសម្តេចធិបតី ហ៊ុន ម៉ាណែត បានកំណត់យកការងារធនធានមនុស្សជាអាទិភាព ដើម្បីឈានទៅសម្រេចចក្ខុវិស័យអភិវឌ្ឍន៍ប្រទេសជាតិ។
ឯកឧត្តមបណ្ឌិត បានបញ្ជាក់ថា សម័យបច្ចុប្បន្ន ចំណេះដឹងជាទ្រព្យសំខាន់បំផុតមិនអាចខ្វះបាន ដូច្នេះហើយចៅៗត្រូវប្រឹងប្រែងសិក្សារៀនសូត្រឱ្យបានពូកែ ហើយធ្វើខ្លួនជាមនុស្សល្អ ដើម្បីអាចចូលរួមជួយសង្គមជាតិទៅថ្ងៃមុខឱ្យមានការរីកចម្រើនកាន់តែខ្លាំងក្លាបន្ថែមទៀត។

ឯកឧត្តមបណ្ឌិត រដ្ឋមន្ត្រី ក៏បានផ្តាំផ្ញើដល់សិស្សានុសិស្សទាំងអស់ដែលកំពុងសិក្សារៀនសូត្រ ត្រូវធ្វើយ៉ាងណាខិតខំប្រឹងប្រែងក្នុងការក្រេបជញ្ជក់យកចំណេះដឹង និងរៀនឱ្យបានខ្ពង់ខ្ពស់ ដើម្បីឈានទៅដល់ការយកចំណេះដឹងទាំងនោះមកបម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៏ដូចជាទូទាំងប្រទេស ពិសេសចូលរួមអភិវឌ្ឍន៍សង្គមជាតិទាំងមូល។ ទន្ទឹមនឹងនោះ ឯកឧត្តមបណ្ឌិត រដ្ឋមន្ត្រី ក៏បានបញ្ជាក់ទៅកាន់សិស្សានុសិស្សដែរថា ធ្វើជាមនុស្សត្រូវមានលម្អ៤យ៉ាងគឺ សំពត់អាវលម្អរូបកាយ គុណធម៌ទាំងឡាយលម្អផ្លូវចិត្ត ចំណេះវិជ្ជាលម្អផ្លូវជីវិត មាយាទនោះពិតលម្អត្រកូល ទើបយើងជាមនុស្សល្អ។
ឯកឧត្តមបណ្ឌិត បានផ្តល់ជូនសិស្សនិទ្ទេស A ចំនួន ៩០នាក់ ក្នុងម្នាក់ ៥០០ដុល្លារអាមេរិក អាណាព្យាបាល សិស្សនិទ្ទេសA ម្នាក់ ៥ម៉ឺនរៀល និងផ្តល់ជូនថវិកាមួយចំនួនដល់អ្នកចូលរួម ផងដែរ ៕




ដោយ ង៉ាន់ ទិត្យ
រូបភាព រិន រចនា