នាយករដ្ឋមន្ត្រីកម្ពុជា ប្រកាសយកឆ្នាំ២០២៤ ដើម្បីជំរុញការវិនិយោគនៅខេត្តព្រះសីហនុជាថ្មី
(ព្រះសីហនុ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសយកឆ្នាំ២០២៤នេះ ជាឆ្នាំជំរុញការវិនិយោគនៅខេត្តព្រះសីហនុជាថ្មី ជាពិសេសដើម្បីជំរុញការដោះស្រាយ បញ្ហាអគារជាប់គាំងនៅក្នុងខេត្តព្រះសីហនុ។ នេះជាបញ្ជាក់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញសម្ពោធស្ពានសម្តេចតេជោ ហ៊ុន សែន កោះយ៉ និងសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិតជាង ១ម៉ឺននាក់ នៅក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង នាព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ ។
សម្ដេចធិបតី បានថ្លែងថា នៅថ្ងៃទី ២៥ ខែមករា ឆ្នាំ២០២៤ ខាងមុខនេះ សម្ដេចនឹងអញ្ជើញប្រកាសដាក់ចេញនូវកម្មវិធីនយោបាយជំរុញការវិនិយោគ និងដោះស្រាយបញ្ហាអគារជាប់គាំងនៅក្នុងខេត្តព្រះសីហនុ ។

សម្ដេចនាយករដ្ឋមន្ត្រី បានឲ្យដឹងទៀតថា កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ សម្ដេចបានដាក់ចេញនូវផែនការជំរុញទេសចរណ៍ខេត្តសៀមរាប។ ដូច្នេះនៅថ្ងៃ២៥ ខែមករា ឆ្នាំ ២០២៤ សម្ដេចបានកំណត់យកជាឆ្នាំដែលត្រូវជំរុញការវិនិយោគនៅខេត្តព្រះសីហនុ ដើម្បីដោះស្រាយបញ្ហាជាប់គាំងមួយចំនួន ជាពិសេសបញ្ហា សំណង់មួយចំនួនដែលជាប់គាំង។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងប្រាប់ដល់អភិបាលខេត្តព្រះសីហនុថា ថ្ងៃទី២៥ មករា ២០២៤ ខ្ញ៉ំទៅខេត្តព្រះសីហនុហើយ ក៉ំទៅណា ខ្ញ៉ំនឹងទៅប្រកាសដាក់ចេញ នូវកម្មវិធីជំរុញខេត្តព្រះសីហនុ ដើម្បីរៀបចំ ដោះស្រាយបញ្ហាមួយចំនួន និងដើម្បីជំរុញការងារអភិវឌ្ឍខេត្តនេះ ។
សូមជម្រាបថា គិតត្រឹមឆ្នាំ ២០២៣ កន្លងទៅនេះ នៅខេត្តព្រះសីហនុ មានសំណង់អគារប្រមាណ ១ ០០០ កន្លែងកំពុងជាប់គាំងការសាងសង់។ បញ្ហានេះក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរ បាននិងកំពុងខិតខំដោះស្រាយជាបន្តបន្ទាប់ ដើម្បីស្វែងអ្នកមកវិនិយោគឡើងវិញ នាពេលឆាប់ៗខាងមុខ ៕


អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លិមហួត , សួង ពិសិដ្ឋ