រថយន្តពីរគ្រឿងបុកគ្នាពេញទំហឹង ស្លាប់ម្នាក់ និងរបួសម្នាក់ នៅមហាវិថីឈ្នះ-ឈ្នះ
ភ្នំពេញ៖ មនុស្សម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ កៀបជាប់ក្នុងកាប៊ីនរថយន្តតែម្តង បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តកូរ៉េដឹកទឹកសុទ្ធក្រុមហ៊ុន ជីងឡុង បើកបោះពួយល្បឿនលឿន ជ្រុលទៅបុកពីទទឹងរថយន្តកូរ៉េសណ្តោងទ្រុងបែនដឹកដី កំពុងបើកឆ្លងផ្លូវ បណ្តាលឲ្យរថយន្តដឹកទឹកសុទ្ធ ខ្ទេចរួញកាប៊ីន កៀបជាប់មនុស្ស២នាក់ ស្លាប់អ្នកបើកបរម្នាក់ អ្នករួមដំណើររងរបួសធ្ងន់ កាលពីម៉ោង៦និង៥០នាទីព្រឹក ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ តាមមហាវិថីឈ្នះ-ឈ្នះ ភូមស្រែតេជៈ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។
តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ រថយន្តកូរ៉េឃ្លុប ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3E-4116 ដឹកទឹកសុទ្ធ នៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ ជិះគ្នា២នាក់ បើកបរដោយយុវជនម្នាក់ ជាអ្នកបម្រើការការងារ ក្រុមហ៊ុនទឹកសុទ្ធ បានស្លាប់កៀបជាប់ក្នុងកាប៊ីន រួមដំណើរដោយឈ្មោះ ឡេង សុវណ្ណតុង ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរក្រុមហ៊ុនទឹកសុទ្ធ ជីង ឡុង មានទីលំនៅ ភូមិបន្លស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រងរបួសជើងឆ្វេង។ រថយន្តខាងលើ បើកក្នុងល្បឿនលឿនពីជើងទៅត្បូង លុដល់ចំណុចកើតហេតុ បានបុកពីទទឹងរថយន្ត កូរ៉េ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3E-6687 សណ្តោយទ្រុងបែនដឹកដី អ្នកបើកបររត់គេចបាត់ក្រោយកើតហតុភ្លាមៗ ដែលបើកចេញពីផ្លូវបេតុងវត្តភ្នៀត ឆ្លងកាត់ទទឹងមហាវិថីឈ្នះ-ឈ្នះ បណ្តាលឲ្យរថយន្តដឹកទឹកសុទ្ធ ខ្ទេចរួញកាប៊ីន ជាប់ជនរងគ្រោះ ហើយត្រូវបានក្រុមសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ បញ្ជូនរថយន្តសម្ភារឧបករណ៍ កាត់វះ ទាញយកជនរងគ្រោះចេញ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ និងទាញយកសាកសពជនរងគ្រោះម្នាក់ទៀត ដើម្បីប្រគល់ជូនសមត្ថកិច្ច បន្តការងារពិនិត្យតាមនីតិវិធី។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញចុះទៅពិនិត្យវាស់វែង រួចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកស្នងការក្រុង ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕ម.ន


