រដ្ឋបាលខេត្តព្រះសីហនុ និងមន្ទីរកសិកម្ម ដឹកនាំមន្ត្រី និងប្រជាពលរដ្ឋដាំកូនឈើ
ព្រឹកថ្ងៃទី ១៥ខែកក្កដាឆ្នាំ ២០១៩ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មន្ទីរកសិកម្ម និង រដ្ឋបាលព្រៃឈើខេត្តព្រះសីហនុ រួមជាមួយនឹងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស យុវជន សសយក កាកបាទក្រហម និងកាយរិទ្ធ បងប្អូនប្រជាពលរដ្ឋ បានចូលរួមដាំកូនឈើនៅបរិវេណវត្តអូរត្រេះ ស្ថិតនៅក្នុងភូមិ៦ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានជំរុញប្រជាពលរដ្ឋ ក៏ដូចជាវិស័យឯកជននានា អោយចូលរួមយ៉ាងសកម្មក្នុងការដាំ និងថែរក្សាការពារព្រៃឈើ សំដៅប្រែក្លាយឱ្យមានភាពស្រស់បំព្រង និងអភិវឌ្ឍន៍ធនធានព្រៃឈើ ឲ្យកាន់តែសម្បូរឡើង សម្រាប់ធ្វើជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិ រួមចំណែកលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ និងជាកិច្ចការពារបរិស្ថានសំដៅទប់ស្កាត់ការឡើង កម្តៅនៃភពផែនដី និងភាពរាំងស្ងួត ក៏ដូចជាទឹកជំនន់ជាដើម។ ដូចនេះហើយយើងទាំងអស់គ្នា ត្រូវចូលរួមប្រែក្លាយទៅជាចលនាមួយចូលរួមដាំដើមឈើ តាមគ្រប់រូបភាពឱ្យបានច្រើនជាអតិបរមា និងបណ្ដុះនូវគំនិតស្រលាញ់ព្រៃឈើ ថែរក្សាការពារព្រៃឈើ ដើម្បីជាឧត្តមប្រយោជន៍របស់ជាតិយើង។
បើតាម លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានឲ្យដឹងថា ការប្រារព្ធពិធីបុណ្យរុក្ខទិវានៅក្នុងខេត្តព្រះសីហនុនាពេលនេះ មន្ទីរកសិកម្ម ដែលមានរដ្ឋបាលព្រៃឈើជាសេនាធិការ បានដាំកូនឈើចម្រុះគ្រប់ប្រភេទមាន ដើមគគីរ គ្រញូង ឈើទាល សរុបចំនួន២២០០ដើម លើផ្ទៃដី២ហិកតាក្នុងបរិវេណវត្តអូរត្រេះ ស្ថិតនៅក្នុងភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។ លោក នេន ចំរើន និយាយថានឹងជំរុញការអនុវត្តការងារដាំដើមឈើឡើងវិញ នៅលើដីទំនេរ និងដីព្រៃលិចទឹក ព្រមទាំងចលនាដល់វិស័យឯកជន និងប្រជាពលរដ្ឋដាំដើមឈើនៅគ្រប់ទីកន្លែង។ សម្រាប់ឆ្នាំនេះ មន្ទីរកសិកម្ម បានបណ្ដុះកូនឈើចម្រុះ គ្រប់ប្រភេទចំនួន៥២,៧៣៦ដើម ក្នុងនោះមានឈើហូបផ្លែ និងដើមឈើរយៈពេលវែង សម្រាប់ធ្វើការចែកចាយជូនបងប្អូនប្រជាពលរដ្ឋព្រះសង្ឃ និងស្ថាប័នអង្គភាពផ្សេងៗទៀតយកទៅដាំតាមកន្លែងរៀងខ្លួន៕ម.ន




