រុស្ស៊ី ទទួលជោគជ័យក្នុងបេសកកម្មបាញ់បង្ហោះបញ្ជូនកែវយឺតអវកាសថ្មីមួយឡើង ទៅទីអវកាស
អត្ថបទដោយ៖
Kien Sereyvuth
រុស្ស៊ី៖ កែវយឺតអវកាសថ្មីមួយ មានឈ្មោះថា ស្ពេក អរជី (Spektr-RG) ត្រូវបានបាញ់បង្ហោះបញ្ជូនឡើងទៅកាន់ទីអវកាសដោយជោគជ័យ នៅក្នុងថ្ងៃសៅរ៍ សប្តាហ៍មុននេះ (ម៉ោងក្នុងតំបន់) នេះបើតាមទីភ្នាក់ងារអវកាសរុស្ស៊ី រ៉ូកូស្មូស។

ដោយបំពាក់នូវកែវឆ្លុះប្រភេទកាំរស្មីអ៊ិចពិសេសចំនួនពីរ កែវយឺតអវកាសដែលជាគម្រោងរួមគ្នារវាងទីភ្នាក់ងារអវកាសរុស្ស៊ី និងអាល្លឺម៉ង់នេះ មានគោលដៅចម្បងក្នុងការបង្កើតផែនទីនៃផ្ទៃមេឃ ដែលរួមមានកញ្ចុំកាឡាក់ស៊ីប្រមាណ១០ម៉ឺន និងក្រុមប្រហោងខ្មៅប្រហែល០៣លាន ក្នុងចំណោមវត្ថុជាច្រើនទៀត។

កែវយឺតអវកាសថ្មីនេះទៀតសោត ត្រូវបានគេបាញ់បង្ហោះចេញពីមូលដ្ឋាន បៃខូននូ ខូស្មូដ្រូម ដែលស្ថិតនៅប្រទេសកាហ្សាក់ស្ថាន តាមរយៈគ្រាប់រ៉ុក្កែតរុស្ស៊ី ប្រូតុន អឹម ក្រោយមានការពន្យារពេលចំនួនពីរលើកចាប់តាំងពីថ្ងៃទី២១ ខែមិថុនាមក៕ធ.ដ

