គ្រោះរញ្ជួយដីកម្រិត ២.៤រ៉ិចទ័រ វាយប្រហារជិតទីតាំងធ្វើតេស្តនុយក្លេអ៊ែរកូរ៉េខាងជើង
ព្យុងយ៉ាង៖ គ្រោះរញ្ជួយដីកម្រិត ២.៤រ៉ិចទ័រ បានវាយប្រហារនៅជិតទីតាំងធ្វើតេស្តនុយក្លេអ៊ែររបស់កូរ៉េខាងជើង ក្នុងថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។
ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ ដកស្រង់សម្តីរបស់រដ្ឋបាលឧតុនិយមកូរ៉េខាងត្បូងចេញផ្សាយថា គ្រោះរញ្ជួយដីកម្រិតស្រាល ២.៤រ៉ិចទ័រ បានវាយប្រហារនៅចម្ងាយ ៤១គីឡូម៉ែត្រ ភាគពាយព្យនៃទីក្រុងគីលជូ ដែលជាទីតាំងធ្វើតេស្តនុយក្លេអ៊ែររបស់កូរ៉េខាងជើង។
ការរញ្ជួយដីនេះ កើតឡើងនៅម៉ោង ៧យប់ថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ក្នុងជម្រៅ ២០គីឡូម៉ែត្រ។ កន្លងមក កូរ៉េខាងជើងបានធ្វើតេស្តនុយក្លេអ៊ែរចំនួន ៦លើក នៅឯទីតាំងសាកល្បងនុយក្លេអ៊ែរ Punggye-ri នៅចន្លោះឆ្នាំ២០០៦ និងឆ្នាំ ២០១៧។
ការធ្វើតេស្តនុយក្លេអ៊ែរឆ្នាំ ២០១៧ បានបង្កឱ្យមានគ្រោះរញ្ជួយដីកម្រិត ៦,៣រ៉ិចទ័រ ញាប់ញ័រទូទាំងតំបន់ជាប់ព្រំដែនប្រទេសចិន។ ហើយការធ្វើតេស្តនោះដែរ ជំរុញឱ្យមានការថ្កោលទោសជាសកល ដែលនាំឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អនុម័តជាឯកច្ឆ័ន្ទនូវទណ្ឌកម្មថ្មី ដែលរួមមានការរឹតបន្តឹងលើការដឹកជញ្ជូនប្រេងជាដើម។
បន្ទាប់ពីការធ្វើតេស្តឆ្នាំ ២០១៧ កូរ៉េខាងជើងបានអះអាងថា ខ្លួនបានបំផ្ទុះគ្រាប់បែកអ៊ីដ្រូសែន ផ្ទុកថាមពលដ៏ធំដែលមិនធ្លាប់មានពីមុនមក ហើយថា វាជា “ឱកាសដ៏សំខាន់” ក្នុងការសម្រេចបាននូវគោលដៅចុងក្រោយ ក្នុងការក្លាយជាមហាអំណាចថាមពលនុយក្លេអ៊ែរពេញលេញ។
របាយការណ៍ឆ្នាំ ២០២១ របស់ក្រុមហ៊ុនស្រាវជ្រាវ RAND Corporation បានព្យាករថា កូរ៉េខាងជើងអាចនឹងមានអាវុធនុយក្លេអ៊ែរជាង ២០០គ្រាប់ និងមីស៊ីលផ្លោងរាប់រយគ្រាប់នៅក្នុងឃ្លាំងស្តុកទុកនៅឆ្នាំ ២០២៧៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា



