ប្រមុខការទូតចិននឹងទៅអេហ្ស៊ីប និងទុយនីស៊ី ក្នុងសប្តាហ៍នេះ

ប៉េកាំង៖ ទីក្រុងប៉េកាំងក្នុងថ្ងៃព្រហស្បតិ៍សប្តាហ៍នេះនិយាយថា រដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសអេហ្ស៊ីប និងទុយនីស៊ី ក្នុងសប្តាហ៍នេះ ជាផ្នែកមួយនៃការបំពេញទស្សនកិច្ចនៅទ្វីបអាហ្រ្វិកចំនួន ៤ប្រទេស មុនពេលលោកបន្តដំណើរទៅកាន់ប្រេស៊ីល និងហ្សាម៉ាអ៊ីក។

ដំណើរទស្សនកិច្ចលើកដំបូងរបស់ប្រមុខការទូតចិន លោក វ៉ាង យី ក្នុងឆ្នាំថ្មីនេះ បានកើតឡើងនៅពេលដែលប្រទេសចិនផ្តោតកាន់តែខ្លាំងឡើងទៅលើទំនាក់ទំនងនៅសកលលោកខាងត្បូង ដោយស្វែងរកការពង្រឹងឥទ្ធិពលរបស់ខ្លួនក្នុងតំបន់ ដែលកន្លងមកត្រួតត្រាដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បានប្រាប់សន្និសីទកាសែតថា ទីក្រុងប៉េកាំងនឹងបន្តមិត្តភាពជាប្រពៃណីរវាងចិន និងអាហ្វ្រិក ព្រមទាំងការពង្រឹងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការចិន-អាហ្វ្រិក។ លោកស្រី Mao បន្តថា ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២២ ខែមករា លោក វ៉ាង នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រេស៊ីល និង ហ្សាម៉ាអ៊ីក។

លោកស្រី Mao បន្ថែមថា យើងនឹងយកឱកាសនេះ ដើម្បីពង្រឹងបន្ថែមទៀតនូវមូលដ្ឋានគ្រឹះនៃការជឿទុកចិត្តគ្នាខាងនយោបាយរវាងប្រទេសទាំងពីរ និងធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការមិត្តភាព ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ក្នុងវិស័យផ្សេងៗ។

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក វ៉ាង ទៅកាន់អេហ្ស៊ីប នឹងធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់ថូនី ប្លីងគែន ដែលគ្រោងនឹងជួបជាមួយប្រធានាធិបតីអេហ្ស៊ី Abdel Fattah al-Sisi នៅទីក្រុងគែរ សម្រាប់កិច្ចពិភាក្សាបន្ថែមទៀត ក្នុងគោលបំណងទប់ស្កាត់សង្គ្រាមរបស់អ៊ីស្រាអែលប្រឆាំងនឹងក្រុមហាម៉ាស។ យ៉ាងណាមិញ គេនៅពុំទាន់ដឹងព័ត៌មានលំអិត ថាតើរបៀបវារៈអ្វី ដែលលោក វ៉ាង បានគ្រោងទុក នៅពេលដែលលោកបំពេញទស្សនកិច្ចនៅក្នុងទីក្រុងគែរ ប្រទេសអេហ្ស៊ីបនោះទេ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner