អតីតប្រមុខអ៊ុនតាក់ បង្ហាញចំណាប់អារម្មណ៍ស្រឡាញ់ទេសភាពធម្មជាតិនៅក្នុងប្រទេសកម្ពុជា ដែលគួរមានការផ្សព្វផ្សាយឱ្យបានទូលំទូលាយបន្ថែមទៀតទៅកាន់ពិភពលោក

ភ្នំពេញ៖ អតីតប្រមុខអ៊ុនតាក់ បានបង្ហាញចំណាប់អារម្មណ៍ស្រឡាញ់ទេសភាពធម្មជាតិនៅក្នុងប្រទេសកម្ពុជា ដែលគួរមានការផ្សព្វផ្សាយឱ្យបានទូលំទូលាយបន្ថែមទៀតទៅកាន់ពិភពលោក ។ នេះជាការគូសបញ្ជាក់ឯកឧត្តម អាកាស៊ី យ៉ាស៊ូស៊ី អតីតប្រមុខអ៊ុនតាក់ (UNTAC) ដែលត្រូវបាន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអនុញ្ញាតឱ្យចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅសណ្ឋាគារ New Otani ក្នុងអំឡុងទស្សនកិច្ចនៅប្រទេសជប៉ុន ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ ។

ក្នុងជំនួបនេះ ឯកឧត្តម អាកាស៊ី មានក្តីរំភើបរីករាយយ៉ាងខ្លាំងដោយបានជួប សម្តេចតេជោ ជាថ្មីម្តងទៀត និងថ្លែងអំណរគុណ សម្តេចតេជោ ដែលបានផ្តល់ឱកាសឱ្យឯកឧត្តមបានជួបគួរសមក្នុងពេលដ៏មមាញឹករបស់សម្តេច។ ឯកឧត្តមបានមានប្រសាសន៍ថា រយៈពេលមួយឆ្នាំកន្លះនៅកម្ពុជា ពីឆ្នាំ១៩៩២ ដល់ឆ្នាំ១៩៩៣ ក្នុងនាមជាប្រមុខអ៊ុនតាក់ បានផ្តល់នូវអនុស្សាវរីយ៍ដ៏ល្អបំផុតក្នុងជីវិតរបស់ឯកឧត្តម ដែលមិនអាចបំភ្លេចបាន។ ឯកឧត្តមនៅចងចាំបាននូវកិច្ចសហការដ៏ល្អ និងភាពបត់បែនទន់ភ្លន់តែម៉ឺងម៉ាត់របស់ សម្ដេចតេជោ ដែលជាគន្លឹះក្នុងការសម្រេចបានលទ្ធផលល្អៗក្នុងកិច្ចប្រជុំទាំងឡាយរបស់អ៊ុនតាក់។ អ្វីៗនឹងមិនអាចទទួលបានជោគជ័យទេ ប្រសិនបើពុំមានការសហការរបស់សម្តេចតេជោ។

នាឱកាសនេះដែរ ឯកឧត្តម អាកាស៊ី បានវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងរយៈពេលកន្លងមកនេះ ទាំងក្នុងដំណើរការស្វែងរកសន្ដិភាព ទាំងការស្តារនិងកសាងប្រទេសឡើងវិញ ដែលធ្វើឱ្យកម្ពុជាទទួលបាននូវវឌ្ឍនភាព វិបុលភាព និងមានស្ថានភាពយ៉ាងល្អប្រសើរបើធៀបនឹងប្រទេសខ្លះនៅក្នុងតំបន់ទៅទៀត ដែលអ្នកពាក់ព័ន្ធទាំងឡាយគួរមានមោទនភាពនិងកោតសរសើរកម្ពុជា។

ឯកឧត្តមសូមគោរពកោតសរសើរចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ សម្ដេចតេជោ ក្នុងការរបៀបចំឱ្យមានការបន្ដវេន ដែលថ្នាក់ដឹកនាំថ្មីមានភាពជាអ្នកដឹកនាំម៉ឺងម៉ាត់និងឈ្លាសវៃ ព្រោះឯកឧត្តមបានស្គាល់ សម្ដេចធិបតី តាមរយៈជំនួបផ្ទាល់នាពេលកន្លងមក។

ក្រៅពីនេះ ឯកឧត្តមមានចំណាប់អារម្មណ៍ផ្ទាល់គឺ ស្រឡាញ់ទេសភាពធម្មជាតិនៅក្នុងប្រទេសកម្ពុជា ទាំងព្រៃឈើ ទាំងឆ្នេរសមុទ្រ និងបេតិកភណ្ឌវប្បធម៌ ជាពិសេសប្រាសាទអង្គរវត្ត និងសិល្បៈបុរាណខ្មែរ ដែលគួរមានការផ្សព្វផ្សាយឱ្យបានទូលំទូលាយបន្ថែមទៀតទៅកាន់ពិភពលោក។

ក្នុងជំនួបនេះដែរ សម្ដេចតេជោ ហ៊ុន សែន ក៏មានសេចក្ដីរីករាយដែលបានជួបជាមួយ ឯកឧត្តម អាកាស៊ី ជាថ្មីម្ដងទៀត និងបានអរគុណ ឯកឧត្តម ដែលបានរំលឹកដល់ពេលវេលាដែលកម្ពុជាធ្លាប់ស្ថិតក្នុងស្ថានភាពលំបាកនោះ។

សម្ដេចតេជោ បញ្ជាក់ថា ដោយសារការសហការរួមគ្នារវាងអ៊ុនតាក់ និងបណ្ដាប្រទេសពាក់ព័ន្ធនាពេលនោះ និងការខិតខំប្រឹងប្រែងផ្ទាល់របស់កម្ពុជា ទើបប្រទេសកម្ពុជាអាចមានស្ថានភាពដូចសព្វថ្ងៃ ប្រកបដោយសន្ដិភាពពេញលេញ និងការអភិវឌ្ឍយ៉ាងឆាប់រហ័ស។

សម្ដេចក៏បានគូសបញ្ជាក់ផងដែរថា អ្វីដែលជាការពិតនៅនឹងមុខនោះគឺ៖ កម្ពុជាបានប្រែក្លាយពីប្រទេសមានសង្រ្គាមមកសន្ដិភាព ពីតំបន់សមរភូមិប្រែជាតំបន់អភិវឌ្ឍន៍ ពីស្ថានភាពខ្វះទឹកស្អាតនិងអគ្គិសនីមកស្ថានភាពមានប្រើប្រាស់គ្រប់គ្រាន់ ពីទីក្រុងភ្នំពេញដែលមានផ្ទៃដីតែជាង៤០០ គ.ម. ក្រឡា ទៅដល់ជាង ៧០០ គ.មក្រឡា ហើយពីផលិតផលក្នុងស្រុកសម្រាប់ប្រជាជនម្នាក់ៗក្នុងមួយឆ្នាំតែ ១០០ ដុល្លារអាមេរិក នាពេលនោះមកជាង ២០០០ដុល្លារអាមេរិក នៅពេលបច្ចុប្បន្ន។

ឥស្សរជនទាំងពីររូប បានបង្ហាញអំពីសុទិដ្ឋិនិយមជាមួយការដឹកនាំរបស់អ្នកដឹកនាំជំនាន់ថ្មី ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិដល់កម្រិតថ្មីមួយទៀត ហើយមានជំនឿទុកចិត្តថាជាមួយគ្នានេះ ទំនាក់ទំនងទេ្វភាគីកម្ពុជា-ជប៉ុន នឹងកាន់តែរីកធំធាត់និងស៊ីជម្រៅថែមទៀតនៅពេលអនាគត ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner