ក្រុមហ៊ុន Airbus ទទួលការបញ្ជាទិញយន្តហោះរហូតដល់ ២,០៩៤គ្រឿង ក្នុងឆ្នាំ ២០២៣

ប៉ារីស៖ ក្រុមហ៊ុន Airbus នៅថ្ងៃព្រហស្បតិ៍និយាយថា ខ្លួនទទួលបានការបញ្ជាទិញយន្តហោះចំនួន ២,០៩៤គ្រឿងក្នុងឆ្នាំ ២០២៣ ជាកំណត់ត្រាមួយសម្រាប់ក្រុមហ៊ុនផលិតយន្តហោះអឺរ៉ុបនេះ ខណៈដែល Airbus ត្រៀមខ្លួនសម្រាប់កំណើនអ្នកដំណើរទូទាំងពិភពលោក និងផលិតយន្តហោះដែលសន្សំសំចៃប្រេងកាន់តែច្រើន។

ក្រុមហ៊ុន Airbus បញ្ជាក់ថា ទោះបីជាមានបញ្ហាខ្សែសង្វាក់ផ្គត់ផ្គង់ជាប់លាប់ក៏ដោយ ខ្លួននៅតែអាចទទួលការបញ្ជាទិញយន្តហោះចំនួន ២,០៩៤គ្រឿង និងចែកចាយយន្តហោះចំនួន ៧៣៥គ្រឿងដល់ដៃអតិថិជនក្នុងឆ្នាំ ២០២៣ ច្រើនជាងគោលដៅរបស់ខ្លួនចំនួន ៧២០គ្រឿង និងកើនលើសការចែកចាយយន្តហោះចំនួន ៦៦១គ្រឿងក្នុងឆ្នាំ ២០២២។

ប្រធានពាណិជ្ជកម្មរបស់ក្រុមហ៊ុន Airbus លោក Christian Scherer បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា បន្ទាប់ពីជំងឺរាតត្បាតកូវីដ១៩ យើងរំពឹងថា វិស័យអាកាសចរណ៍នឹងងើបឡើងវិញ ចាប់ពីចម្លោះឆ្នាំ ២០២៣-២០២៥។ ជាក់ស្តែងអ្វីដែលយើងបានឃើញនៅឆ្នាំ ២០២៣ នោះគឺសន្ទុះអ្នកដំណើរវិលត្រលប់មកវិញ លឿនជាងការរំពឹងទុក។

លោក Scherer បន្ថែមថា Airbus ទទួលបានកិច្ចសន្យាធំៗជាមួយក្រុមហ៊ុនអាកាសចរណ៍នានា រួមទាំងក្រុមហ៊ុនអាកាសចរតម្លៃទាប IndiGo របស់ប្រទេសឥណ្ឌា ដែលបានបញ្ជាទិញយន្តហោះ A320 ចំនួន ៥០០គ្រឿង។ នេះជាការបញ្ជាទិញក្នុងវិស័យអាកាសចរណ៍ស៊ីវិលដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រ ខណៈដែលក្រុមហ៊ុន Air India បញ្ជាទិញយន្តហោះចំនួន ២៥០គ្រឿង និងក្រុមហ៊ុនអាកាសចរណ៍តួកគីបញ្ជាទិញយន្តហោះចំនួន ២៣០គ្រឿង។

គួរបញ្ជាក់ថា ក្រុមហ៊ុន Airbus បានចាប់ផ្តើមអភិវឌ្ឍអ្នកស្នងតំណែងរបស់ត្រកូលយន្តហោះ A320 ដ៏ពេញនិយម នៅទសវត្សរ៍ឆ្នាំ ២០៣០ ហើយមានបំណងដាក់ឱ្យដំណើរការយន្តហោះដើរដោយថាមពលអ៊ីដ្រូសែន ដែលនឹងគ្មានការបញ្ចេញឧស្ម័នកាបូនិកនៅឆ្នាំ ២០៣៥៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner