ក្រសួងអប់រំ ប្រកាសដាក់ឱ្យអនុវត្តស្តង់ដាសាលាបឋមសិក្សាគំរូ នៃការអនុវត្ត យុទ្ធសាស្ត្រ កំណែទម្រង់វិស័យអប់រំ ឆ្នាំ២០២៤-២០២៨
(ភ្នំពេញ)៖ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡាបានប្រកាសឱ្យអនុវត្តិនូវស្តង់ដាសាលាបឋមសិក្សាគំរូ ក្នុងនេះមានចំនួន៥ស្តង់ដែលគេរំពឹងថានឹងជួយជំរុញនៃការចាប់ផ្តើមដ៏ប្រសើរបំផុត នៃការអនុវត្តយុទ្ធសាស្ត្រកំណែទម្រង់វិស័យអប់រំ ឆ្នាំ២០២៤-២០២៨ ក៏ដូចជាយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលកម្ពុជា។
ថ្លែងទៅកាន់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សក្នុង “ពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការសាលាបឋមសិក្សាគំរូ ការដាក់ឱ្យប្រើប្រាស់ឯកសារ ស្តីពីការអភិវឌ្ឍកុមារផ្សារភ្ជាប់នឹងការអប់រំបឋមសិក្សា និងសៀវភៅពន្លឿនការសិក្សាភាសាខ្មែរ ថ្នាក់ឆ្នាំទី១” នាក្នុងវិទ្យាស្ថានជាតិអប់រំក្នុងរាជធានីភ្នំពេញនាថ្ងៃទី ១២ ខែមករា នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុនបានឱ្យដឹងថា៖ការដាក់ឱ្យអនុវត្តស្តង់ដាសាលាបឋមសិក្សាគំរូ នាពេលនេះ ជាការចាប់ផ្តើមដ៏ប្រសើរបំផុត នៃការអនុវត្តយុទ្ធសាស្ត្រកំណែទម្រង់វិស័យអប់រំ ឆ្នាំ២០២៤-២០២៨ ក៏ដូចជាយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលរាជរដ្ឋាភិបាល កម្ពុជាបានចាត់ទុកវិស័យអប់រំជាវិស័យអាទិភាពទី១ ឆ្ពោះទៅអភិវឌ្ឍមូលធនមនុស្សឱ្យមាន សមត្ថភាព ចំណេះដឹង និងជំនាញខ្ពស់ ភាពច្នៃប្រឌិត ស្មារតីសហគ្រិនភាព នវានុវត្តន៍ និងក្រមសីលធម៌ស្អាតស្អំ ដើម្បីជំរុញកំណើន និងការងារ រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច- សង្គម ប្រកបដោយចីរភាព និងបរិយាបន្ន។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ដែរថានៅក្នុងកិច្ចប្រជុំដំបូងរបស់គណៈរដ្ឋមន្ត្រីនីតិកាលទី៧នៃរដ្ឋសភា នាថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញវិធានការគន្លឹះចំនួន ៤ ក្នុងគោលដៅពង្រឹងគុណភាព គ្រឹះស្ថានសិក្សារដ្ឋចាប់ពីថ្នាក់មត្តេយ្យសិក្សាដល់មធ្យមសិក្សា។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុនបានលើកឡើងដោយបញ្ជាក់ថា៖ក្រសួងបានយកចិត្តទុកដាក់លើគ្រូបង្រៀន ដោយចាត់ទុកថាគ្រូបង្រៀននៅកម្ពុជានឹងត្រូវ ទទួលបានការជឿទុកចិត្តនិងការទទួលស្គាល់ថាជា “អ្នកផលិតចំណេះដឹង អ្នកអនុវត្តពិតប្រាកដ នៅកម្រិតសាលារៀន និងជាដៃគូសម្រាប់កែលម្អគោលនយោបាយ”។ ដើម្បីសម្រេចបាននូវ គោលដៅនេះ ក្រសួងបាននិងកំពុងធ្វើកំណែទម្រង់គ្រឹះស្ថានបណ្តុះបណ្តាលគ្រូ ដោយផ្ដោត លើចំណុចសំខាន់ៗដូចតទៅ៖ (១)ការកែលម្អកម្មវិធីបណ្តុះបណ្តាលនិងវិក្រឹតការគ្រូ (២) ការ អភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈគ្រូឧទ្ទេសខាងផ្នែកខ្លឹមសារមេរៀន, គរុកោសល្យនិងវិធីសាស្ត្របង្រៀន ការបង្រៀន, សម្បូរបែបនិងការប្រើប្រាស់បច្ចេកវិទ្យាក្នុងការបង្រៀន, (៣)ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធស្រប តាមបច្ចេកវិទ្យាថ្មីៗ បណ្ណាល័យ និងសម្ភារឧបទេសទំនើបសម្បូរបែប, (៤)ការអភិវឌ្ឍភាពជា អ្នកដឹកនាំនិងគ្រប់គ្រង, (៥)ការផ្សារភ្ជាប់ទ្រឹស្ដីទៅនឹងការអនុវត្តកម្មវិធីសិក្សាគរុកោសល្យ, និង (៦)ការធានាគុណភាពនៃការបណ្តុះបណ្តាល។

ជាមួយគ្នានេះឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំបានឱ្យដឹងថា ក្រសួងបានកែលម្អកម្មវិធីសិក្សានិងវិធីសាស្ត្របង្រៀន ដោយបានអនុម័តនិងដាក់ឱ្យ ប្រើប្រាស់កម្មវិធីបណ្តុះបណ្តាលគ្រូបង្រៀនកម្រិតមូលដ្ឋាន (១២+២) តាមប្រព័ន្ធក្រេឌីត,ដាក់បញ្ចូលកញ្ចប់សម្ភារៈអំណានដំបូងនិងគណិតវិទ្យាថ្នាក់ដំបូង ទៅក្នុងកម្មវិធីបណ្តុះបណ្តាល គ្រូបង្រៀន កម្រិតបឋមសិក្សា, អនុម័តក្របខណ្ឌកម្មវិធីបណ្តុះបណ្តាលគ្រូបង្រៀនកម្រិតឧត្តម បរិញ្ញាបត្របូក២, និងអនុម័តសៀវភៅណែនាំស្ដីពីការបង្កើតសហគមន៍អ្នកសិក្សាវិជ្ជាជីវៈ នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ។ ជាមួយគ្នានេះ ក្រសួងបានអនុម័តក្របខណ្ឌគោល នយោបាយស្តីពីគន្លងអាជីពគ្រូបង្រៀន និងប្រព័ន្ធសម្រាប់ការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ ព្រមទាំង បានអនុម័តក្របខណ្ឌនិងផែនការសកម្មភាពស្តីពី ការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំសម្រាប់គ្រូបង្រៀន និងនាយកសាលា។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុនបានថ្លែងបញ្ជាក់ថា៖ក្នុងទិវាគ្រូបង្រៀន ៥ តុលា ២០២៣ កន្លងមកនេះ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «ស្ដង់ដាសាលារៀនគំរូ» និង «ពានរង្វាន់សាលារៀនគំរូ សម្រាប់សាលារៀនដែលសម្រេចបានស្តង់ដាសាលារៀនគំរូ ចាប់ពី ឆ្នាំសិក្សា ២០២៣-២០២៤តទៅ។ សាលារៀនគំរូមានគោលដៅអនុវត្ត កំណែទម្រង់វិស័យ អប់រំនៅកម្រិតសាលារៀន ដើម្បីលើកកម្ពស់គុណភាពអប់រំ និងធ្វើបរិវិត្តកម្មវិស័យអប់រំ៕


ដោយ៖ម៉ាដេប៉ូ