ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបាត់ដំបង ជំរុញឱ្យ ទាក់ទាញការវិនិយោគនិងទេសចរណ៍

បាត់ដំបង៖នៅក្នុងពិធីប្រកាសក្រុមការងាររាជរដ្ឋាភិបាល ចុះ មូលដ្ឋានខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និង ជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តបាត់ដំបង បានជំរុញដល់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានគ្រប់លំដាប់ថ្នាក់ឱ្យជួយកៀរគរវិនិយោគិននិងទាក់ទាញភ្ញៀវទេសចរមក កាន់ខេត្តបាត់ដំបងឱ្យបានច្រើនកុះករថែមទៀត។

ក្នុងនាមជាប្រធានក្រុមការងារផងនោះ ឯកឧត្តមក៏បានធ្វើការ ណែ នាំដល់ក្រុមការងារគ្រប់លំដាប់ថ្នាក់ត្រូវចុះសិក្សាស្វែង យល់ វាយតម្លៃនិងរកឱ្យឃើញពីសក្ដានុពលភាពទាក់ទាញ និងភាពល្បីល្បាញរបស់ខេត្ត ដែលជាអាទិភាពដើម្បីកំណត់ នូវគោលដៅ អភិវឌ្ឍន៍, ដើម្បីធ្វើការផ្សព្វផ្សាយនិងដើម្បីបង្កើន ការទាក់ទាញអ្នកវិនិយោគ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

ឯកឧត្តម កើត រិទ្ធ បានបញ្ជាក់បន្ថែមថា ក្នុងនាមជា សេនា ធិការរបស់រាជរដ្ឋាភិបាល នៅកម្រិតមូលដ្ឋានត្រូវផ្ដល់ការ គាំទ្រឱ្យបានពេញលេញនិងជួយជំរុញការអនុវត្តឱ្យបានសកម្មផុលផុសនូវកម្មវិធីនយោបាយគោលនយោបាយនិងកម្មវិធីកែទម្រង់នានារបស់រាជរដ្ឋាភិបាល ដើម្បីបម្រើផលប្រយោជន៍ និងសេចក្ដីត្រូវការរបស់ប្រជាជន នៅថ្នាក់មូលដ្ឋាននីមួយៗ និងត្រូវបំផុស ចលនា ឱ្យមានការគាំទ្រ និងការចូលរួមពីប្រជា ពលរដ្ឋពីគ្រប់មជ្ឈដ្ឋានក្នុងការ ចូលរួមអភិវឌ្ឍន៍ប្រទេស ជាតិ លើគ្រប់វិស័យ។

សូមជម្រាបថា ខេត្តបាត់ដំបង គឺជាខេត្តដែលមានសក្ដានុពល ទាំងលើវិស័យទេសចរណ៍ កសិកម្ម និង មានវិសាលភាពទឹក ដីដ៏ធំទូលាយ។ ជាខេត្តដែលត្រូវបានចាត់ទុកជាប៉ូលសេដ្ឋកិច្ច ដ៏ធំលំដាប់ទី៤ របស់កម្ពុជាផងដែរ៕


អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប

ads banner