វាយសីពានរង្វាន់៧មករានៅខេត្តមណ្ឌលគីរីដំណើរការប្រកួតផ្លូវការស្អែកនេះ
(មណ្ឌលគីរី)៖ ការប្រកួតវាយសី៧ពានរង្វាន់៧មករា លើកទី២៣ ២០២៤ ដែលខេត្តមណ្ឌលគីរីទទួលធ្វើជាម្ចាស់ផ្ទះ ដើម្បីអបអរសាទរខួបអនុស្សារីយ៍ ទិវាជ័យនះ៧មករា លើកទី៤៥ នឹងដំណើរការប្រកួតផ្លូវការ នៅថ្ងៃទី១៣ ខែ មករា ស្អែកនេះ។
ថ្លែងក្នុងពិធីចាប់ឆ្នោតចែកពូលប្រកួត នារសៀលថ្ងៃទី១២ ខែ មករានេះ ឯកឧត្តម ឧត្តមសេនីយ៍ទោ ជា សុមភា អគ្គលេខាធិការសហព័ន្ធកីឡាវាយសីកម្ពុជា មានប្រសាសន៍ថា ការប្រកួតនឹងដំណើររយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៤ មករា ឆ្នាំ២០២៤។
លោកថា ការប្រកួតកីឡាវាយសីពានរង្វាន់៧មករា គឺ ធ្វើការប្រកួតលើ៧វិញ្ញសា មានដូចជា៖ វិញ្ញសាប្រកួតវាយគូបុរសអាយុក្រោម១៨ឆ្នាំ .វាយគូបុរស១៩ឆ្នាំឡើង .វាយគូបុរសអាយុ៤០ទៅ៥០ឆ្នាំ .វាយគូបុរសអាយុ៥០ឆ្នាំឡើង. វាយគូពិសេសអាយុ៣៥ឆ្នាំឡើង និង៥០ឆ្នាំឡើង .វាយគូបុរសអាយុ១៨ឆ្នាំ .វាយគូនារីមិនគិតអាយុ និងវិញ្ញាសាប្រកួតវាយគូចម្រុះ។
ការប្រកួតនេះ សហព័ន្ធកីឡាវាយសីកម្ពុជាបានរៀបចំឡើងជារៀងរាល់ឆ្នាំ ដើម្បីចូលរួមអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ នៃទិវាជ័យជម្នះ ៧ មករា ១៩៧៩ ដែលជាថ្ងៃរំដោះនិងសង្រ្គោះ ប្រទេសជាតិបានរួច ផុតពីរបបប្រល័យ ពូជសាសន៍ប៉ុល និងបានផ្តល់កំណើតទី២ ជូនពលរដ្ឋខ្មែរ និងជាដើមកំណើត នៃសន្តិភាពពិតប្រាកដសម្រាប់កម្ពុជាទាំងមូល។ជាមួយគ្នានេះ ការប្រកួតពានរង្វាន់ ៧មករានេះ ក៏ជាផ្នែកមួយក្នុងការជំរុញផ្សព្វផ្សាយដល់យុវជនជំនាន់ក្រោយឲ្យ បាន ដឹងនិងយល់អំពីអត្ថន័យនៃថ្ងៃជ័យជំនះដែលខ្មែរគ្រប់រូបត្រូវតែចងចាំ។
ឧត្តម សេនីយ៍ទោ ខាងលើ បានគូសបញ្ជាក់ទៀតថា មូលហេតុដែលសហព័ន្ធ តែង តែ រៀបចំការប្រកួតប្តូរវេនពីខេត្តមួយទៅខេត្តមួយទៀតក្នុងមួយឆ្នាំៗនោះ ព្រោះ សហ ព័ន្ធចង់បំផុសឲ្យវិស័យវាយសីនៅតាមបណ្តាខេត្ត មានសកម្មភាព ផុសផុលនិងក្លាយ ជា កីឡាប្រជាប្រិយភាពទាក់ទាញបានយុវជនចូលរួមលេងច្រើន៕
រូបភាព ជីម ភារ៉ា អត្ថបទៈជាវ ចន្ធូ






