កម្ពុជា ចាប់ផ្តើមនាំអង្ករចេញទៅទីផ្សារអេមីរ៉ាតអារ៉ាប់រួមលើកទី១ ចំនួន ៥០០តោន នៃចំនួន ៦០០០០តោន ស្មើនឹងទឹកប្រាក់ ៥៤លានដុល្លារ

(ភ្នំពេញ)៖ កម្ពុជាទទួលបាននាំចេញអង្ករទៅកាន់ ទីផ្សារប្រទេសអេមីរ៉ាតអារ៉ាប់រួម ដោយក្រុមហ៊ុន វ័នរ៉ូដ គ្រុប ដែលបានទទួលជោគជ័យក្នុងការបញ្ជាទិញ និងនាំ ចេញអង្ករកម្ពុជាទៅកាន់ទីផ្សារប្រទេសអេមីរ៉ាតអារ៉ាប់រួម និងការដឹកជញ្ជូនលើកទី១ ចំនួន ៥០០ តោន ដោយការបញ្ជាទិញក្នុងកម្រិតចំនួន ៦០០០០តោន ស្មើនឹង ៥៤ លានដុល្លារអាម៉េរិក។

លោកជំទាវរដ្ឋមន្ត្រី ចម និម្មល បានសម្ដែងនូវការអបអរសាទរ និងវាយតម្លៃខ្ពស់ ចំពោះជ័យនៃការចំពោះជោគជ័យនេះ ។ លោកជំទាវរដ្ឋមន្ត្រីបន្តថា ការនាំ ចេញ អង្ករនាពេលនេះ មិនត្រឹមតែជាការធ្វើពាណិជ្ជកម្មប៉ុណ្ណោះទេ ថែមទាំងជាការ ជំរុញ កិច្ចសហប្រតិបត្តិការមិត្តភាពដ៏ល្អរវាងប្រទេសកម្ពុជា ប្រទេសអេមីរ៉ាតអារ៉ាប់រួម និងប្រទេសចិន ដែលមានក្រុមហ៊ុន វ័នរ៉ូដ គ្រុប ជាតំណាងផងដែរ។ លើសពីនេះ ការនាំចេញនេះនឹងបើកទីផ្សារថ្មីសម្រាប់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និង វិនិយោគ ក្នុងចំណោមប្រទេសទាំង៣នេះ ហើយនឹងផ្តល់ឱកាសថ្មីៗ ក្នុងការពង្រឹង កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ វប្បធម៌ និងវិស័យផ្សេងៗ ជាច្រើនបន្ថែមទៀត ។

ការលើកឡើងនេះធ្វើឡើង កាលពីព្តឹកទី១២ ខែមករា ឆ្នាំ២០២៤ នៅការិយាល័យ កណ្ដាលក្រុមហ៊ុន វ័នរ៉ូដ គ្រុប ក្នុងឱកស លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួង ពាណិជ្ជកម្ម បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរការនាំចេញអង្ករកម្ពុជា ទៅកាន់ទីផ្សារប្រទេសអេមីរ៉ាតអារ៉ាប់រួម ដែលមានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវអនុរដ្ឋលេខាធិការ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល ឯកឧត្តមអគ្គនាយក នៃក្រសួងពាណិជ្ជកម្ម លោកអគ្គនាយកក្រុមហ៊ុន វ័នរ៉ូដ គ្រុប លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ជាច្រើនរូប ។

លោកជំទាវរដ្ឋមន្ត្រី បន្ថែមថា ក្រសួងពាណិជ្ជកម្ម ក្នុងនាមជាសេនាធិការរបស់ រាជរដ្ឋា ភិបាល បានបន្តខិតខំយ៉ាងសកម្មក្នុងការបន្តជំរុញ និងគាំទ្រយ៉ាងពេញ ទំហឹងដល់ការនាំចេញកសិផលក្នុងស្រុក បង្កើតឱកាសការងារកាន់តែច្រើន សម្រាប់ កសិករ និងអ្នកផលិតរបស់យើង ព្រមទាំងលើកកម្ពស់ការប្រកួត ប្រជែងជាលក្ខណៈ អន្តរជាតិនូវកសិផលរបស់កម្ពុជា ជាពិសេសសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះដៃគូ អន្តរជាតិនានា ដែលមកធ្វើធុរកិច្ច និងវិនិយោគនៅកម្ពុជា ក្នុងគោលបំណងទទួល បាន ផលប្រយោជន៍រួម និងវិបុលភាពទៅវិញទៅមក។ លើសពីនេះ ក្រសួងពាណិជ្ជ កម្ម នឹងចូលរួមរៀបចំវេទិកាផ្គូផ្គងអាជីវកម្ម ដែលនឹងរៀបចំឡើង នៅចុងខែកុម្ភៈឆ្នាំ ២០២៤ នៅទីក្រុងអាប៊ូដាប៊ី ដើម្បីជំរុញ និងបង្កើតឱកាសក្នុងការរកទីផ្សារថ្មី បន្ថែម ទៀតរបស់អង្ករ កម្ពុជា ។

លោកជំទាវរដ្ឋមន្ត្រី បានបង្ហាញជំនឿចិត្តយ៉ាងមុតមាំថានឹងមានការបញ្ជាទិញ និងនាំ ចេញកាន់តែច្រើនបន្ថែមទៀត និងបានស្នើឱ្យក្រសួង-ស្ថាប័ន និងដៃគូពាក់ព័ន្ធ បន្ត ពួត ដៃគ្នាក្នុងការជំរុញ និងអភិវឌ្ឍវិស័យអង្ករ ព្រមទាំងកេរ្តិ៍ឈ្មោះអង្ករកម្ពុជា លើឆាក អន្តរជាតិ ផងដែរ ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner