ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ រាជរដ្ឋាភិបាល ប្រើប្រាស់កម្លាំងសរុប ពន្លឿនការងារចុះបញ្ជីដីធ្លីឱ្យមានប្រសិទ្ធភាព សំដៅផ្តល់ជូនប្រជាពលរដ្ឋនូវ សុវត្ថិ ភាព ក្នុង ការកាន់កាប់ដីធ្លីស្របច្បាប់

(កំពង់ស្ពឺ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គូសបញ្ជាក់ថា រាជរដ្ឋាភិបាលបាននឹងកំពុងប្រើប្រាស់ កម្លាំងសរុប ពន្លឿនការងារចុះបញ្ជីដីធ្លីឱ្យមានប្រសិទ្ធភាព សំដៅផ្តល់ជូនប្រជាពល រដ្ឋ នូវ សុវត្ថិភាពក្នុងការកាន់កាប់ដីធ្លីស្របច្បាប់ ។

ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ស្នើកម្លាំងភូមិបាលខេត្ត កម្លាំងមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និង សុរិយោដីរាជធានីភ្នំពេញ កម្លាំង អ្នកស្ម័គ្រចិត្ត និងសមាជិក ស.ស.យ.ក ចូលរួមប្រើប្រាស់កម្លាំងសរុប ពន្លឿន ការងារចុះបញ្ជីដីធ្លីក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ឱ្យមានប្រសិទ្ធភាព និងទទួលបាន ជោ គជ័យ តាមការគ្រោងទុក សំដៅផ្តល់ផលប្រយោជន៍ជូនប្រជាពលរដ្ឋ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានថ្លែងក្នុងឱកាសប្រគល់វិញ្ញាបន បត្រ សម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋចំនួន ៣ភូមិ ក្នុងភូមិសាស្ត្រ ខេត្តកំពង់ស្ពឺ នារសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ថ្លែងអំណរគុណដល់ក្រុមការងារទាំងអស់ ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តមិនខ្លាចនឿយហត់ក្នុងការជំរុញការងារចេញបណ្ណសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋឱ្យបានចេញជាផ្លែផ្កានាពេលនេះ ដែលនេះគឺជាកិត្យានុភាពដ៏ធំរបស់ក្រុមការងារទាំងអស់ និងជាកិត្តិនាមរបស់ក្រសួង។

ឆ្នាំ២០២៤ នេះគឺជាខួបទី៤០ នៃការចេញបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ ហើយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ សង្ឃឹមថាការចេញបណ្ណកម្មសិទ្ធិនេះ នឹងផ្ដល់ សុវត្ថិភាព តាមផ្លូវច្បាប់ជូនប្រជាពលរដ្ឋលើទ្រព្យដែលខ្លួនមាន ហើយទ្រព្យនេះ ត្រូវបានធានាដោយច្បាប់ និងធ្វើឱ្យទ្រព្យនេះកាន់តែមានតម្លៃខ្ពស់ជាងមុនសម្រាប់ប្រជាពលរដ្ឋយកទៅប្រើប្រាស់ ដើម្បីបង្កើនជីវភាពរបស់ខ្លួនឱ្យកាន់តែប្រសើរឡើង។

មកទល់ពេលនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រគល់បណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋបានប្រមាណ ៥លានបណ្ណរួចរាល់ហើយ ហើយយើងនៅមានប្រមាណ ២លានបណ្ណ ដែលកំពុងតែត្រូវបានចែកជូនប្រជាពលរដ្ឋជារៀងរាល់ថ្ងៃ ។ នៅទូទាំងប្រទេសនៅសល់ប្រមាណជា ៥លានក្បាលដីទៀតដែលត្រូវវាស់វែង ក្នុងនោះនៅខេត្តកំពង់ស្ពឺនៅសល់ប្រមាណជា ៤០ម៉ឺនក្បាលដីទៀតដែលត្រូវវាស់វែង ហើយនាពេលអនាគត ក្រសួងនឹងរៀបចំសេវាឱ្យបានល្អតាមរយៈការប្រើប្រាស់តាមទូរសព្ទ ដើម្បីសម្រួលដល់ប្រជាពលរដ្ឋអាចយកបណ្ណកម្មសិទ្ធិនេះទៅប្រើប្រាស់បានកាន់តែងាយស្រួល ។

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដែលក្នុងនោះរួមបញ្ចូល ការធ្វើកំណែទម្រង់ដីធ្លី និងនគរូបនីយកម្មឱ្យកាន់តែស៊ីជម្រៅ ជាមួយនឹងការបង្កើតឱ្យមាននូវគោលនយោបាយដីធ្លី ៣ ចំណុចរួមមាន ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ការដោះស្រាយវិវាទដីធ្លីក្រៅប្រព័ន្ធតុលាការ និងការផ្ដល់សេវារដ្ឋបាលដីធ្លីជូនប្រជាពលរដ្ឋប្រកបដោយតម្លាភាព និងប្រសិទ្ធភាពខ្ពស់ សំដៅលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

ការងារចុះបញ្ជីដីធ្លី ដើម្បីបន្តផ្តល់បណ្ណកម្មសិទ្ធិដល់ប្រជាជនឱ្យបានលឿន ដើម្បីជាមូលដ្ឋានប្រភពសេដ្ឋកិច្ច និងសុវត្ថិភាពនៃការកាន់កាប់ដីធ្លី ជាអាទិភាពទី៥ នៃទិសដៅអាទិភាពគោលនយោបាយ ១៥ ចំណុច ដែលក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដាក់ចេញ ផ្អែកទៅលើអាទិភាពនៃយុទ្ធសាស្រ្តបញ្ចកោណ ក្នុងបញ្ចកោណទី៤ មុំទី៤៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner