ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញប្រកាសតែងតាំងប្រធានកិត្តិយស អនុប្រធានកត្តិយស និងកែសម្រួលសមាសភាពក្រុមការងារយេនឌ័រ ក្រសួងមហាផ្ទៃ

(ភ្នំពេញ)៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា នាថ្ងៃទី១២ ខែមមករា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីនៃពិធីប្រកាសតែងតាំងប្រធានកិត្តិយស អនុប្រធានកត្តិយស និងការកែសម្រួលសមាសភាពក្រុមការងារយេនឌ័រ ក្រសួងមហាផ្ទៃ និងស្តាប់ សេចក្តី រាយការ ណ៍ អំពីវឌ្ឍនភាព ការងារ បញ្ហាប្រឈម និងទិសដៅបន្តរបស់ក្រុមការងារយេនឌ័រ ។

លោកជំទាវ អ៊ុង សុភាវី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារយេនឌ័រ ក្រសួងមហាផ្ទៃ បានធ្វើសេចក្តីរាយការណ៍ អំពីវឌ្ឍនភាពការងារបញ្ហាប្រឈម និងទិសដៅបន្តរបស់ក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃ និងបន្តដោយការប្រកាសតែងតាំងលោកជំទាវ កែ សួនសុភី ជាប្រធានកិត្តិយសក្រុមការងារយេនឌ័រ ក្រសួងមហាផ្ទៃ ព្រមទាំងតែងតាំង និងកែសម្រួលសមាសភាពថ្នាក់ដឹកនាំ និងសមាជិកក្រុមកាងារយេនឌ័រក្រសួងមហាផ្ទៃមួយចំនួនទៀត ។

លោកជំទាវ កែ សួនសុភី ស សុខា បានថ្លែងអំណរគុណឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និង ថ្នាក់ដឹកនាំទាំងអស់ដែលបានផ្តល់សេចក្តីទុកចិត្ត និងផ្តល់កិត្តិយសតែងតាំងលោកជំទាវ ជាប្រធានកិត្តិយសក្រុមការងារយេនឌ័ររបស់ក្រសួងមហាផ្ទៃ។ លោកទាវក៏បានប្រកាសប្ដេជ្ញាចិត្ត ខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីបំពេញតួនាទីភារកិច្ច ដែល ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃបានប្រគល់ជូនប្រកបដោយគណនេយ្យភាព ជាមួយនឹងការដាក់ចេញផែនការគន្លឹះមួយចំនួនទៀត។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានចូលរួមអបអរសាទរប្រកបដោយជំនឿចិត្តខ្ពស់ចំពោះលោកជំទាវប្រធានកិត្តិយស អនុប្រធានកិត្តិយស ព្រមទាំងសមាជិកក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃ ថានឹងបន្តធ្វើឱ្យការងារយេនឌ័រក្រសួងមហាផ្ទៃសម្រេចបានសមិទ្ធផលល្អប្រសើរបន្ថែមទៀត បន្តពីអាណត្តិនៃការដឹកនាំរបស់សម្ដេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានចាត់ទុកពិធីប្រកាសនាពេលនេះ ជាការស្វែងយល់អំពីគ្នា បំពេញការងាររួមគ្នា និងបន្តខិតខំប្រឹងប្រែងទាំងអស់គ្នា រួមគិត រួមធ្វើ រួមទទួលខុសត្រូវ ដើម្បីបន្តនិរន្ត រភាពការងារពីថ្នាក់ដឹកនាំជំនាន់មុន ព្រមទាំងខិតខំរិះរកមធ្យោបាយថ្មី វិធីសាស្ត្រថ្មី ការធ្វើឌីជីថលូបនីយកម្មការងារ ដើម្បីសម្រេចឱ្យបានស្នាដៃថ្មីៗ និងសមិទ្ធផលថ្មីៗបន្ថែមទៀត ស្របតាមកម្មវិធីនយោបាយ ក៏ដូចជាយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។ ប្រមុខក្រសួងមហាផ្ទៃ ក៏បានបង្ហាញការកត់សម្គាល់និងបញ្ជាក់ពីការផ្តល់អាទិភាពខ្ពស់ដល់ការអនុវត្តការងារឆ្លើយតបទៅនឹងគោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សមភាពយេនឌ័រ ដែលមានទស្សនៈវែងឆ្ងាយ អនុញ្ញាតឱ្យស្ត្រីទទួលបានសិទ្ធិមានជម្រើសក្នុងការដឹកនាំជីវិតរបស់ខ្លួន និងមានកាលានុវត្តភាព ចូលរួមប្រកបដោយសក្តានុពល ក្នុងកិច្ចអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចជាតិ។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានផ្តល់ជាអនុសាសន៍គន្លឹះមួយចំនួន ក្នុងនោះ ឯកឧត្តមបានស្នើលោកជំទាវប្រធានកិត្តិយស អនុប្រធានកិត្តិយស ប្រធានក្រុមការងារយេនឌ័រ និងថ្នាក់ដឹកនាំក្រុមការងារយេនឌ័រ ដែលទើបប្រកាសតែងតាំងនៅថ្ងៃនេះ ប្រជុំពិភាក្សាគ្នា ដើម្បីរកដំណោះស្រាយបញ្ហាប្រឈមនានា ដោយក្នុងករណីមិនអាចរកដំណោះស្រាយបាន សូមរាយការណ៍មកថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ដើម្បីរួមគ្នាដោះស្រាយឱ្យបានទាន់វេលា និងប្រកបដោយប្រសិទ្ធភាព៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner