សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បំពេញទស្សនកិច្ចផ្លូវការនៅសាបារាំង និងចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥៤ នៃវេទិកាសេដ្ឋកិច្ចពិភពលោក នៅប្រទេសស្វីស
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋបារាំង និងចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥៤ នៃវេទិកាសេដ្ឋកិច្ចពិភពលោក នៅប្រទេសស្វីស ចាប់ពីថ្ងៃទី១៣ ដល់ទី១៩ ខែមករា ឆ្នាំ២០២៤។
ឯកឧត្តម មាស សុភ័ណ្ឌ អ្នកនាំពាក្យសម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា តបតាមការអញ្ជើញរបស់ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង និងតបតាមការអញ្ជើញរបស់លោកសាស្ត្រាចារ្យ ក្លោស ឆ្វាប់ ស្ថាបនិក និងជាប្រធានប្រតិបត្តិវេទិកាសេដ្ឋកិច្ចពិភពលោក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋបារាំង និងអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ២០២៤ នៃវេទិកាសេដ្ឋកិច្ចពិភពលោក នៅសហព័ន្ធស្វីស ចាប់ពីថ្ងៃទី១៣-១៩ ខែមករា ឆ្នាំ២០២៤។
ឯកឧត្តម មាស សុភ័ណ្ឌ បានបន្តថា នៅក្នុងដំណើរចូលរួមកម្មវិធីនេះ គណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាដែលអញ្ជើញអមដំណើរសម្តេចធិបតី ហ៊ុន ម៉ាណែត រួមមានៈ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រដ្ឋមន្ត្រីមួយចំនួន និងមន្ត្រីសំខាន់ៗនៃរាជរដ្ឋាភិបាល ព្រមទាំងថ្នាក់ដឹកនាំវិស័យឯកជននៃសភាពាណិជ្ជកម្មកម្ពុជា។
ឯកឧត្តមបានបន្តទៀតថា នៅក្នុងឱកាសឆ្លងកាត់ទីក្រុងប៉ារីស សាធារណរដ្ឋបារាំង មុននឹងបន្តដំណើរអញ្ជើញទៅចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិកាសេដ្ឋកិច្ចពិភពលោក សម្តេចធិបតីនឹងអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនសហគមន៍ខ្មែរដែលកំពុងរស់នៅសហភាពអឺរ៉ុប ក៏ដូចជាអញ្ជើញជាអធិបតីនៅក្នុងវេទុកាធុរកិច្ចអឺរ៉ុប-កម្ពុជា ដែលរៀបចំឡើងដោយសមាគមធុរកិច្ចបារាំងមេតដេស និងសភាពាណិជ្ជកម្មកម្ពុជាផងដែរ។ ក្រៅពីនោះសម្តេចធិបតី ក៏នឹងមានជំនួបជាមួយលោកស្រីអគ្គលេខាធិការ នៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ព្រមទាំងអនុញ្ញាតឲ្យបណ្តាក្រុមហ៊ុនឯកជនធំៗ មួយចំនួនចូលជួបសម្តែងការគួរសម និងពិភាក្សាការងារផងដែរ។
អ្នកនាំពាក្យបានបន្តទៀតថា តបតាមការអញ្ជើញរបស់លោកសាស្ត្រាចារ្យ ក្លោស ឆ្វាប់ ស្ថាបនិក និងជាប្រធានប្រតិបត្តិវេទិកាសេដ្ឋកិច្ចពិភពលោក សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបន្តដំណើរអញ្ជើញចូលរួមកិច្ចប្រជុំកំពូលប្រចាំឆ្នាំ២០២៤ នៃវេទិកាសេដ្ឋកិច្ចពិភពលោក នៅសហព័ន្ធស្វីស ដែលនឹងប្រព្រឹត្តពីថ្ងៃទី១៦-១៧ ខែមករា ឆ្នាំ២០២៤ បន្តទៀត។
បន្ទាប់ពីបញ្ចប់បេសកកម្មនៅសហព័ន្ធស្វីស និងតបតាមការអញ្ជើញរបស់ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីនៃសាធារណ រដ្ឋបារាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការលើកទី១ នៅសាធារណរដ្ឋបារាំង នៅថ្ងៃទី១៨-១៩ ខែមករា ឆ្នាំ២០២៤ ក្នុងគោលបំណងដើម្បីពង្រឹងនូវការជឿជាក់នឹងគ្រឹះនៃទំនាក់ទំនងទ្វេភាគីឲ្យកាន់តែស្អិតរមួតរវាងកម្ពុជា-បារាំង ជាពិសេសទៅលើវិស័យសេដ្ឋកិច្ច ការអភិវឌ្ឍន៍ ការពារជាតិ វប្បធម៌ និងហ្វ្រង់កូហ្វូនី ឲ្យកាន់តែរីកចម្រើននិងផ្តល់ផលប្រយោជន៍ទៅវិញទៅមក ហើយក៏នឹងជំរុញនូវកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ នៅក្នុងរួមគ្នាដោះស្រាយបញ្ហាសកល និងការពិនិត្យទៅលើមធ្យោបាយរួមនានានៅក្នុងការពង្រឹងសណ្តាប់ធ្នាប់ពិភពលោកឡើងវិញដោយផ្អែកទៅលើច្បាប់ និងធានាដល់អធិបតេយ្យ និងឯករាជ្យពេញលេញរបស់បណ្តារដ្ឋផងដែរ។
ក្នុងអំឡុងពេលស្នាក់នៅប្រទេសបារាំង សម្តេចធិបតី នឹងត្រូវទទួលស្វាគមន៍ និងមានកិច្ចសន្ទនាផ្លូវការជាមួយឯកឧត្តម ប្រធានាធិបតី ម៉ាក្រុង នៅវិមានអេលីហ្សេ។ សម្តេចធិបតី នឹងចូលជួបសម្តែងការគួរសម ជាមួយឯកឧត្ដម Gérard LARCHER ប្រធានព្រឹទ្ធសភា និងលោកជំទាវ Yaël Braun-Pivet ប្រធានរដ្ឋសភា នៃសាធារណរដ្ឋបារាំង។ ទន្ទឹមនឹងនេះ សម្តេចធិបតី ក៏នឹងអនុញ្ញាតជូនលោកជំទាវ Louise MUSHIKIWABO អគ្គលេខាធិការនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី និងលោក Geoffroy ROUX DE BEZIEUX ប្រធានសម្ព័ន្ធនិយោជកហ្វ្រង់កូហ្វូន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារផងដែរ៕
ដោយ៖ពលជ័យ
រូបភាព៖ឆាណែលតេឡេក្រាមសម្តេចធិបតី ហ៊ុន ម៉ាណែត



