គណៈប្រតិភូជាន់ខ្ពស់បក្សកុម្មុយនីស្តចិន អញ្ជើញមកដល់ខេត្តសៀមរាប ដើម្បីចូលរួមអបអរសាទរពិធីបើកឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ២០២៤
(សៀមរាប)៖ គណៈប្រតិភូជាន់ខ្ពស់បក្សកុម្មុយនីស្តចិន ដឹកនាំដោយ ឯកឧត្តម លី ស៊ូឡី នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដើម្បីបំពេញទស្សនកិច្ចនៅខេត្តសៀមរាប ចាប់ពីថ្ងៃទី១៣-១៤ ខែមករា ឆ្នាំ២០២៤ និងចូលរួមអបអរសាទរ ក្នុងពិធីបើកឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤ ។

អញ្ជើញទទួលស្វាគមន៍គណៈប្រតិភូចិនដោយឯកឧត្តម សួស យ៉ារ៉ា សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានទី១ គណៈទាក់ទងបរទេស និងជាប្រធានគណៈកម្មការទី៥ នៃរដ្ឋសភា, ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តសៀមរាប, ឯកឧត្តម កែម សម្បត្តិ សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានគណៈទាក់ទងបរទេស, ឯកឧត្តម ឆែ សុខទី សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានគណៈទាក់ទងបរទេស, អភិបាលរងខេត្ត ថ្នាក់ដឹកនាំនាយកដ្ឋានពាក់ព័ន្ធគណៈទាក់ទងបរទេសមួយចំនួន និងថ្នាក់ដឹកនាំមន្ត្រីជុំវិញខេត្តសៀមរាបមួយចំនួនទៀត ។

បើតាមលិខិតគោរពជូនឯកឧត្តមប្រធានគណៈកម្មាធិការគណបក្សក្រសួងព័ត៌មាន បានឱ្យដឹងថា ដោយយោងតាមចំណារដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោប្រធានគណបក្ស ចុះថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤, ខុទ្ធកាល័យនៃគណៈកម្មាធិការកណ្តាល សូមជម្រាបថា គណៈប្រតិភូជាន់ខ្ពស់បក្សកុម្មុយនីស្តចិន ដឹកនាំដោយ ឯកឧត្តម លី ស៊ូឡី សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្ត្រីក្រសួងឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅខេត្តសៀមរាប ចាប់ពីថ្ងៃទី១៣-១៤ ខែមករា ឆ្នាំ២០២៤។

ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ គណៈប្រតិភូនឹងជួបសម្តែងការគួរសមជាមួយសម្តេចពិជ័យ សេនា ទៀ បាញ់ ចូលរួមកម្មវិធីបើកឆ្នាំផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ២០២៤, ចូលរួមជាអធិបតីភាពក្នុងពិធីចុះអនុស្សារណៈនៃការយោគយល់គ្នា, ចូលរួមសិក្ខាសាលាទ្រឹស្តី, ទស្សនារមនីយដ្ឋានអង្គរ និងកម្មវិធីផ្សេងៗមួយចំនួនទៀត ។

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន បានកំណត់យកឆ្នាំ២០២៤ ជាឆ្នាំ នៃការផ្លាស់ប្ដូរប្រជាជន និងប្រជាជន កម្ពុជា-ចិន។ ពិធីបើកជាផ្លូវការឆ្នាំ នៃការផ្លាស់ប្ដូរប្រជាជននិងប្រជាជន កម្ពុជា-ចិន នឹងប្រារព្ធឡើងនាល្ងាចថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ នៅព្រះលានជល់ដំរី ខេត្តសៀមរាប ។

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍ បានឱ្យដឹងថា ពិធីបើក “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤ ប្រព្រឹត្តទៅនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ នៅបរិវេណព្រះលានជល់ដំរី ខេត្តសៀមរាប ក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង ឯកឧត្តម លី ស៊ូឡី សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ដោយនឹងមានការសម្តែងទស្សនីយភាពសិល្បៈរួមគ្នា ការបញ្ចាំងវីដេអូមិត្តភាពកម្ពុជា-ចិន រួមជាមួយ ការទូងស្គរប្រកាសបើកជាផ្លូវការ “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤” ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ អ្នកសារព័ត៌មានជាតិ-អន្តរជាតិ ក្រុមសិល្បៈ តារាល្បីៗ វិនិយោគិន ភ្ញៀវទេសចរ កម្ពុជា-ចិន សរុបជាង ១០០០នាក់ ៕
ដោយ ៖ វណ្ណលុក

