អង្គការសហប្រជាជាតិ៖ អត្រាគ្មានការងារធ្វើសកល នឹងកាន់តែអាក្រក់ឡើងក្នុងឆ្នាំ ២០២៤
ហ្សឺណែវ៖ អង្គការសហប្រជាជាតិបានឱ្យដឹងថា អត្រាគ្មានការងារធ្វើសកល នឹងកើនឡើងយ៉ាងសង្សឹមៗក្នុងឆ្នាំ ២០២៤ ខណៈដែលស្ថាប័នអន្តរជាតិនេះ បានបង្កើនការព្រួយបារម្ភអំពី ផលិតភាពដែលនៅទ្រឹង, វិសមភាពដែលកាន់តែអាក្រក់ឡើងៗ និងអតិផរណាដែលប៉ះពាល់ដល់ប្រាក់ចំណូលរបស់ប្រជាជនទូទៅ។

ទីភ្នាក់ងារការងាររបស់អង្គការសហប្រជាជាតិនិយាយថា ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ច ពីជំងឺរាតត្បាតកូវីដ១៩បានថយចុះ ជាមួយនឹងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ ដែលកំពុងបន្ត និងអតិផរណា។ ជាក់ស្តែង អត្រាគ្មានការងារធ្វើសកលក្នុងឆ្នាំ ២០២២ មានចំនួន ៥.៣ភាគរយ ហើយមានភាពប្រសើរឡើងតិចតួចប៉ុណ្ណោះក្នុងឆ្នាំ ២០២៣ គឺ ៥.១ភាគរយ។

ទោះបីជាយ៉ាងណា ក្នុងឆ្នាំ ២០២៤នេះ នយោជិកចំនួន ២លាននាក់បន្ថែមទៀត ត្រូវបានគេរំពឹងថា នឹងស្វែងរកការងារធ្វើ តួលេខនេះបង្កើនអត្រាគ្មានការងារធ្វើទូទាំងពិភពលោកដល់ ៥.២ភាគរយ។ ចំណែកការពង្រីកវិសមភាព និងផលិតភាពនៅទ្រឹង ក៏ជាមូលហេតុនៃការព្រួយបារម្ភ ដែលអង្គការពលកម្លាំងអន្តរជាតិ (ILO) បានបញ្ជាក់នៅក្នុងរបាយការណ៍ ស្តីពីនិន្នាការការងារ និងទស្សនវិស័យសង្គមពិភពលោកសម្រាប់ឆ្នាំ ២០២៤។

ប្រធានអង្គការពលកម្លាំងអន្តរជាតិ (ILO) លោក Gilbert Houngbo និយាយថា របាយការណ៍រកឃើញថា ទិន្នន័យមួយចំនួនបានកត់សម្គាល់ពីកំណើនសេដ្ឋកិច្ច និងភាពគ្មានការងារធ្វើ កំពុងស្ទុះងើបឡើងវិញ។
ប៉ុន្តែលោកថា ការវិភាគកាន់តែស៊ីជម្រៅបង្ហាញថា អតុល្យភាពទីផ្សារការងារកំពុងកើនឡើង ហើយនៅក្នុងបរិបទនៃវិបត្តិសកល និងអន្តរកម្ម កំពុងបំផ្លាញវឌ្ឍនភាពឆ្ពោះទៅរកយុត្តិធម៌សង្គមកាន់តែច្រើន។ បើតាមរបាយការណ៍ដដែល មានតែប្រទេសចិន រុស្ស៊ី និងម៉ិកស៊ិកប៉ុណ្ណោះ ដែលរីករាយនឹងកំណើនសេដ្ឋកិច្ចប្រកបដោយភាពវិជ្ជមានពិតប្រាកដក្នុងឆ្នាំ ២០២៣៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា
