កំពង់ផែស្វយ័តភ្នំពេញ រំពឹងថា ការលើក-ដាក់ និងផ្ទេរទំនិញនឹងកើនឡើង ក្រោយដាក់ឱ្យប្រើប្រាស់ចំណតផែរណបពហុបំណងចំនួន៣ ជាផ្លូវការ
(ត្បូងឃ្មុំ)៖ កំពង់ផែស្វយ័តភ្នំពេញ រំពឹងថា ការលើក-ដាក់ និងផ្ទេរទំនិញ តាមដង ទន្លេ ក្នុងព្រះរាជាណាចក្រ នឹងទទួលបានការកើនឡើង ក្រោយចំណត ផែរណប ពហុបំណងថ្មីចំនួន ៣ទីតាំងផ្សេងគ្នា គឺ “ចំណតផែរណបពហុបំណង TS១១, UM២ និង LM២៦” របស់កំពង់ផែស្វយ័តភ្នំពេញ ត្រូវបានសម្ពោធ បើកឲ្យប្រើ ប្រាស់ជាផ្លូវការ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ ។

ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធនេះ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ចាត់ទុកចំណត ផែពហុបំណងទាំងបីនេះ គឺជាសមិទ្ធផលថ្មីបន្ថែមទៀតដែលនឹងបម្រើឲ្យ ប្រតិ បត្តិការផ្ទេរ ផ្ទុកទំនិញ និងការលើកដាក់កុងតឺន័រ ។ ជាពិសេស ចំណតផែរណប ពហុបំណង TS១១ បានសាងសង់ហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ ក្នុងការលើក ដាក់ ទំនិញ ដោយចំណតនេះ ស្ថិតនៅទីតាំងមានសក្តានុពលសម្រាប់បម្រើសេចក្តី ត្រូវការប្រើប្រាស់ របស់អតិថិជន ក្នុងរាជធានីភ្នំពេញ ខេត្តកណ្ដាល និងខេត្ត ផ្សេងៗទៀត ជាពិសេសចូលរួមចំណែកយ៉ាងច្រើនក្នុងការកាត់បន្ថយការកកស្ទះ ចរាចរណ៍ ក្នុងរាជធានីភ្នំពេញ ។

ឯកឧត្តមរដ្ឋមន្ត្រីសាធារណការ បានបន្ថែមថា ការសម្រេចបាននូវសមិទ្ធផលថ្មីទាំង បីនេះ នឹងជួយបង្កើនសមត្ថភាពរបស់កំពង់ផែ ក្នុងការឆ្លើយតប និងកំណើនកុងតឺន័រ ឆ្លងកាត់ នាពេលបច្ចុប្បន្ន ជាពិសេសជួយសម្រួលដល់ការដឹកជញ្ជូនទំនិញ ក៏ដូចជា ការផ្ដល់អត្ថប្រយោជន៍ជាច្រើន ដល់ពាណិជ្ជករ ធុរជននិងវិនិយោគិន ដែលបាន កំពុង ប្រើប្រាស់សេវាកម្ម របស់ចំណតផែទាំងនេះ ។

ក្នុងឱកាសនោះដែរ ឯកឧត្តម ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកប្រធាន អគ្គនាយក កំពង់ផែស្វយ័តភ្នំពេញ (ក. ស. ភ)មានប្រសាសន៍ថា កំពង់ផែស្វយ័ត ភ្នំពេញ ទទួលបាន នូវកំណើនកុងតឺន័រឆ្លងកាត់ជាមធ្យមសម្រាប់រយៈពេល ៥ឆ្នាំ ចុងក្រោយ (២០១៨-២០២២) មានប្រមាណ ១៨%។ ជាក់ស្តែង នៅឆ្នាំ២០២១ ក. ស. ភ. ទទួលបានបរិមាណកុងតឺន័រ ចំនួនជិត៣៥ម៉ឺន ធីអ៉ីយូ (៣៤៨ ៨៩៨TEUs) កើនចំនួន ២០% ធៀបនឹងឆ្នាំ២០២០ ។ សម្រាប់ឆ្នាំ២០២២ មាន ចំនួន ជាង៤១ម៉ឺនធីអ៉ីយូ (៤១៧ ៦៩៦TEUs) កើនទ្បើងចំនួនប្រមាណ ២០% ធៀបនឹងឆ្នាំ២០២១ ។

ដោយឡែក នៅក្នុងឆ្នាំ២០២៣ ក. ស. ភ. ទទួលបានបរិមាណកុងតឺន័រចំនួនជិត ៤០ម៉ឺន ធីអ៊ីយូ (៣៩៦ ២២៥ TEUs) ទាបជាងប្រមាណ ៥% ធៀបនឹងឆ្នាំ២០២២ ។ សម្រាប់ការព្យាករណ៍ឆ្នាំ២០២៤ កំពង់ផែស្វយ័តភ្នំពេញ គ្រោងនូវបរិមាណ កុងតឺ ន័រចំនួន ៤៤ម៉ឺនធីអ៊ីយូ (៤៤០ ០០០ TEUs) ដែលមានការកើនឡើងប្រមាណ ១១% ធៀបនឹងឆ្នាំ២០២៣ ។

ឯកឧត្តម ហ៊ឺ បាវី មានបន្តថា ចំណតផែរណបពហុបំណង TS១១ មានទីតាំង ស្ថិត នៅ ភូមិខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ, ចំណត ផែរណបពហុបំណង UM២ មានទីតាំងស្ថិតនៅ ភូមិដូនម៉ៅលើ ឃុំទន្លេបិទ ស្រុក ត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ និងចំណតផែរណបពហុ បំណង LM២៦ មានទីតាំង ស្ថិតនៅ ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង។

ឯកឧត្តមជឿជាក់ថា បន្ទាប់ពីការដាក់សម្ពោធចំណតផែរណបទាំង ៣ ឱ្យប្រើប្រាស់ ជាផ្លូវការនាពេលនេះ កំពង់ផែស្វយ័តភ្នំពេញ សង្ឃឹមយ៉ាងមុតមាំថា នៅឆ្នាំ២០២៤ នេះ នឹងទទួលបានការកើនឡើងនូវបរិមាណទំនិញ និងកុងតឺន័របន្ថែមទៀត ៕
ប្រភព ៖ ក្រសួងសាធារណៈការ
ដោយ ៖ វណ្ណលុក
