សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ដឹកនាំគណៈប្រតិភូហោះដល់ប្រទេសបារាំង ប្រកបដោយសុវត្ថិភាព

(ភ្នំពេញ)៖ បន្ទាប់ពីចំណាយពេលធ្វើដំណើររយៈពេលប្រមាណជា១៧ម៉ោង តាមជើងហោះហើរ ពិសេស របស់កម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានដឹកនាំគណៈប្រតិភូដល់ទីក្រុងប៉ារីស ប្រទេសបារាំងហើយនៅវេលាម៉ោង២៖៤០ទៀបភ្លឺថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ ម៉ោងនៅកម្ពុជា ត្រូវនឹងវេលាម៉ោង ម៉ោង២០៖៤០យប់ថ្ងៃទី១៣ ខែមករា ម៉ោងនៅទីក្រុងប៉ារីស។ ដំណើរ អញ្ជើញដល់របស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងគណៈប្រតិភូទទួលបានការស្វាគមន៍ យ៉ាង កក់ក្តៅពីឯកអគ្គរាជទូត និងមន្ត្រីស្ថានទូតខ្មែរប្រចាំនៅប្រទេសបារាំង។

ជាមួយគ្នានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណបងប្អូនប្រជាពលរដ្ឋខ្មែរ និងនិស្សិតរស់នៅទ្វីបអឺរ៉ុប ដែលបានមកទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងស្និទ្ធស្នាលជាទីបំផុតដល់ខ្ញុំ និងភរិយា ព្រមទាំងគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ដំណើរបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសបារាំង និងស្វីស ។

ការបំពេញទស្សនកិច្ចនេះ នឹងពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋបារាំង លើវិស័យសំខាន់ៗ ជាពិសេសលើបញ្ហាការប្រឈមផ្នែកបរិស្ថាន បញ្ហាអន្តរកាលថាមពល និងការប្រែប្រួលអាកាសធាតុ ព្រមទាំងការលើកស្ទួយសន្តិភាពនៅលើពិភពលោក។ ម៉្យាងទៀត ការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ការចែករំលែកយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រកបដោយចីរភាព កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ការលើកតម្កើងបេតិកភណ្ឌវប្បធម៌ និងការលើកកម្ពស់ហ្វ្រង់កូហ្វូនី គឺជាសសរស្តម្ភនៃទំនាក់ទំនងទ្វេភាគីកម្ពុជា-បារាំង។

ដំណើរអញ្ជើញដល់ទីក្រុងប៉ារីស ប្រទេសបារាំងនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងមានកម្មវិធីមួយ ចំនួនដូចជាសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែររស់នៅប្រទេសបារាំង និងមកពីបណ្តាប្រទេស នានាក្នុងទ្វីបអឺរ៉ុប, អញ្ជើញជាអធិបតីក្នុងវេទិកាធុរកិច្ចអឺរ៉ុប-កម្ពុជា ដែលរៀបចំដោយសមាគមន៍ធុរកិច្ច បារាំង, ជួបជាមួយលោកស្រី លូអីស ម៊ូស៊ីគី វ៉ាបូ អគ្គលេខាធិការនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី និងថ្នាក់ដឹកនាំក្រុមហ៊ុនធំៗមួយចំនួនទៀតរបស់បារាំង។

ទន្ទឹមគ្នានេះ គណៈប្រតិភូ ក៏នឹងបន្តចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥៤ នៃវេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុងដាវ៉ូស-ក្លូស្ទ័រ ប្រទេសស្វីស។ កិច្ចប្រជុំនេះ មានថ្នាក់ដឹកនាំពិភពលោក និងនាយកប្រតិបត្តិក្រុមហ៊ុនធំៗ ព្រមទាំងប្រធានអង្គការអន្តរជាតិសំខាន់ៗ ថ្នាក់ដឹកនាំសង្គមស៊ីវិល តំណាងយុវជន សហគ្រិនសង្គម និងអង្គភាពសារព័ត៌មាននានា នឹងចូលរួមពិភាក្សាផ្តោតលើគោលការណ៍ជាមូលដ្ឋានដែលជំរុញឱ្យមានទំនុកចិត្ត រួមទាំងតម្លាភាព សង្គតិភាព និងគណនេយ្យភាព ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner