កម្ពុជា-ចិន រៀបចំពិធីបើកឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន ២០២៤ នៅបរិវេណព្រះលានជល់ដំរី ខេត្តសៀមរាប

(សៀមរាប)៖ កម្ពុជា និងចិន បានប្រកាសរៀបចំ «ពិធីបើកឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និង ប្រជាជនកម្ពុជា-ចិន ២០២៤» ពីបរិវេណព្រះលានជល់ដំរី ខេត្តសៀមរាប ដោយ មានការផ្សាយផ្ទាល់តាមបណ្តាញព័ត៌មានរបស់កម្ពុជាច្រើន នៅយប់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ ។

កម្មវិធីផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ២០២៤» ធ្វើឡើងក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាសមាជិកក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Li Shulei សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្រ្តីក្រសួងឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ដោយមានការចូលរួមពីឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍, ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ព្រមទាំងមន្រ្តីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា មន្រ្តីជាន់ខ្ពស់រដ្ឋសភា និងមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល ព្រមទាំងមន្រ្តីរាជការខេត្តផងដែរ ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងអំណរគុណ ប្រទេសចិន ដែលបានរួមវិភាគទានយ៉ាងធំធេង ដល់ការកសាង និងអភិវឌ្ឍកម្ពុជា។ ជំនួយសំខាន់ៗរបស់ចិន ក្នុងការកសាង និងអភិវឌ្ឍប្រទេសកម្ពុជាទាំងនោះ ត្រូវបានសម្តេចពិជ័យ បញ្ជាក់ថា មានដូចជា គម្រោងព្រលានយន្តហោះខេត្តសៀមរាប ស្ពានផ្លូវតភ្ជាប់តំបន់ទន្លេមេគង្គ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ និងព្រលានយន្តហោះតារាសាគរ រួមជាមួយការធ្វើទំនើបកម្មលើវិស័យការពារជាតិ។ គម្រោងទាំងនេះ សុទ្ធតែជាគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗនៅ កម្ពុជា ដែលស្ថិតនៅក្រោមក្របខណ្ឌ នៃគម្រោងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ ។ ប្រការគួរកត់សម្គាល់ ទោះស្ថិតក្នុងអំឡុងពេលកូវីដ-១៩ ជាសកលក៏ដោយ ក៏គម្រោងទាំងនេះនៅបន្តដំណើរការសាងសង់ធម្មតា ដើម្បីសម្រេចជោគជ័យតាមផែនការកំណត់ ។

កម្ពុជា-ចិន បានភ្ជាប់ទំនាក់ទំនងនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៥៨ ដែលរហូតមកដល់ពេលនេះ ប្រទេសទាំងពីរ បានក្លាយទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងកំពុងកសាងសហគមន៍រួមវាសនាតែមួយ។ សម្តេចពិជ័យសេនា បានបញ្ជាក់ថា ជាការពិត ប្រទេសចិន និងកម្ពុជា គឺជាមិត្តល្អបំផុត ចេះជួយយកអាសារគ្នាទៅវិញទៅមកគ្រប់ពេលវេលា និងគ្រប់កាលៈទេសៈទាំងអស់។ ប្រជាជនចិន និងប្រជាជនកម្ពុជាមានភាពស្រដៀងគ្នា និងមានភាពពាក់ព័ន្ធខាងផ្នែកប្រវត្តិសាស្ត្រជាមួយគ្នាច្រើន ដូចជា ប្រពៃណីទំនៀមទម្លាប់ និងវប្បធម៌ ជាមួយនឹងប្រវត្តិនៃទំនាក់ទំនងការទូតដ៏យូរលង់ណាស់មកហើយ ។

សម្តេចបានបន្ថែមថា ចំណងសាមគ្គីភាពរវាងកម្ពុជា-ចិន ត្រូវបានរឹតបន្តឹងកាន់តែស្អិតរមួតបន្ថែមទៀត មួយជំនាន់ទៅមួយជំនាន់រហូតមកដល់បច្ចុប្បន្ន ដោយ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា, សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងប្រធានាធិបតី ស៊ី ជីន ពីង ដែលបានបន្តពីព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ។

សម្តេចបានបង្ហាញសុទិដ្ឋិនិយមថា ការកំណត់យកឆ្នាំ២០២៤ ជា “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន” នឹងក្លាយជាចលករយ៉ាងសំខាន់ក្នុងការបង្កើនតភ្ជាប់វិស័យទេសចរណ៍ វប្បធម៌ និងទំនាក់ទំនងរវាងប្រជាជននៃប្រជាជាតិទាំងពីរ និងជាមូលដ្ឋានមិនអាចខ្វះបាន ក្នុងការសម្រេចឱ្យបាននូវការកសាងសហគមន៍ជោគវាសនារួមគ្នា រវាងប្រជាជាតិយើងទាំងពីរ កម្ពុជា-ចិន»។

សម្តេចបានបន្តទៀតថា «កម្ពុជាជឿជាក់ថា “គំនិតផ្តួចផ្តើមខ្សែរក្រវ៉ាត់និងផ្លូវ” នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកពង្រឹងសាមគ្គីភាព និងលើកកម្ពស់កិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងបណ្តាប្រទេសទាំងក្នុងតំបន់ និងពិភពលោកលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ ការផ្លាស់ប្តូរវប្បធម៌ និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន»។ គម្រោង «ខ្សែក្រវ៉ាត់និងផ្លូវ» គឺជាការផ្តួចផ្តើមឡើងរបស់រដ្ឋាភិបាលទីក្រុងប៉េកាំង ក្រោមការដឹកនាំរបស់ លោក ស៊ី ជិនពីង កាលពីឆ្នាំ២០១៣ ក្នុងគោលបំណង ដើម្បីកសាងបណ្តាញពាណិជ្ជកម្ម និងហេដ្ឋារចនាសម្ព័ន្ធ តភ្ជាប់អាស៊ី ជាមួយអឺរ៉ុប និងទ្វីបអាហ្រ្វិក តាមរយៈផ្លូវពាណិជ្ជកម្មបុរាណ ដែលនឹងនាំមកនូវលទ្ធផលផ្លែផ្កា សម្រាប់គ្រប់បណ្តាប្រទេសដែលជាប់ផ្លូវបុរាណនេះ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងទៀតថា ក្នុងនាមជារដ្ឋមួយដែលមានអរិយធម៌យូរអង្វែងនៅក្នុងតំបន់ទន្លេមេគង្គ កម្ពុជា នឹងបន្តជំរុញការតភ្ជាប់វប្បធម៌-អរិយធម៌ខុសៗគ្នានៃប្រទេសក្នុងតំបន់មេគង្គ អាស៊ាន និងពិភពលោក ដើម្បីសន្តិភាព វិបុលភាព និងជំនឿទុកចិត្តគ្នាទៅវិញទៅមក តាមរយៈការជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងនានា ពិសេសកិច្ចសហប្រតិបត្តិការមេគង្គ-ឡាងឆាង និងគំនិតផ្តួចផ្តើមសកលនានារបស់ចិន រួមមានគំនិតផ្តួចផ្តើមសកល គំនិតផ្តួចផ្តើម សន្តិសុខសកល និងគំនិតផ្តួចផ្តើមអរិយធម៌សកល ដើម្បីជំរុញការអភិវឌ្ឍរួមរបស់មនុស្សជាតិ ប្រកបដោយបរិយាបន្ន និងសមធម៌ ៕ អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner