សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការអញ្ជើញរបស់ប្រធានាធិបតីបារាំង គឺច្បាស់ណាស់ នឹងមានការវាយតម្លៃគ្រប់ជ្រុងជ្រោយរួចហើយ ដោយមើលឃើញអំពីប្រយោជន៍ នៃទំនាក់ទំនងប្រទេសទាំងពីរ
ភ្នំពេញ៖ ក្នុងឱកាសសំណេះសំណាលជាមួយបងប្អូនសហគមន៍ខ្មែរ រស់នៅក្នុងទ្វីបអឺរ៉ុប ជាង ២ពាន់នាក់ នៅល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ ម៉ោងនៅទីក្រុងប៉ារីស ប្រទេសបារាំង ត្រូវនឹងយប់រំលងអាធ្រាតឈានចូលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ម៉ោងនៅកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ប៉ុន្មានថ្ងៃនេះ មានអ្នកទៅពន្យល់ប្រធានាធិបតីបារាំង លោក ម៉ាក្រុង ដោយប្រាប់លោកថា ប្រយ័ត្នចាញ់បោក សម្តេចធិបតី។ សម្តេច ថា ការអញ្ជើញរបស់ប្រធានាធិបតីបារាំង គឺច្បាស់ណាស់ នឹងមានការវាយតម្លៃគ្រប់ជ្រុងជ្រោយរួចហើយ ដោយមើលឃើញអំពីប្រយោជន៍ នៃទំនាក់ទំនងប្រទេសទាំងពីរ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា៖ ប៉ុន្មានថ្ងៃនេះ ឃើញមានអ្នកចេញទៅពន្យល់ប្រធានាធិបតីបារាំង ថាកុំឲ្យចាញ់បោក ហ៊ុន ម៉ាណែត ណា។ គាត់សរសេរលិខិតមួយយ៉ាងវែង ហើយក្រុមជំនួយការខ្ញុំបាញ់មកឲ្យមើល។ ខ្ញុំថា តាមដំណើរទៅអ៊ីចឹង ។ មុននឹងប្រធានាធិបតី នាយករដ្ឋមន្ត្រី ជាពិសេសប្រទេសមហាអំណាចធ្វើការសម្រេចចិត្តផ្ញើកម្រិតខ្ពស់បំផុត អញ្ជើញប្រមុខរាជរដ្ឋាភិបាលកម្ពុជា មកទស្សនកិច្ចប្រាកដជាមានការវាយតម្លៃគ្រប់ជ្រុងជ្រោយ ហើយថែមទាំងប្រធានាធិបតីខ្លួនឯងផ្ទាល់បានសម្រេចចិត្ត មើលឃើញច្បាស់ពីអត្ថប្រយោជន៍នៃទំនាក់ទំនង បានជាការផ្តល់ចេញនូវលិខិតជាផ្លូវការ ។
សម្តេចធិបតី បន្តថា ប្រធានាធិបតីបារាំង អញ្ជើញសម្តេចបំពេញទស្សនកិច្ចនៅបារាំងហើយ បែរជាខ្លាចសម្តេចបោកនោះ ជារឿងនឹកស្មានមិនដល់ ក្នុងនាមបារាំង ជាមហាអំណាចមួយដែរ ។ ទស្សនកិច្ចផ្លូវការរបស់សម្តេចនៅប្រទេសបារាំង មានលក្ខណៈពិសេស ដោយសារប្រធានាធិបតីបារាំង ជាអ្នកចេញលិខិតអញ្ជើញ ព្រោះធម្មតា គឺមានសមភាពការទូត គឺបើនាយករដ្ឋមន្រ្តី ត្រូវអញ្ជើញដោយនាយករដ្ឋមន្រ្តី ។
សូមរំលឹកថា សម្តេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសបារាំង ចាប់ពីថ្ងៃ១៨-១៩ ខែមករា ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់ ឯកឧត្តម ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង។ ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង នឹងប្តេជ្ញារួមគ្នាធ្វើឱ្យទំនាក់ទំនងដ៏ល្អប្រសើររវាងកម្ពុជា និងបារាំង ឈានដល់ កម្រិតថ្មី ៕
អត្ថបទ៖ វណ្ណលុក


