សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ វត្តមានរបស់សម្តេចនៅក្រៅប្រទេសនេះ ជាការដើរទាក់ម៉ូយ ដើម្បីទៅវិនិយោគនៅកម្ពុជា

ភ្នំពេញ៖ ក្នុងឱកាសសំណេះសំណាលជាមួយបងប្អូនសហគមន៍ខ្មែររស់នៅក្នុងទ្វីបអឺរ៉ុប ជាង ២ពាន់នាក់ នៅល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ ម៉ោងនៅទីក្រុងប៉ារីស ប្រទេសបារាំង ត្រូវនឹងយប់រំលងអាធ្រាតឈានចូលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ម៉ោងនៅកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា វត្តមានរបស់សម្តេចនៅក្រៅប្រទេសនេះ ជាការដើរទាក់ម៉ូយ ដើម្បីទៅវិនិយោគនៅកម្ពុជា ជាពិសេសក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុងដាវ៉ូស ប្រទេសស្វីស ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ការធ្វើដំណើរ១៥ម៉ោងជាងមកទីនេះ ហើយដាក់ពេលវេលាជាប់គ្នាទាំងអស់ គឺភារកិច្ចតែមួយ គឺធ្វើយ៉ាងណាដើម្បីគោះទ្វារ ដើម្បីចាប់ដៃ ដើម្បីបង្ហាញទាំងថ្នាក់ដឹកនាំនយោបាយ អង្គការ ក៏ដូចជាធុរកិច្ច ទៅលើពិភពលោកអំពីកម្ពុជា ហើយបបួលគេតែម្ដង ហៅថា ដើរទាក់ម៉ូយ ។ សម្តេច ថា វត្តមាននៅអឺរ៉ុប៦ថ្ងៃនេះ សម្តេចមានកម្មវិធីប្រជុំប្រមាណ៤០ ហើយពេលខ្លះ សូម្បីតែម៉ោងបាយ ក៏ត្រូវធ្វើឡើងនៅលើយន្តហោះដែរ ។

សម្តេចនាយករដ្ឋមន្ត្រី បានលើកឡើងថា វេទិកាសេដ្ឋកិច្ចពិភពលោក គឺជាវេទិកាមួយ ដែលបណ្ដុំថ្នាក់ដឹកនាំកំពូល ទាំងនយោបាយ ទាំងសេដ្ឋកិច្ច ទាំងធុរកិច្ច មកប្រមូលគ្នា ហើយសម្តេចតេជោ ហ៊ុន សែន តែងតែចូលជាប្រចាំ ហើយការចូលរួមវេទិកានេះ ដើម្បីបង្ហាញអំពីគោលនយោបាយរបស់កម្ពុជាមួយចំនួន ពាក់ព័ន្ធទៅនឹងស្ថានភាពសេដ្ឋកិច្ច ធុរកិច្ចពិភពលោក ក្នុងនាមជាប្រមុខ រាជរដ្ឋាភិបាលកម្ពុជា និងជំហររបស់កម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់បន្ថែមថា ការចូលរួមពិភពលោកសេដ្ឋកិច្ចនេះ ដើម្បីទៅផ្សព្វផ្សាយអំពីគោលនយោបាយរបស់កម្ពុជា ក្នុងការចូលរួម និងធានានូវបរិស្ថានធុរកិច្ចផ្សេងៗ ដើម្បីទាក់ទាញសេដ្ឋកិច្ច និងដើម្បីបង្កើតទំនាក់ទំនង ដើម្បីទាក់ទាញជួបជាមួយបណ្ដាធុរកិច្ចផ្សេងៗ ដែលនៅទីនេះ ខណៈកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥៤ នៃវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំនេះ ធ្វើឡើងក្រោមមូលបទ «ការកសាងឡើងវិញនូវទំនុកចិត្ត» ដោយផ្តោតលើគោលការណ៍ជាមូលដ្ឋាន ដែលជំរុញឲ្យមានទំនុកចិត្ត រួមទាំងតម្លាភាព សង្គតិភាព និងគណនេយ្យភាព។

ក្នុងកិច្ចប្រជុំនេះ ថ្នាក់ដឹកនាំពិភពលោក និងនាយកប្រតិបត្តិក្រុមហ៊ុនធំៗ ព្រមទាំងប្រធានអង្គការអន្តរជាតិសំខាន់ៗ ថ្នាក់ដឹកនាំសង្គមស៊ីវិល តំណាងយុវជន សហគ្រិនសង្គម និងអង្គភាពសារព័ត៌មាននានា នឹងចូលរួមក្នុងកិច្ចប្រជុំនេះ ៕អត្ថបទ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner