សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ ខ្ញុំសម្រេចចិត្តដកអភិបាលក្រុងកែប ដោយសារការប្រើអំណាច ប្រព្រឹត្តអំពើមិនគប្បី
(ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា៖ ខ្ញុំសម្រេចចិត្តដកអភិបាលក្រុងកែប ដោយសារការប្រើអំណាច ប្រព្រឹត្តអំពើមិនគប្បី ខណៈរាជរដ្ឋាភិបាលកម្ពុជា មិនល្អឥតខ្ចោះទេ តែមានឆន្ទៈចង់ឱ្យខ្លួនក្លាយ ជាល្អឥតខ្ចោះ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ដូច្នេះ ក្នុងឱកាសសំណេះសំណាលជាមួយបងប្អូនសហគមន៍ខ្មែររស់នៅក្នុងទ្វីបអឺរ៉ុប ប្រមាណជាង ២ពាន់នាក់ នៅល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ ម៉ោងនៅទីក្រុងប៉ារីស ប្រទេសបារាំង ត្រូវនឹងយប់រំលងអាធ្រាតឈានចូលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ម៉ោងនៅកម្ពុជា ។
សម្តេចធិបតី បានថ្លែងថា៖ ខ្ញុំមិនថា កម្ពុជា ល្អខ្ចោះ រាជរដ្ឋាភិបាល ល្អឥតខ្ចោះនោះទេ ហើយខ្ញុំមិនថា មន្រ្តីរដ្ឋាភិបាលល្អឥតខ្ចោះនោះទេ ។ យើងត្រូវមានអភិក្រម អញ្ចឹងហើយដាក់ចេញនូវអភិក្រមទាំងប្រាំ «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល ហើយព្យាបាលខ្លួនឯងមិនចេញ គឺវះកាត់» ។
សម្តេចបន្តថា មុននឹងខ្ញុំមកនេះ ខ្ញុំបានចុះហត្ថលេខាដកអភិបាលក្រុងកែបមួយ ដោយសារប្រព្រឹត្តអំពើមិនគប្បី ប្រើប្រាស់អំណាច, ខ្ញុំដកចេញតែម្ដង ដើម្បីបើកឆាក ។ យើងមិនចង់ឈានទៅដល់ហ្នឹងទេ យើងទុកឱកាសកែខ្លួន ពិនិត្យមើល តែចាំបាច់ប៉ះពាល់ផលប្រយោជន៍ប្រជាពលរដ្ឋ យើងត្រូវអនុវត្តអភិក្រមនេះ ព្រោះជាកាតព្វកិច្ចរបស់យើងបម្រើប្រជាពលរដ្ឋ ។
សម្តេចនាយករដ្ឋមន្ត្រី បានបន្តថា យើងមិនថា យើងល្អឥតខ្ចោះនោះទេ ។ ប៉ុន្តែយើងមានគោលដៅធ្វើឱ្យខ្លួនយើងល្អឥតខ្ចោះ នេះហើយគឺជាគោលដៅរបស់យើង ព្រោះតែយើងមានទស្សនវិស័យចង់ឲ្យខ្លួនយើងល្អឥតខ្ចោះនេះហើយ បានជាយើងត្រូវឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ ជាប់ជាប្រចាំ ។ បើសិនយើងគ្មានឆន្ទៈធ្វើឲ្យខ្លួនយើងល្អឥតខ្ចោះ យើងថា បញ្ហាវាគង់តែមានទេ ស្រុកណាក៏មានដែរ មិនបាច់ខំប្រឹងធ្វើទេ ដដែលជាដដែល អញ្ចឹងយើងឱ្យហេតុផល លេសរបស់យើងមិនប្រាកដ ។ ប៉ុន្តែខ្ញុំ សូមបញ្ជាក់ថា រាជរដ្ឋាភិបាលយើង ទន្ទឹមនឹងដាក់ទិសដៅខ្ពស់ក្នុងការជំរុញប្រទេសយើងឱ្យទៅជាប្រទេសអ្នកមាននៅឆ្នាំ២០៥០ ដែលមនុស្សច្រើនណាស់ សូម្បីតែអគ្គលេខាធិការអង្គការសហប្រជាជាតិ ជួបខ្ញុំដំបូងគាត់ថា យីកម្ពុជា ដាក់គោលដៅខ្ពស់ម៉្លេះ ខ្ញុំប្រាប់គាត់ថា កម្ពុជា គឺអញ្ចឹង បើយើងមិនជំរុញខ្លួនឯងឱ្យខ្លាំងទេ យើងនឹងខាតឱកាស ទាល់តែដាក់ទិសដៅខ្ពស់ ទាល់តែយើងមានឆន្ទៈដាក់ផែនការ ដើម្បីរត់ឱ្យលឿន យកផែនការនេះ ដើម្បីបម្រើប្រជាពលរដ្ឋ យើងបង្ខំខ្លួនឯងតែម្ដង គ្មានពេលដេកអេះពោះនោះទេ ៕

អត្ថបទ៖ វណ្ណលុក