ស្វីសទទួលយកសំណើរបស់លោក Zelensky រៀបចំកិច្ចប្រជុំកំពូលសន្តិភាពអ៊ុយក្រែន
បឺន៖ ប្រទេសស្វីសបានយល់ព្រមចំពោះសំណើរបស់ប្រធានាធិបតីអ៊ុយក្រែន ដែលចង់ឲ្យស្វីសធ្វើជាម្ចាស់ផ្ទះ សម្រាប់កិច្ចប្រជុំសន្តិភាពនៃមេដឹកនាំពិភពលោកស្តីពី «បញ្ចប់ការឈ្លានពានពេញលេញរបស់រុស្ស៊ី» ក៏ប៉ុន្តែ វេទិកានេះតម្រូវ មិនឲ្យអញ្ជើញភាគីរុស្ស៊ីនោះទេ។
លោក Volodymyr Zelensky កាលពីថ្ងៃច័ន្ទ សប្តាហ៍នេះ បានជួបពិភាក្សាការងារជាមួយប្រធានាធិបតីស្វីស លោកស្រី Viola Amherd ក្នុងអំឡុងដំណើរទស្សនកិច្ច នៅប្រទេសស្វីស។ លោកនៅទីនោះ ក្នុងគោលដៅចម្បង ដើម្បីចូលរួមកិច្ចប្រជុំរបស់វេទិកាសេដ្ឋកិច្ចពិភពលោក ប្រចាំឆ្នាំ នៅក្នុងទីក្រុង Davos។
លោក Zelensky បានប្រាប់សន្និសីទសារព័ត៌មាន បន្ទាប់ពីជំនួបពិភាក្សាថា «ក្រុមរបស់យើង ចាប់ពីថ្ងៃស្អែកទៅ នឹងចាប់ផ្តើមរៀបចំ សម្រាប់កិច្ចប្រជុំកំពូលសន្តិភាពពិភពលោក នៅប្រទេសស្វីស»។

លោកបានបន្តថា អ្នកចូលរួមក្នុងកិច្ចប្រជុំកំពូលនេះ គឺស្ថិតនៅក្នុងកម្រិតថ្នាក់ដឹកនាំ។ លោកបាបន្តថា កិច្ចប្រជុំនេះត្រូវតែផ្តល់ថាមពល ដល់អ្វីៗគ្រប់យ៉ាងដែលបានសម្រេចរួចហើយ ហើយកំណត់ថា ការបញ្ចប់សង្រ្គាមត្រូវតែមានភាពយុត្តិធម៌ពិសេស។ រីឯការស្ដារឡើងវិញ នូវកម្លាំងនៃច្បាប់អន្តរជាតិ ត្រូវតែពេញលេញពិតប្រាកដ។
នៅពេលឆ្លើយតបនឹងសំណួរសួរថា តើរុស្ស៊ីនឹងត្រូវអញ្ជើញឲ្យចូលរួមទេ? លោក Zelensky បាននិយាយថា «យើងបើកចំហចំពោះប្រទេសទាំងអស់ក្នុងពិភពលោក ដែលគោរពអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់យើង ដូច្នេះ អ្នកអាចធ្វើការសន្និដ្ឋានបានហើយ ថាតើអ្នកណាដែលយើងគួរអញ្ជើញ»។
គួរបញ្ជាក់ថា ខែកុម្ភៈ ឆ្នាំ២០២៤ គឺជាខែគម្រប់ខួបពីរឆ្នាំ នៃការចាប់ផ្តើមវាយលុកចូលអ៊ុយក្រែនរបស់រុស្ស៊ី។ ជាការកត់សម្គាល់ រុស្ស៊ីបានបង្កើនការវាយលុកតាមអាកាសរបស់ខ្លួន លើអ៊ុយក្រែន ក្នុងប៉ុន្មានសប្តាហ៍ ថ្មីៗនេះ៕


ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត