ប្រធានាធិបតីថ្មីរបស់ប្រទេសក្វាតេម៉ាឡាស្បថចូលកាន់តំណែង ប្តេជ្ញាប្រយុទ្ធនឹងអំពើពុករលួយ
ក្វាតេម៉ាឡា៖ ប្រធានាធិបតីថ្មីរបស់ប្រទេសក្វាតេម៉ាឡា លោក Bernardo Arevalo បាននិយាយ ក្នុងពេលស្បថចូលកាន់តំណែង កាលពីថ្ងៃចន្ទ សប្តាហ៍នេះថា លោកចាត់ទុកបញ្ហាពុករលួយ គឺជាបញ្ហាប្រឈមដ៏ធំធេង។ លោកបានប្តេជ្ញាចិត្តយ៉ាងមុតមាំថា នឹងបញ្ឈប់អំពើពុករលួយ ដែលធ្វើអោយលទ្ធិប្រជាធិបតេយ្យ ក្នុងប្រទេសនេះ ស្ថិតក្នុងហានិភ័យ។
អំឡុងពិធីស្បថចូលកាន់មុខតំណែង នាពេលនោះ លោក Arevalo ស្ថិតក្នុងវ័យ ៦៥ ឆ្នាំ បានអះអាងថា «យើងនឹងមិនអនុញ្ញាតឱ្យស្ថាប័នរបស់យើងត្រូវបានគ្របដណ្តប់ ដោយអំពើពុករលួយ និងនិទណ្ឌភាពនោះទេ»។
លោកបានប្រាប់កងកម្លាំងប្រដាប់អាវុធ នាពេលនោះដែរថា លោកកំពុងប្រឈមមុខនឹង «បញ្ហាប្រឈមដ៏ធំធេង» ដើម្បីលុបបំបាត់អំពើពុករលួយដែលបានរីកសាយភាយ នៅក្នុងប្រទេស។

គួរបញ្ជាក់ថា ក្វាតេម៉ាឡា តែងតែជាប់ចំណាត់ថ្នាក់ ក្នុងចំណោមប្រទេសពុករលួយបំផុតក្នុងពិភពលោក។ ក្វាតេម៉ាឡាក៏ជាប្រទេសមួយក្នុងចំណោមប្រទេសដែលមិនស្មើភាពបំផុត ប្រចាំនៅតំបន់អាមេរិកឡាទីន។ អត្រាខ្ពស់នៃឧក្រិដ្ឋកម្មហិង្សា ក្នុងប្រទេសនេះ បានបង្ខំមនុស្សរាប់សែននាក់ឱ្យប្រថុយនឹងការធ្វើដំណើរចំណាកស្រុកដ៏គ្រោះថ្នាក់ ទៅកាន់សហរដ្ឋអាមេរិក។
អ្វីដែលគួរឲ្យកត់សម្គាល់ លោក Arevalo បានចូលកាន់តំណែង ជំនួសអ្នកដឹកនាំមុន គឺលោក Alejandro Giammattei ។ រដ្ឋអាជ្ញាជាច្រើននាក់ដែលស្ថិតក្រោមរដ្ឋបាលមុន ត្រូវបានចាប់ខ្លួន ឬបង្ខំឱ្យនិរទេសខ្លួន ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ។
លោក Arevalo ធ្លាប់ធ្វើជាសមាជិកសភា អ្នកការទូត និងសង្គមវិទូ។ បុរសដែលទទួលបានការគាំទ្រខ្លាំងពីសហគមន៍អន្តរជាតិរូបនេះ បានឈ្នះការបោះឆ្នោត កាលពីខែសីហា ឆ្នាំមុន។
គួរបញ្ជាក់ដែរថា ក្នុងពេលស្បថចូលកាន់តំណែងជាប្រធានាធិបតីថ្មី ក៏មានការពន្យារពេល ដល់ទៅជាង៩ ម៉ោង ដោយសារតែមានការឈ្លោះប្រកែកគ្នានៅក្នុងសភា ជុំវិញស្ថានភាពសមាជិកសភា មកពីគណបក្ស Semilla របស់លោក ដែលត្រូវបានព្យួរ ទាក់ទងនឹងរឿងពុករលួយ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត