ក្រុមហ៊ុន Orange SA របស់បារាំង បង្ហាញបំណងចង់វិនិយោគលើការអភិវឌ្ឍ ការតភ្ជាប់ផ្នែកបច្ចេកវិទ្យាកម្ពុជាទៅកាន់បណ្ដាប្រទេសផ្សេងទៀតលើពិភពលោក
(ទីក្រុងប៉ារីស)៖ នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Emmanuel Rochas នាយកប្រតិបត្តិ Wholesale International Group និងជាតំណាង Orange Group ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាស នៃដំណើរទស្សនកិច្ចផ្លូវការ ចាប់ពីថ្ងៃទី១៣-១៩ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស ប្រទេសបារាំង។
ក្នុងឱកាសនៃជំនួបនេះ លោកនាយកប្រតិបត្តិ បានថ្លែងអំណរគុណចំពោះ សម្តេច ធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និង សហការី ចូល ជួបសម្តែងការគួរសម ព្រមទាំងបានជម្រាបអំពីវឌ្ឍនភាព រីកចម្រើន និងសកម្មភាព នៃប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន Orange Group និងបំណង នៃការពង្រីក ការវិនិយោគរបស់ខ្លួនបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា។

លោកនាយកប្រតិបត្តិបានគោរពជម្រាបជូនសម្ដេចធិបតីថា ក្រុមហ៊ុន Orange Group បានចងសម្ព័ន្ធភាពជាមួយក្រុមហ៊ុនក្នុងស្រុក ហើយបច្ចុប្បន្នក្រុមហ៊ុនបាន និងកំពុងព្យាយាមពង្រីកការវិនិយោគបន្ថែមទៀត ដើម្បីពង្រឹងប្រព័ន្ធ 5G ឱ្យមាន ប្រសិទ្ធភាពខ្ពស់ មានគុណភាពល្អ និងកាត់បន្ថយចំណាយលើការប្រើប្រាស់។
លោកនាយកប្រតិបត្តិ បានគូសបញ្ជាក់ថា ក្រុមហ៊ុនOrange Group ចាប់អា រម្មណ៍ លើការពង្រីកការវិនិយោគបន្ថែមទៀតលើការតភ្ជាប់ផ្នែកបច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មាន ពីកម្ពុជាទៅកាន់បណ្ដាប្រទេសផ្សេងៗទៀត តាមរយៈ ខ្សែកាបអុបទិកក្រោមបាតសមុទ្រពីកម្ពុជាទៅបណ្តាប្រទេសនានា ។

ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ ចំពោះលោក Emmanuel Rochas នាយកប្រតិបត្តិ និងសហការី និងបានបង្ហាញក្តីរីករាយចំពោះបំណងរបស់ក្រុមហ៊ុន ក្នុងការបណ្ដាក់ទុនវិនិយោគបន្ថែមទៀតនៅ កម្ពុជា។
សម្តេចធិបតី បានស្នើដល់ក្រុមហ៊ុនបន្តពិភាក្សាជាមួយដៃគូសហការ ដែលមាន ស្រាប់ និងបន្តកិច្ចពិភាក្សាជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កម្ពុជា ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលលើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ និងព័ត៌មាន ៕


ដោយ ៖ វណ្ណលុក