មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម ៖ គោលនយោបាយអាទិភាពទី៥ និងទី៦ ពិតជាសំខាន់ ក្នុងការលើកកម្ពស់វិស័យកសិកម្ម និងស្ថិរភាពតម្លៃ
ភ្នំពេញ៖ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួម ក្នុងពិធីបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារអនុវិស័យដំណាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់អគ្គនាយកដ្ឋានកសិកម្ម នៅទីស្តីការក្រសួងកសិកម្ម កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ។
ឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម បានថ្លែងសន្ទរកថាស្វាគមន៍ និងរាយការណ៍ពីលទ្ធផលសម្រេចបានរបស់អគ្គនាយកដ្ឋានកសិកម្មតាមរយៈការអនុវត្តកម្មវិធីទី១ គឺការបង្កើនផលិតភាព ពិពិធកម្មដំណាំកសិកម្មនិងកសិធុរកិច្ច ដែលមានកម្មវិធីចំនួន៤ គឺ៖ ការអភិវឌ្ឍដំណាំស្រូវ ,ការអភិវឌ្ឍដំណាំសាកវប្បកម្ម, ការអភិវឌ្ឍដំណាំឧស្សាហកម្ម, និងការពង្រឹងសេវាកម្មគាំទ្រ និងសមត្ថភាពអង្គភាព។
ឯកឧត្តម តូច ប៊ុនហួរ បានគូសបញ្ជាក់ថា គោលនយោបាយ គឺត្រូវធានាឱ្យបាននូវសន្តិសុខស្បៀង និងរក្សានូវនិរន្តរភាពសេដ្ឋកិច្ច និងបរិស្ថាន ។
ឯកឧត្តម បានបញ្ជាក់បន្ថែមថា គោលនយោបាយអាទិភាពទី៥ និងទី៦ ពិតជាសំខាន់ខ្លាំងណាស់ក្នុងការលើកកម្ពស់វិស័យកសិកម្ម និងស្ថិរភាពតម្លៃ តាមរយៈការបង្កើតសហគមន៍កសិកម្មទំនើបដែលមានសមត្ថភាពផលិតក្នុងទ្រង់ទ្រាយធំ ជាមូលដ្ឋានគ្រឹះក្នុងការចូលរួមភាពជាដៃគូសម្រាប់អភិវឌ្ឍកសិកម្ម និងការដាក់ពង្រាយមន្ត្រីផ្សព្វផ្សាយកសិកម្មឃុំ ដើម្បីដឹងពីតម្រូវការ និងបញ្ហាប្រឈមរបស់កសិករ ហើយធ្វើការឆ្លើយតបឱ្យបានទាន់ពេល និងមានប្រសិទ្ធភាព ។
ឯកឧត្តម រដ្ឋលេខាធិការ ក៏បានណែនាំដល់អគ្គនាយកដ្ឋានកសិកម្ម ត្រូវបន្តការងារស្រាវជ្រាវនិងអភិវឌ្ឍកសិកម្ម ការបង្កើតសហគមន៍កសិកម្មទំនើប ព្រមទាំងជំរុញដំណាំយុទ្ធសាស្ត្រ មានស្រូវ ស្វាយចន្ទី និងបន្លែ ធ្វើឱ្យមានភាពប្រសើរឡើងក្នុងខ្សែច្រវាក់តម្លៃ និងប្រសិទ្ធភាពសេដ្ឋកិច្ចពិតប្រាកដ៕
ប្រភព៖ក្រសួងកសិកម្ម






