សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ព្រមទាំងប្រតិភូរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញដល់ប្រទេសស្វីស ដើម្បីចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិកាសេដ្ឋកិច្ចពិភពលោក លើកទី៥៤

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ព្រមទាំងគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានមកដល់អាកាសយានដ្ឋានអន្តរជាតិហ៊្សូរិច សហព័ន្ធស្វីស ប្រកបដោយសុវត្ថិភាព នាល្ងាចថ្ងៃចន្ទ ទី១៥ មករា ឆ្នាំ២០២៤ ដែលត្រូវបានទទួលស្វាគមន៍ ដោយឯកឧត្ដម ឯកអគ្គរាជទូតកម្ពុជា ប្រចាំសហព័ន្ធស្វីស ។

ដំណើរអញ្ជើញដល់ប្រទេសស្វីស របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិកាសេដ្ឋកិច្ចពិភពលោក លើកទី៥៤ នៅថ្ងៃទី ១៦ និង១៧ ខែមករា ក្រោមមូលបទ “ ការកសាងឡើងវិញ នូវទំនុកចិត្ត” ដោយផ្តោតសំខាន់លើមូលដ្ឋាន ដែលជំរុញឱ្យមានទំនុកចិត្ត រួមទាំងតម្លាភាព សង្គតិភាព និង គណនេយ្យភាព ខណៈមកដល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បាននិងកំពុងតែយកចិត្តទុកដាក់ លើចំណុចទាំងនេះផងដែរ ។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា នៅប្រទេសស្វីស សម្តេចធិបតី នឹងចូលរួមថ្លែងបទអន្តរាគមន៍នៅក្នុងកម្មវិធីអាហារការងារថ្ងៃត្រង់ក្រៅផ្លូវការជាមួយនឹងថ្នាក់ដឹកនាំសេដ្ឋកិច្ចពិភពលោក ដោយផ្តោត លើប្រធានបទ “ការស្តារទំនុកចិត្តលើប្រព័ន្ធសកលលោកឡើងវិញ” សំដៅស្វែងរកវិធីសាស្រ្តឈ្នះឈ្នះ ដើម្បីដោះស្រាយ នូវបញ្ហាប្រឈមដែលជាក្តីបារម្ភសកលលោកនាពេលបច្ចុប្បន្ន និងលើកកម្ពស់ការចូលរួម និងកិច្ចសន្ទនាដោយសន្តិវិធី ដែលជាមាគ៌ាដ៏ល្អប្រសើរ ក្នុងការកសាងទំនុកចិត្តទៅវិញទៅមក ដែលចាំបាច់ សម្រាប់កិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព។

ក្នុងឱកាសនោះដែរ សម្តេចធិបតី នឹងជួបថ្នាក់ដឹកនាំសង្គមស៊ីវិល និងធុរជន នៃក្រុមហ៊ុនឈានមុខមួយចំនួន ដើម្បីទាក់ទាញវិនិយោគមកកម្ពុជា ដូច្នេះហើយយើងរំពឹងថា ស្ថានភាព ក៏ដូចជាទំនាក់ទំនងពាណិជ្ជកម្ម សេដ្ឋកិច្ច ទេសចរណ៍ និង វិនិយោគទុន កម្ពុជានិងអឺរ៉ុប នឹងកាន់តែយល់គ្នាច្បាស់ ហើយ អាចនឹងឈានដល់កិច្ចព្រមព្រៀង ដែលមានតម្លៃសម្រាប់ការបន្តពិពិធកម្មសេដ្ឋកិច្ច ដែលរាជរដ្ឋាភិបាលបានដាក់ចេញ ។

មកដល់ពេលនេះ វេទិកាសេដ្ឋកិច្ចពិភពលោក ដែលជាអង្គការអន្តរជាតិសម្រាប់កិច្ចសហប្រតិបត្តិការសាធារណៈ និងឯកជន បង្កើតឡើងតាំងពីឆ្នាំ១៩៧១ គឺជាដៃគូដ៏ចម្បងមួយរបស់រាជរដ្ឋាភិបាលកម្ពុជា។ ស្ថាប័ននេះ ជាមូលនិធិមិនគិតប្រាក់ចំណេញមួយ ហើយឯករាជ្យ ដែលកំពុងតែខិតខំបង្ហាញពីភាព ជាសហគ្រិនក្នុងផលប្រយោជន៍សាធារណៈជាសកល ហើយអាចរក្សាបាននូវស្តង់ដារខ្ពស់បំផុត នៃអភិបាលកិច្ច សុច្ចរិតភាពខាងសីលធម៌ និងការទទួលខុសត្រូវ ច្បាស់លាស់ ដូចដែលកម្ពុជាចង់បាន ។

រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកវេទិកាសេដ្ឋកិច្ចពិភពលោក គឺជាដៃគូមួយដ៏សំខាន់តាំងតែពីឆ្នាំ២០១៧ ហើយកម្ពុជា ក៏ធ្លាប់ទទួលធ្វើជាម្ចាស់ផ្ទះ រៀប ចំ វេទិកា សេដ្ឋកិច្ច ពិភពលោក ស្តីពី អាស៊ាន នៅរាជធានីភ្នំពេញ នាថ្ងៃទី ១០ ដល់ ១២ ខែឧសភា ឆ្នាំដដែល ក្រោមប្រធានបទ “យុវជន បច្ចេកវិទ្យា និង កំណើន ” ដោយព្រឹត្តិការណ៍ពេលនោះ អាចជាប្រវត្តិសាស្រ្ត និងជាជោគជ័យថ្មី លើក ទី១ ហើយសម្រាប់កម្ពុជា ដែលវេទិកានេះ បាននាំយកថ្នាក់ដឹកនាំខាងពាណិជ្ជកម្ម អ្នកជំនាញការ អ្នកវិទ្យាសាស្រ្ត អ្នកវិនិយោគ ព្រមទាំងមេដឹកនាំតំបន់ និងអ្នកសារព័ត៌មានអន្តរជាតិសរុបទាំងអស់ ៧០០នាក់ មកពី ៤០ប្រទេសចូលរួម ។

វេទិកាសេដ្ឋកិច្ច ពិភពលោក និងរាជរដ្ឋាភិបាលកម្ពុជា បានកសាងភាពជាដៃគូលើកិច្ចការការទូតសេដ្ឋកិច្ចនេះជាបន្តបន្ទាប់ ហើយនៅតែធ្វើបន្តទៀតតាំងពីឆ្នាំ២០១៧ រហូតដល់សព្វថ្ងៃ ទោះបីជាកម្ពុជាបានប្តូរមេដឹកនាំក៏ដោយ។

វត្តមានសម្តេចធិបតី នៅកម្មវិធីវេទិកាសេដ្ឋកិច្ចពិភពលោក ថ្វីត្បិតតែជាវត្តមានលើកដំបូងនៅក្នុងនាមជាមេដឹកនាំកម្ពុជា ប៉ុន្តែនេះ មិនមែនជាលើកទីមួយទេ ដែលសម្តេច បានធ្វើការទាក់ទង និង ជួបធុរជននៅក្រៅប្រទេស។ នៅក្នុងបេសកម្មទៅកាន់ប្រទេសនានាកន្លងមក ដូចជា ចិន ជប៉ុន សហរដ្ឋអាមេរិក អារ៉ាប៊ីសាអូឌីត សម្តេចបានធ្លាប់ធ្វើកិច្ចការនេះ ជាមួយនឹងធុរជនសំខាន់ៗនៅក្នុងប្រទេសទាំងនោះអស់ហើយ ដូចនេះសម្រាប់នៅដាវូស-ក្លូស្ទ័រ សម្តេចនឹងទាក់ម៉ូយធុរជនអឺរ៉ុបកាន់តែច្រើនថែមទៀតមកកម្ពុជា ឬ ក៏អាចនឹង បើកផ្លូវពាណិជ្ជកម្មកម្ពុជា ឱ្យកាន់តែទូលំទូលាយថែមទៀត ជាមួយនឹងអឺរ៉ុប បន្ថែមលើអ្វីដែលកំពុងតែមានស្រាប់ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner