គណៈកម្មការទី៧ នៃរដ្ឋសភា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមទិ្ធផលការងារ និងគំនិតផ្តួចផ្តើមយុទ្ធសាស្រ្តថ្មី របស់ក្រសួងទេសចរណ៍
ភ្នំពេញ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ – ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំសហការីចូលរួមក្នុងកិច្ចប្រជុំជាមួយគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃរដ្ឋសភាក្រោមអធិបតីភាព ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា នីតិកាលទី៧។ ក្នុងកិច្ចប្រជុំខាងលើ ឯកឧត្តមរដ្ឋមន្ត្រី បានធ្វើសេចក្ដីរាយការណ៍អំពីវឌ្ឍនភាពការងារវិស័យទេសចរណ៍នៅកម្ពុជា រួមទាំងនិន្នាការទេសចរណ៍តំបន់ និងពិភពលោក ព្រមទាំងបានលើកឡើងពីសារៈសំខាន់ និងការអនុវត្តគំនិតផ្តួចផ្តើមយុទ្ធសាស្ត្រ “បង្កើន៥ និងអភិវឌ្ឍ៣” និងទិសដៅយុទ្ធសាស្ត្រផ្សេងៗទៀតរបស់ក្រសួងទេសចរណ៍ ដើម្បីជំរុញការអភិវឌ្ឍវិស័យទេសចរណ៍នៅឆ្នាំ២០២៤ និងទៅអនាគត។
ក្នុងនាមគណៈកម្មការទី៧ នៃរដ្ឋសភា ឯកឧត្តម ប៉ា សុជាតិវង្ស បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារ និងគំនិតផ្តួចផ្តើមយុទ្ធសាស្រ្តថ្មីរបស់ក្រសួងទេសចរណ៍ ក្រោមការដឹកនាំរបស់ ឯកឧត្ដម សុខ សូកេន ដែលបានដាក់ចេញនូវគំនិតផ្តួចផ្តើមយុទ្ធសាស្ត្រ “បង្កើន៥ និងអភិវឌ្ឍ៣” ដោយមានលក្ខណៈប្រទាក់ក្រឡា និងគ្រប់ជ្រុងជ្រោយ ឆ្លើយតបទៅនឹងការវិវត្ដនៃស្ថានភាពទេសចរណ៍តំបន់និងពិភពលោក ព្រមទាំងគាំទ្រទាំងស្រុងលើ “យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១” របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលបានបន្តដាក់វិស័យទេសចរណ៍ជាវិស័យអាទិភាព។









