ថ្នាក់ដឹកនាំកាកបាទក្រហមកម្ពុជា សំណេះសំណាល សួរសុខទុក្ខដល់យុវនារី និងកុមារីរងគ្រោះ នៃអង្គការអាហ្វេស៊ីបកម្ពុជា

ភ្នំពេញ៖ កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន នៅល្ងាចថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២៤ បានរៀបចំពិធីសំណេះសំណាល សួរសុខទុក្ខ និងរៀបចំអាហារសាមគ្គី ជូនយុវនារី និងកុមារីរងគ្រោះ នៃអង្គការអាហ្វេស៊ីបកម្ពុជា និងស្វាគមន៍ដំណើរទស្សនកិច្ចផ្លាស់ប្តូរបទពិសោធន៍ ជាលើកទី២ របស់គណៈប្រតិភូយុវជនកាកបាទក្រហមសាធារណរដ្ឋកូរ៉េ សាខាអ៊ូសាន ជាមួយកាកបាទក្រហមកម្ពុជា។

ក្នុងឱកាសនោះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការស្តីទី កាកបាទក្រហមកម្ពុជា បានសម្តែងនូវក្តីសោមនស្សរីករាយ និងគូសបញ្ជាក់ពីអត្ថន័យសំខាន់ចំនួន ២ ក្នុងការរៀបចំពិធីពិសាអាហារ សាមគ្តីនាល្ងាចនេះ គឺ ១. ជាការនឹករលឹក អាណិតស្រឡាញ់ដ៏ជ្រាលជ្រៅ និងការគិតគូរពីសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះចៅៗក្មួយៗ កុមារី យុវនារីទាំងអស់ នៃអង្គការអាហ្វេស៊ីបកម្ពុជា និងអត្ថន័យទី២ គឺជាការស្វាគមន៍ចំពោះដំណើរ ទស្សនកិច្ចផ្លាស់ប្តូរបទពិសោធន៍ជាលើកទី២ របស់គណៈប្រតិភូយុវជនទាំង ៤៥រូប របស់កាកបាទក្រហមសាធារណរដ្ឋកូរ៉េ សាខាអ៊ូសាន ជាមួយកាកបាទក្រហមកម្ពុជា រយៈពេល ៨ថ្ងៃ ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ២១ ខែមករា ឆ្នាំ២០២៤។ លោកជំទាវ បានគូសបញ្ជាក់ផងដែរថា «ការជួបជុំនាថ្ងៃនេះ បានបង្ហាញពីក្តីស្រឡាញ់ ផ្តល់នូវស្នាមញញឹម លើកទឹកចិត្ត និងការយកចិត្តទុកដាក់ពីគ្នាទៅវិញទៅមក ក្នុងនាមជាបងប្អូន ថ្វីបើយើងរស់នៅប្រទេសផ្សេងគ្នា អាកាសធាតុខុសគ្នា ប៉ុន្តែបេះដូងយើងគឺតែមួយ។» លោកជំទាវ មានក្តីសង្ឃឹមជឿជាក់ថា បន្ទាប់កម្មវិធីនេះរួច និងក្នុងរយៈពេលដ៏ខ្លីនៅក្នុងព្រះរាជាណាចក្រកម្ពុជា យើងនឹងមានការចងចាំនូវអនុស្សាវរីយ៍ល្អៗ និងនឹករលឹកគ្នាទៅវិញទៅមក។

លោកស្រី ម៉ម សុម៉ាលី ស្ថាបនិក និងជាអគ្គនាយិកាអង្គការអាហ្វេស៊ីបកម្ពុជា តំណាងឱ្យយុវនារី-កុមារី និងបុគ្គលិកទាំងអស់នៃអង្គការអាហ្វេស៊ីបកម្ពុជា បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ មាតាមនុស្សធម៌ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងបិតាសន្តិភាព សម្តេចតេជោ ហ៊ុន សែន ដែលជានិច្ចកាលសម្តេចទាំងទ្វេ តែងតែយកចិត្ដទុកដាក់គ្រប់ពេលវេលា គិតគូរគ្រប់ជ្រុងជ្រោយ ជាពិសេស ចែករំលែកអ្វីដែលជាសម្ពាធផ្លូវចិត្ត ការលើកទឹកចិត្ត ផ្តល់ក្តីសង្ឃឹម ការទំនុកបម្រុងជាបន្តបន្ទាប់ និងអគារស្នាក់នៅ ដ៏ស្កឹមស្កៃដល់ចៅៗ ឱ្យបានរស់រានក្នុងភាពថ្លៃថ្នូរ ក្នុងសង្គមមានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។ ទន្ទឹមនឹងនេះ តំណាងឱ្យកុមារីរងគ្រោះ យុវនារី សុជាតិ វីរិយ៉ា និស្សិតសាកលវិទ្យាល័យ ឆ្នាំទី២ ក៏បានឡើងបង្ហាញពីចំណាប់អារម្មណ៍ និងការប្តេជ្ញាចិត្តខិតខំរៀនសូត្រឱ្យបាន ខ្ពង់ខ្ពស់ បំពេញតួនាទីជាកូនល្អ មិត្តល្អ និងពលរដ្ឋល្អនៅក្នុងសង្គម ដើម្បីជាការតប ស្នងគុណបំណាច់ដែលមិនអាច កាត់ថ្លៃបានចំពោះ សម្តេចទាំងទ្វេ ផងដែរ។

សូមបញ្ជាក់ថា មុនពេលពិធីពិសាអាហារសាមគ្គីខាងលើនេះ ប្រតិភូយុវជនកាកបាទ ក្រហមសាធារណរដ្ឋកូរ៉េ សាខាអ៊ូសាន បានបង្ហាញនូវចង្វាក់រាំ ការសម្តែងវប្បធម៌ បែប កូរ៉េ និងរបៀបដុសធ្មេញ ជូនដល់កុមារី-យុវនារី នៃអង្គការអាហ្វេស៊ីប។ ចំណែកឯ កុមារី-យុវនារីយើងវិញ បានបង្ហាញពីរបៀបបត់ផ្កាក្រដាស និងចង្វាក់រាំបែបប្រពៃណីទំនៀមទំលាប់ខ្មែរយើងផងដែរ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner