ក្រុម បេសស្បល (Base Ball) កម្ពុជា ឈ្នះ ក្រុម សៃហ្គន ស្ដម (SaiGon Storm) និង ក្រុម ហ្គូលឌែនបាត(Golden Bat )ក្នុងការប្រកួតមិត្តភាពអន្ដរជាតិនៅកម្ពុជា
(ភ្នំពេញ)៖ ក្រុម បេស ស្បល (Base Ball) កម្ពុជា បានយកឈ្នះ ក្រុម សៃហ្គន ស្ដម (SaiGon Storm)មកពីវៀតណាម និង ក្រុម ហ្គូលឌែន បាត(Golden Bat )របស់ជប៉ុន ក្នុងការប្រកួតមិត្តភាពអន្ដរជាតិដែលបានធ្វើឡើង នៅទីលានកីឡដ្ឋាន បេសស្បលបឹងសំរិទ្ធ ស្ថិតក្នុងស្រុកបារាយណ៍ ខេត្តកំពង់ធំ ។ ការប្រកួត ដ៏ស្វិតស្វាញរយៈពេល២ថ្ងៃ ក្រុមកម្ពុជា បានយកឈ្នះ ក្រុម សៃហ្គន ស្ដម ក្នុងពិន្ទុ១៦ ទល់នឹង៥ និង ឈ្នះក្រុម ហ្គូលឌែនបាត(Golden Bat )របស់ជប៉ុន ក្នុងពិន្ទុ ១០ទល់នឹង៩។

ក្រោយបញ្ចប់ការប្រកួត កីឡាករតំណាង ឲ្យក្រុមសៃហ្គន ស្ដម បានលើកឡើងថា ក្នុងជំនួប ជាមួយក្រុមកម្ពុជា នៅចាប់ផ្ដើមដំបូងក្រុមទាំង២ លេងបានល្អដូចគ្នា តែវគ្គចុងក្រោយ កីឡាករខាងវៀតណាម បានថយកម្លាំងអំណត់ ធ្វើឲ្យក្រុមកម្ពុជា ដាក់សម្ពាធយ៉ាង ខ្លាំង ទីបំផុត ត្រូវចាញ់ក្រុមកម្ពុជាដាច់ តែម្ដង ក្នុងពិន្ទុ ៥ ទល់នឹង១៦ ។

ចំណែក លោក ឆែម តារាប្រធានសហព័កីឡា បេស ស្បល កម្ពុជាមានប្រសាសន៍ថា ការប្រកួតនេះ រៀបចំឡើង ដោយសហព័ន្ធកីឡាបេសស្បលកម្ពុជា មានក្រុមចូល រួមចំនួន៣ គឺក្រុមសៃហ្គន ស្ដម (Sai Gon Storm) ក្រុមហ្គូលឌែន បាត(Golden Bat ) និង ក្រុមកម្ពុជាដែលជាម្ចាស់ផ្ទះ ក្នុងបំណង វាស់ស្ទង់កម្រឹត បច្ចេកទស កីឡាករជម្រើសជាតិកម្ពុជា ដើម្បីត្រៀមលក្ខណៈឲ្យបានល្អប្រសើរ សម្រាប់ ចូលរួម ក្នុងការប្រកួតកីឡា ស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ នៅប្រទេសថៃ ។

លោក ឆែម តារា បានគូសបញ្ជាក់ថា ក្នុងការប្រកួតមិត្តភាពអន្ដរជាតិនេះ តាមការត្រួតពិនិត្យ របស់សហព័ន្ធនិងមន្ដ្រីបច្ចេកអន្ដរជាតិ បានវាយតំលៃថា កម្រឹតបច្ចេកទេសរបស់ កីឡាករយើងមានការរីចម្រើន១ជំហានថ្មីទៀត ការលងក្នុងការប្រកួតនេះ ក្រុមកម្ពុជាធ្វើបានល្អហើយ ។តែទោះជាយ៉ាងនេះក្ដី ក៏នៅមានចំណុចខ្វះខាត១ចំនួន ដែលត្រូវកែលម្អ បំពេញ បន្ថែម ដើម្បីឈានឆ្ពោះទៅរកភាពជោគជ័យ ក្នុងព្រឹត្តិការណ៍អន្ដរជាតិធំៗនាពេលខាងមុខ ។ លោក ប្រធានសហព័ន្ធបានលើកឡើងថា ដើម្បីសម្រេចបានគោលដៅនេះ សហព័ន្ធមានផែនការ បណ្ដុះបណ្ដាល លើកកម្ពស់កម្រឹតបច្ចេកទេស កីឡាករឲ្យបានកាន់តែប្រសើរ តាមរយៈការបញ្ជូនទៅហ្វឹកហាត់ និង ប្រកួត នៅក្រៅប្រទេស។

ជាមួយនេះ សហព័ន្ធកំពុង រៀបចំផែនការ ប្រកួតឲ្យបានច្រើនកម្រឹត នៅក្នុងស្រុកនិងមានការប្រកួត អន្ដរជាតិផងដែរ។ ដែលបច្ចុប្បន្ននេះ សហព័ន្ធកំពុងធ្វើកិច្ចសហការធញវើការងារនេះ ជាមួយបណ្ដាប្រទេសផ្សេងៗ ។ ប្រធានសហព័ន្ធរូបនេះបន្ដថា នៅខែមិនាខាងមុខ សហព័ន្ធគ្រោងរៀបចំការប្រកួត បេស ស្បល លីកចំនួន២កម្រឹត គឺលីក ១និងលីក២ ព្រឹត្តិការណ៍ នេះ នឹង មានក្រុម ចំនួន១២ ចូលរួម ។

សូមជំរាបជូនថា នៅឆ្នាំក្រោយ សហព័ន្ធកីឡាបេសស្បល កម្ពុជាគ្រោង រៀបចំធ្វើម្ចាស់ផ្ទះ ប្រកួតមិត្តភាពអន្ដរជាតិចំនួន២លើក ដោយអញ្ជើញអត្តពលិក ពី៥ ទៅ៦ ប្រទេសចូលរួម មានវៀតណាម ឡាវ ម៉ាឡេស៊ី ថៃ និង កម្ពុជា ជាម្ចាស់ផ្ទះ ចំពោះក្រុមឥណ្ឌាដែលចង់ចូលរួមក្នុងការប្រកួតនេះ យើងរង់ចាំស្វាគមន៍ជានិច្ច។ នេះជាការ បញ្ជាក់របស់ លោក ឆែមតារា ៕
រូបភាព ជីម ភារ៉ា អត្ថបទ៖ជាវ ចន្ធូ