កម្ពុជាត្រៀមរួចរាល់ ក្នុងការទទួលបដិសណ្ឋារកិច្ច គណៈប្រតិភូ ១៦៤ ប្រទេស និងស្ថាប័នអន្តរជាតិ ក្នុងនាមជាម្ចាស់ផ្ទះកិច្ចប្រជុំអនុសញ្ញាអូតាវ៉ា ឆ្នាំ២០២៤

(ភ្នំពេញ)៖ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បញ្ជាក់ថា កម្ពុជា បានត្រៀមខ្លួចរួចជាស្រេចក្នុងការរៀបចំធ្វើជាម្ចាស់ផ្ទះ និងទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូមកពី ១៦៤ ប្រទេស និងស្ថាប័នអន្តរជាតិដទៃទៀត ដែលនឹងអញ្ជើញចូលរួមកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ឬ កិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ។

ឯកឧត្តម លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ា បានលើកឡើងបែបនេះ នៅក្នុងជំនួបជាមួយ លោក Juan Carlos Ruan នាយកអង្គភាពគាំទ្រការអនុវត្ត(ISU)អនុសញ្ញាអូតាវ៉ា កាលពីព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ នៅទីស្នាក់ការអាជ្ញាធរមីន ។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន បានយកចិត្តទុកដាក់ និងផ្តល់នូវការវាយតម្លៃខ្ពស់ចំពោះភាពជាប្រធាន និងម្ចាស់ផ្ទះរបស់កម្ពុជា ព្រមទាំងបានផ្តល់នូវអនុសាសន៍ណែនាំ និងសម្រេចបង្កើតនូវគណៈកម្មការអន្តរក្រសួងរៀបចំទទួលធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលសៀមរាប-អង្គរ នៃរដ្ឋភាគីអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤។ ជាមួយគ្នានោះ រាជរដ្ឋាភិបាល តាមរយៈអាជ្ញាធរមីន បានអំពាវនាវឱ្យ ចូលរួមគាំទ្រដល់ដំណើរការនៃកិច្ចប្រជុំកំពូលនេះ ពីសំណាក់ប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ សប្បុរសជន វិស័យឯកជន និងគ្រប់ភាគីពាក់ព័ន្ធ ដើម្បីធានាឱ្យការរៀបចំកិច្ចប្រជុំកំពូល កិច្ចប្រជុំពាក់ព័ន្ធ និងព្រឹត្តិការណ៍នានា ទទួលបានជោគជ័យ ។

ក្នុងនាមកម្ពុជា ជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ ឯកឧត្តមទេសរដ្ឋមន្រ្តី បានលើកឡើងអំពីវឌ្ឍនភាពនៃដំណើរការរៀបចំ និងការអនុវត្តកាតព្វកិច្ចនានាក្នុងនាមកម្ពុជា ជាប្រធាន និងម្ចាស់ផ្ទះ ក្នុងនោះរួមមានការជំរុញសកលភាវូបនីយកម្ម នៃសកម្មភាពមីនចំពោះ រដ្ឋមិនមែនភាគីមួយចំនួនក្នុងចំណោមប្រទេសមិនទាន់ជារដ្ឋភាគីទាំង ៣៣ ចូលជារដ្ឋភាគី។

ឯកឧត្តមទេសរដ្ឋមន្រ្តី គ្រោងនឹងដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយភាពជាម្ចាស់ផ្ទះ ជាមួយគ្រប់ភាគីក្រសួង-ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្តសៀមរាប និងភ្នាក់ងារបម្រើសេវាកម្មទេសចរណ៍នានានៅខេត្តសៀមរាប ដើម្បីត្រៀមការពារសុខសុវត្ថិភាព និងបដិសណ្ឋារកិច្ចដល់គណៈប្រតិភូមកពីជុំវិញពិភពលោក។

គណៈប្រតិភូនៃអង្គភាពគាំទ្រការអនុវត្ត(ISU)អនុសញ្ញាអូតាវ៉ា បានពាំនាំនូវការសាកសួរសុខទុក្ខ តាមរយៈឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ជូនចំពោះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន ព្រមទាំងបានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចគាំទ្រដល់ដំណើរការនៃកិច្ចប្រជុំអនុសញ្ញាឆ្នាំ២០២៤ ដែលកម្ពុជាធ្វើជាប្រធានដឹកនាំ និងម្ចាស់ផ្ទះ៕

ដោយ ង៉ាន់ ទិត្យ
រូបភាព រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner