ប្រមុខ អ.ស.ប អំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់ នៅហ្គាហ្សា

អ.ស.ប៖ អគ្គលេខាធិការ នៃអង្គការសហប្រជាជាតិ ហៅកាត់ អ.ស.ប អំពាវនាវឱ្យមាន «បទឈប់បាញ់ ដើម្បីមនុស្សធម៌ ជាបន្ទាន់» នៅតំបន់ហ្គាហ្សា ស្ទ្រីប ខណៈដែលការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហាម៉ាស នៅទីនោះ បានឆ្លងផុតដំណាក់កាលដ៏អាក្រក់ រយៈពេល១០០ ថ្ងៃ។

លោក Antonio Guterres បានមានប្រសាសន៍ នៅថ្ងៃចន្ទ សប្តាហ៍នេះថា «យើងត្រូវការបទឈប់បាញ់ ដើម្បីមនុស្សធម៌ ជាបន្ទាន់ នោះនឹងមានការធានាថា ជំនួយគ្រប់គ្រាន់ បានទៅដល់កន្លែងដែលត្រូវការ ដើម្បីសម្រួលដល់ការដោះលែងចំណាប់ខ្មាំង»

លោក Guterres បាននិយាយបែបនេះ នៅក្នុងសន្និសីទសារព័ត៌មាន នៅឯទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។

លោកអគ្គលេខាធិការអង្គការសហប្រជាជាតិរូបនេះបានបន្ថែមទៀតថា បទឈប់បាញ់បន្ទាន់នេះ ត្រូវតែមាន ដើម្បីលុបបំបាត់អណ្តាតភ្លើងនៃសង្រ្គាម ដែលកាន់តែរីករាលដាល។

«ជម្លោះក្នុងតំបន់ហ្គាហ្សា នៅតែបន្តកាន់តែយូរ ហានិភ័យនៃការកើនឡើង និងការគណនាខុស គឺកាន់តែធំ» នេះគឺជាការបញ្ជាក់បន្ថែម របស់លោក Guterres ។

មន្ត្រីសុខាភិបាល ហ្គាហ្សា គ្រប់គ្រងដោយពួកហាម៉ាសបានរាយការណ៍ថា នៅទីនោះ មានមនុស្សស្លាប់ជាង ២៤០០០នាក់ហើយ ក្នុងសង្គ្រាមជាមួយអ៊ីស្រាអែល បើគិតត្រឹមថ្ងៃចន្ទ សប្តាហ៍នេះ។ អ៊ីស្រាអែលនៅតែបន្តវាយប្រហារសងសឹក ទៅលើពួកហាម៉ាសប៉ាឡេស្ទីន ដែលបានឆ្មក់វាយប្រហារ អ៊ីស្រាអែល ស្លាប់មនុស្សជាង១ពាន់នាក់ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣។ សង្គ្រាមនេះ ត្រូវបានមើលឃើញថា ឈានចូលដល់ រយៈពេលជាង១០០ថ្ងៃហើយ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner