អ៊ីរ៉ង់ជំរុញឱ្យអាមេរិក និងអង់គ្លេស បញ្ឈប់សង្គ្រាមជាមួយយេម៉ែន
តេហេរ៉ង់៖ អ៊ីរ៉ង់បានជំរុញដល់សហរដ្ឋអាមេរិក និងអង់គ្លេស ឱ្យ «បញ្ឈប់សង្គ្រាមប្រឆាំងនឹងយេម៉ែន» បន្ទាប់ពីកងកម្លាំងប្រទេសទាំងពីរបានវាយប្រហារ ទៅលើក្រុមឧទ្ទាម Huthi នៅប្រទេសយេម៉ែន កាលពីពេលថ្មីៗនេះ។ ពួកគេ Huthi ត្រូវបានគេដឹងថា ជាក្រុមប្រដាប់អាវុធ ដែលមានប្រទេសអ៊ីរ៉ង់ គាំទ្រពីក្រោយ។
កងកម្លាំងអាមេរិក និងអង់គ្លេសបានវាយលុកគោលដៅជាច្រើន ក្នុងប្រទេសយេម៉ែន បន្ទាប់ពីមានការវាយប្រហារជាច្រើនសប្តាហ៍របស់ក្រុម Huthi ទៅលើនាវា នៅសមុទ្រក្រហម។ ពួកហ៊ូធីបានអះអាងថា ពួកគេវាយប្រហារនៅសមុទ្រក្រហម ដើម្បីបង្ហាញពីសាមគ្គីភាពជាមួយប៉ាឡេស្ទីន នៅក្នុងតំបន់ហ្គាហ្សា ស្ទ្រីប ដែលត្រូវបានបំផ្លិចបំផ្លាញដោយសារសង្រ្គាម។

យ៉ាងណាមិញ ការវាយប្រហារនេះបានបង្កើនការភ័យខ្លាចថា សង្គ្រាមរបស់អ៊ីស្រាអែល ជាមួយក្រុមសកម្មប្រយុទ្ធហាម៉ាស-ប៉ាឡេស្ទីន អាចរីករាលដាល នៅក្នុងតំបន់ កាន់តែទូលំទូលាយ។
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir-Abdollahian បាននិយាយ នៅក្នុងសន្និសីទសារព័ត៌មានមួយជាមួយសមភាគីឥណ្ឌា លោក Subrahmanyam Jaishankar កាលពីថ្ងៃចន្ទ សប្តាហ៍នេះ ថា «យើងព្រមានអាមេរិក និងអង់គ្លេស ឱ្យបញ្ឈប់សង្គ្រាមប្រឆាំងនឹងយេម៉ែន ជាបន្ទាន់» ។
លោក ក៏បានអំពាវនាវដល់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ឱ្យបញ្ឈប់សង្រ្គាមប្រឆាំង នឹងតំបន់ហ្គាហ្សាផងដែរ។ លោកបាននិយាយទៀតថា ក្រុម Huthi នឹងរារាំងកប៉ាល់នានា ឬ កប៉ាល់របស់អ៊ីស្រាអែល ដែលភ្ជាប់ទៅនឹងកំពង់ផែ អ៊ីស្រាអែល ដរាបណាជម្លោះ នៅតែបន្តនោះ។ កន្លងមក អ៊ីរ៉ង់ធ្លាប់បានហៅការវាយប្រហាររបស់អាមេរិក និងអង់គ្លេស នៅយេម៉ែន គឺជាអំពើបំពានច្បាប់អន្តរជាតិ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត