អភិបាលខេត្តបាត់ដំបងប្រាប់កសិករកំពុងធ្វើស្រូវប្រាំង ឱ្យប្រើប្រាស់ទឹកដោយសន្សំសំចៃ
បាត់ដំបង៖ ក្នុងឱកាសអញ្ជើញចុះពិនិត្យជាក់ស្ដែងនូវការធ្វើស្រូវប្រាំង របស់ កសិករនៅតាមបណ្តាស្រុកមួយចំនួនឯកឧត្តមអភិបាលខេត្តបាត់ដំបងបានប្រាប់ដល់កសិករ ឱ្យប្រើប្រាស់ទឹកដោយសន្សំសំចៃ ខណៈដែលទឹកសម្រាប់ ស្រោចស្រព មិនអាចធានាបានដល់ផ្ទៃដីដែលកសិករកំពុងតែដាំដុះ។

រយៈពេល២ថ្ងៃជាប់គ្នាចាប់ពីថ្ងៃទី១៥និងទី១៦ ខែមករា ឯកឧត្តម សុខ លូ និងមន្រ្តីជំនាញបានទៅពិនិត្យការធ្វើស្រូវប្រាំងរបស់កសិករនៅស្រុកសង្កែ ស្រុកបាណន់ ស្រុកមោងឫស្សី និងស្រុករុក្ខគិរី ព្រមទាំងមើលស្ថានភាព ប្រភព ទឹកនៅសំណង់ស្ទាក់ទឹកកង្ហត(ស្រុកបាណន់), ទំនប់ពហុបំណង សេកសក(ស្រុករតនមណ្ឌល) ទំនប់ស្ទាក់ទឹកឃុំជ្រៃ(ស្រុកមោងឫស្សី) និងទំនប់បង្ហៀរ ស្រុករុក្ខគីរី។

បន្ទាប់ពីពិនិត្យរួច ឯកឧត្តមអភិបាលខេត្តបានធ្វើការណែនាំដល់មន្រ្តីជំនាញ និងអាជ្ញាធរពាក់ព័ន្ធត្រូវពន្លឿនការដោះស្រាយបញ្ហាកង្វះទឹកជូនដល់ប្រជាកសិករដោយតម្លាភាព និងមានការកំណត់ជាក់លាក់ ខណៈការបើកផ្ដល់ទឹក ជូនដល់កសិករតាមស្រុកខ្លះខាងលើដែលមានចម្ងាយឆ្ងាយ។

លោកថា ការជួយសង្គ្រោះស្រូវប្រាំងជាកិច្ចការសំខាន់។ តែការរក្សា ទឹកទុក ផ្គត់ផ្គង់ឱ្យការហូប ការប្រើប្រាស់មិនថា មនុស្សឬសត្វ?វាកាន់ តែសំខាន់។ដូចនេះ អាជ្ញាធរមូលដ្ឋាន សហគមន៍ប្រើប្រាស់ទឹក និងប្រជា កសិករដែល កំពុងទទួលបានទឹកសង្គ្រោះស្រូវត្រូវមានការយោគយល់អធ្យាស្រ័យ ។ចេះប្រើប្រាស់ទឹកឱ្យបានត្រឹមត្រូវដោយការសន្សំសំចៃនិងមិនឱ្យលើសពីតម្រូវការ ។

សូមជម្រាបថា ខេត្តបាត់ដំបងកំពុងជួបខ្វះទឹកស្រោចស្រពស្រូវប្រាំងខ្លាំង ដោយសារតែកសិករបានធ្វើការដាំដុះលើសពីលទ្ធភាពទឹកស្រោចស្រពបាន។ប្រភពទឹកដែលអាចផ្គត់ផ្គង់បានប្រមាណ ២១ ០០០ហិកតា។តែបច្ចុប្បន្ន ការធ្វើស្រូវប្រាំងមានរហូតជាង៦ម៉ឺនហិកតា។ស្រូវប្រាំងដែលកំពុងខ្វះ ទឹកខ្លាំងជាងគេ នៅមោងឫស្សី ដែលមានចំនួនជិតមួយម៉ឺនហិកតា។មន្ទីរជំនាញកំពុងជួយអន្តរាគមន៍យ៉ាងមមាញឹក៕ (អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប)

