យន្តហោះ Korean Air បុកយន្តហោះ Cathay Pacific នៅអាកាសយានដ្ឋានជប៉ុន តែមិនមានអ្នកដំណើររបួសទេ
តូក្យូ៖ យន្តហោះ Korean Air ក្នុងថ្ងៃអង្គារសប្តាហ៍នេះ បានប៉ះជាមួយយន្តហោះ Cathay Pacific នៅឯអាកាសយានដ្ឋានមួយកន្លែងក្នុងប្រទេសជប៉ុន។ ភ្លាមៗ ក្រុមហ៊ុនអាកាសចរទាំងពីរនិយាយថា ឧបទ្ទវហេតុនេះ មិនមានអ្នកដំណើរណាម្នាក់រងរបួសទេ។
យន្តហោះ Korean Air ផ្ទុកអ្នកដំណើរចំនួន ២៧៦នាក់ រួមទាំងសហនាវិក ១៣នាក់ សរុប ២៨៩នាក់ បានប៉ះជាមួយយន្តហោះ Cathay Pacific នៅឯអាកាសយានដ្ឋាន New Chitose កោះហុកកៃដូ ប្រទេសជប៉ុន។ ឧបទ្ទវហេតុនេះ កើតឡើងនៅម៉ោង ៥និង៣៥នាទីល្ងាចថ្ងៃអង្គារ (ម៉ោងក្នុងតំបន់) នៅពេលដែលរថយន្តដឹកជញ្ជូនបានរុញយន្តហោះ Korean Air ឡើងលើផ្លូវដើម្បីហោះឡើង ប៉ុន្តែវាបានរអិលដោយសារព្រិល ទើបធ្វើឱ្យស្លាបខាងឆ្វេងរបស់យន្តហោះនេះ ប៉ះស្លាបខាងស្តាំយន្តហោះ Cathay Pacific ដែលកំពុតចត។

បើតាមសេចក្តីរាយការណ៍បឋម គ្រោះថ្នាក់នេះ មិនបណ្តាលឱ្យមានអ្នកដំណើរ និងសហនាវិកណាម្នាក់រងរបួសទេ ខណៈដែលក្រុមហ៊ុនអាកាសចរណ៍កំពុងសហការជាមួយអាជ្ញាធរពាក់ព័ន្ធទាំងអស់ បើកដំណើរការស៊ើបអង្កេត។ ប្រព័ន្ធផ្សព្វផ្សាយរបស់កោះហុកកៃដូ ក៏បានឱ្យដឹងដែរថា ភ្លាមៗ ក្រុមពន្លត់អគ្គិភ័យព្រលានយន្តហោះត្រូវបានបញ្ជូនទៅកាន់ទីតាំងកើតហេតុ ប៉ុន្តែមិនបានរកឃើញការលិចធ្លាយប្រេង ឬភ្លើងឆេះនោះទេ។
ចំណែកជើងហោះហើរចំនួន ៤៦ ត្រូវគេរាយការណ៍ថា បានលុបចោលការហោះហើរជាបណ្តោះអាសន្ន ដោយសារព្រិលធ្លាក់ខ្លាំង។
គួរបញ្ជាក់ផងដែរថា គ្រោះថ្នាក់នេះ កើតឡើងពីរសប្តាហ៍ បន្ទាប់ពីយន្តហោះពីរគ្រឿងបានបើកបុកគ្នាឆេះនៅឯអាកាសយានដ្ឋាន Hanada ទីក្រុងតូក្យូ ក្នុងនោះមួយគ្រឿងជាយន្តហោះរបស់ក្រុមហ៊ុនអាកាសចរ Japan Airline និងមួយគ្រឿងទៀតជាយន្តហោះក្រុមឆ្មាំសមុទ្រ បណ្តាលឱ្យមនុស្ស ៥នាក់ស្លាប់៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា