ក្រុមហ៊ុន Grab ប្តេជ្ញាធ្វើជាគម្រូល្អ ក្នុងការគោរពច្បាប់ចរាចរណ៍
ស្វីស៖ ក្រុមហ៊ុន Grab ប្តេជ្ញាជំរុញអ្នកប្រកបអាជីវកម្មដោយប្រើថ្នាល ឌីជីថល Grab ធ្វើជាគម្រូល្អ ក្នុងការគោរពច្បាប់ចរាចរណ៍ ការផ្តល់ សុវត្ថិភាព និងផាសុកភាពដល់អតិថិជនរបស់ខ្លួន ជាប់ជាប្រចាំ ។ការបញ្ជាក់នេះបានធ្វើឡើងក្នុងឱកាសលោក Anthony Tan នាយក ប្រតិបត្តិ និងជាសហស្ថាបនិកក្រុមហ៊ុន Grab ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ ខណៈសម្ដេចអញ្ជើញចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក ឆ្នាំ២០២៤ នៅទីក្រុងដាវ៉ូស ប្រទេសស្វីស ។

ក្នុងជំនួបនេះ លោក Anthony Tan បានជម្រាបជូនសម្ដេចធិបតីអំពី សកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន Grab ដែលត្រូវបានបង្កើត ឡើងក្នុង ឆ្នាំ២០១២ ជាក្រុមហ៊ុនបច្ចេកវិទ្យាតាមប្រព័ន្ធទូរស័ព្ទឆ្លាត (Smart phone) ដែលផ្តល់សេវាកម្មដឹកជញ្ជូន និងការទូទាត់តាមប្រព័ន្ធឌីជីថល សម្រាប់អ្នកបើកបរ ដៃគូពាណិជ្ជករ និងអ្នកប្រើប្រាស់។ សព្វថ្ងៃ ក្រុមហ៊ុន Grab មានវត្តមានអាជីវកម្ម នៅក្នុងប្រទេសកម្ពុជា សិង្ហបុរី ម៉ាឡេស៊ី ហ្វីលីពីន ថៃ វៀតណាម និងតំបន់អាស៊ីអាគ្នេយ៍។
សម្តេចធិបតីបានអរគុណចំពោះការបណ្តាក់ទុនវិនិយោគនៅកម្ពុជា ក្នុងវិស័យដឹកជញ្ជូន ដែលគម្រូអាជីវកម្មរបស់ Grab បានចូលរួម ចំណែកយ៉ាងសំខាន់ក្នុងទាក់ទាញ និងប្រមូលផ្តុំប្រតិបត្តិករក្រៅប្រព័ន្ធ ជាពិសេស ផ្នែកដឹកជញ្ជូន ឱ្យចូលមកក្នុងថ្នាលឌីជីថលរបស់ Grab ដែលកំពុងតែមានការអភិវឌ្ឍ និងទំនើបកម្មជាលំដាប់ ។
សម្តេចធិបតី បានបញ្ជាក់ជូនលោក Anthony Tan នូវការគាំទ្រចំពោះការ ប្តេជ្ញា របស់ក្រុមហ៊ុន Grab ក្នុងការជំរុញអ្នកប្រកបអាជីវកម្មដោយប្រើថ្នាល ឌីជីថល Grab ធ្វើជាគម្រូក្នុងការគោរពច្បាប់ចរាចរណ៍ ការផ្តល់សុវត្ថិភាព និងផាសុកភាពដល់អតិថិជនរបស់ខ្លួន ជាប់ជាប្រចាំ ៕





ដោយៈវណ្ណលុក