ផ្ទុះការតវ៉ាប្រឆាំងផែនការប្តូរឡានឈ្នួលសល់ពីសម័យសង្គ្រាមលោកលើកទី២ នៅហ្វីលីពីន

ម៉ានីល៖ ក្រុមអ្នកបើកឡានឈ្នួល (Jeepney) នៅហ្វីលីពីន ក្នុងថ្ងៃអង្គារសប្តាហ៍នេះ បានធ្វើការតវ៉ាដ៏រំខានមួយក្នុងរដ្ឋធានីម៉ានីល ជុំវិញផែនការរបស់រដ្ឋាភិបាល ក្នុងការបញ្ឈប់រថយន្តដែលហុយផ្សែង ហើយជំនួសដោយរថយន្តក្រុងខ្នាតតូចទំនើបវិញ។

បាតុកររាប់រយនាក់បានចូលរួមជាមួយក្បួនឡានឈ្នួល (jeepney) ជាង ១៥០គ្រឿង បើក និងដើរក្បួនឆ្លងកាត់រដ្ឋធានីម៉ានីល ដើម្បីសម្តែងការតវ៉ាប្រឆាំងនឹងផែនការបញ្ឈប់ការប្រើប្រាស់រថយន្តហ៊ុយផ្សែង ប៉ះពាល់ដល់បរិស្ថាន។ ផែនការនេះ ដាក់ចេញកាលពីឆ្នាំ ២០១៧ ជាផ្នែកមួយនៃកម្មវិធីធ្វើទំនើបកម្ម ដើម្បីកែលម្អប្រព័ន្ធដឹកជញ្ជូនសាធារណៈ ដែលបង្កភាពវឹកវររបស់ប្រទេសហ្វីលីពីន។

ប៉ុន្តែការអនុវត្តផែនការនេះ ត្រូវពន្យារពេលម្តងហើយម្តងទៀត ដោយសារតែការតវ៉ា និងការរាតត្បាតពីជំងឺ Covid-19។ ជាមួយគ្នានេះ ប្រតិបត្តិករឡានឈ្នួល (Jeepney) ត្រូវបានទុករយៈពេលឱ្យរហូតដល់ដំណាច់ឆ្នាំ ២០២៣ ដើម្បីចូលរួមជាមួយសហករណ៍លើគម្រោងមានរយៈពេលពី ២ ទៅ ៣ឆ្នាំ ក្នុងការជំនួសឡានរបស់ពួកគេ ជាមួយយានជំនិះទំនើប មានសុវត្ថិភាពជាង និងមិនសូវបំពុលបរិស្ថានជាង។

ក្រុមមន្ត្រីបាននិយាយថា សហករណ៍នឹងអាចទទួលបានហិរញ្ញប្បទានពីធនាគារ និងទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាល ចន្លោះពី ២០០,០០០ ទៅ ៣០០,០០០ប៉េសូក្នុងរថយន្តមួយគ្រឿង ដើម្បីសម្រាលបន្ទុកហិរញ្ញវត្ថុនៃការផ្លាស់ប្តូរនេះ។ ប៉ុន្តែអ្នកបើកបរដែលជំទាស់នឹងដំណាក់កាលចេញបានប្រកែកថា ការចូលរួមសហករណ៍ និងទិញយានជំនិះថ្មី នឹងធ្វើឱ្យពួកគេជាប់ផុងក្នុងបំណុល និងមិនអាចរកប្រាក់ផ្គត់ផ្គង់ជីវភាពគ្រួសារគ្រប់គ្រាន់។

សូមបញ្ជាក់ថា ឡានឈ្នួល (Jeepneys) គ្រឿងដំបូងត្រូវបានផលិតចេញពីរថយន្ត jeeps របស់អាមេរិក ដែលនៅសល់បន្ទាប់ពីសង្គ្រាមលោកលើកទីពីរ។ រថយន្តនេះដែរ គឺជានិមិត្តសញ្ញាជាតិរបស់ហ្វីលីពីន ហើយបម្រើជាឆ្អឹងខ្នងនៃប្រព័ន្ធដឹកជញ្ជូនរបស់ប្រទេសនេះ។ ឡានឈ្នួលនេះ បានដឹកមនុស្សរាប់លាននាក់នៅទូទាំងប្រទេសហ្វីលីពីន ក្នុងតម្លៃត្រឹមតែ ១៣ប៉េសូ ឬ ២៣សេនដុល្លារ៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner