ឯកឧត្តម សុខ ពុទ្ធិវុធ ៖ អត្តពលិកត្រូវពង្រឹងសមត្ថភាព ដើម្បីត្រៀមចូលរួម ការប្រកួតជាលក្ខណៈអន្តរជាតិ
(មណ្ឌលគីរី)៖ ការប្រកួតកីឡាបាញ់កាំភ្លើងពានរង្វាន់ CSF IPSC Challenge Series ឆ្នាំ២០២៤ បានបញ្ចប់ដោយជោគជ័យ បន្ទាប់ពីដំណើររយៈពេល១ថ្ងៃ នៅខេត្តមណ្ឌលគីរី ដោយមានកីឡាករចូលរួមសរុប ២៧នាក់ ចែកចេញជា៤ វិញ្ញាសា ។
ឯកឧត្តម ស៊ិន សូផានណាក់ អគ្គលេខាធិការសហព័ន្ធកីឡាបាញ់កាំភ្លើង បានអោយដឹងថា ការប្រកួតកីឡាបាញ់កាំភ្លើងពានរង្វាន់ CSF IPSC Challenge Series ឆ្នាំ២០២៤ មានកីឡាករចូលរួមសរុប ២៧នាក់ ចែកចេញជា៤ វិញ្ញាសា។ ឯកឧត្តមអគ្គលេខាធិការ បន្តថា បន្ទាប់ពីការប្រកួតនេះ សហព័ន្ធគ្រោងនឹងរៀបចំការប្រកួតថ្នាក់ជាតិ ដើម្បីស្វែងរកកីឡាករឆ្នើមចូលក្រុមជម្រើសរើសជាតិហ្វឹកហាត់បង្កើនសមត្ថភាព និងបច្ចេកទេសអោយកាន់តែប្រសើរ ជាពិសេសសហព័ន្ធមានផែនការបញ្ជូនកីឡាករទៅហ្វឹកហាត់ក្រៅប្រទេស និងការប្រកួតជាលក្ខណៈអន្តរជាតិ ដូចជា ក្នុងតំបន់អាស៊ាន អាស៊ី និងលើវិញ្ញាសាកីឡាអូឡាំពិកជាដើម ។

ឯកឧត្តម សុខ ពុទ្ធិវុធ ប្រធានសហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា បានមានប្រសាសន៍ថា គោលបំណងសំខាន់ នៃការរៀបចំការប្រកួតនេះ គឺធ្វើឡើងដើម្បីពង្រឹងសមត្ថភាពកីឡាករ ដើម្បីចូលរួមការប្រកួតជាលក្ខណៈអត្តរជាតិធំៗ ដូចជាការប្រកួតអន្តរជាតិ នៅតំបន់អាស៊ាន កីឡាអាស៊ី ក្នុងនោះសហព័ន្ធក៏កំពុងពង្រឹងវិញ្ញាសាកីឡា Olympic គឺវិញ្ញាសាបាញ់កាំភ្លើង ISSF ផងដែរ។ ប៉ុន្តែដើម្បីជោគជ័យការប្រកួតធំៗបាន ឯកឧត្តមប្រធាន ស្នើអោយកីឡាករ គ្រូបង្វឹក បង្កើនយកចិត្តទុកដាក់លើការបណ្តុះបណ្តាល នៅលើទីលានប្រកួតជាក់ស្តែង ទាំងទ្រឹស្តី បច្ចេកទេស និងបទពិសោធន៍ប្រកួតដល់កីឡាករថ្មីៗ ដែលទើបប្រកួតរួច។ ឯកឧត្តម សុខ ពុទ្ធិវុធ បន្ថែមទៀតថា ក្រៅពីផ្តោតលើសិទ្ធផល ការហ្វឹកហាត់ និងការបណ្តុះបណ្តាល កាប្រកួតនេះ ក៏បានរួមចំនែកបំផុស ផ្សព្វផ្សាយកីឡាបាញ់កាំភ្លើងអោយកាន់តែទូលំទូលាយ និងរីកចម្រើន ថែមទាំងទទួលបានសាមគ្គីភាព មិត្តភាព និងបង្កើនកិច្ចសហប្រតិបត្តិការគ្នាអោយកាន់តែស្អិតរមួតបន្ថែមទៀត ជាពិសេសកីឡាទំនើបមួយនេះ ក៏ជាចលករអាចស្រូបទាញកីឡាករបរទេស និងភ្ញៀវទរសចរអន្តរជាតិមកកាន់កម្ពុជាផងដែរ។

គួរបញ្ជាក់ថា សម្រាប់លទ្ធផលបច្ចេកទេសការប្រកួតលើ៤វិញ្ញាសាវិញ វិញ្ញាសា OPEN លេខ១ កីឡាករ KUCH , លេខ២ RITH និងលេខ៣ កីឡាករ SOK PUTHYVUTH។ វិញ្ញាសា PRODUCTION OPTICS លេខ១ MONI, លេខ២ YOUTH និងលេខ៣ VANNMA ។ វិញ្ញាសា STANDARD លេខ១ NIKOSON លេខ២ ISHIKAWA និងលេខ៣ RICHIE ការប្រកួតពានរង្វាន់នេះ ទទួលបានឧបត្តម្ភពីក្រុម Hanuman និងបូរី Up Town ៕





ចាន់ វិចិត្រ