ឥណ្ឌា និងអាហ្សង់ទីន ចុះកិច្ចព្រមព្រៀងជាប្រវត្តិសាស្រ្ត មានតម្លៃ ២៤លានដុល្លារ ដើម្បីរុករករ៉ែលូចូម

ញូវដែលី៖ ឥណ្ឌាទិញសិទ្ធិរុករក និងចម្រាញ់រ៉ែលីចូមនៅប្រទេសអាហ្សង់ទីន ក្នុងកិច្ចព្រមព្រៀងក្រៅប្រទេសលើកដំបូងរបស់ខ្លួន ក្នុងគោលបំណងកាត់បន្ថយការពឹងផ្អែកលើប្រទេសចិន សម្រាប់លោហៈធាតុផ្គត់ផ្គង់ដល់បច្ចេកវិទ្យាពណ៌បៃតងដ៏សំខាន់។

អាហ្សង់ទីន ឈីលី និងបូលីវី រួមគ្នាបង្កើតបានជាអ្វីដែលអ្នកវិភាគហៅថា “ត្រីកោណលីចូម” ជាតំបន់ដែលអ្នកជំនាញប៉ាន់ប្រមាណថា មានធនធានរ៉ែលីចូមជាងពាក់កណ្តាលនៃពិភពលោក។ កិច្ចព្រមព្រៀង៥ប្លុកត្រូវបានចុះហត្ថលេខារវាងក្រុមហ៊ុនរដ្ឋ Khanij Bidesh India និងក្រុមហ៊ុន Camyen SE របស់រដ្ឋាភិបាលអាហ្សង់ទីន នៅក្នុងខេត្ត Catamarca ដែលជាប្រភពធនធានរ៉ែលីចូមដ៏ធំបំផុតរបស់ប្រទេសអាហ្សង់ទីន។

រដ្ឋមន្ត្រីធ្យូងថ្ម និងរ៉ែឥណ្ឌា លោក Pralhad Joshi ថ្លែងថា កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រ មានតម្លៃ ២៤លានដុល្លាររវាងឥណ្ឌា និងអាហ្សង់ទីនខាងលើនេះ នឹងធានាបាននូវខ្សែសង្វាក់ផ្គត់ផ្គង់ដែលមានភាពធន់ និងចម្រុះសម្រាប់សម្ភារៈសំខាន់ៗ និងជាយុទ្ធសាស្ត្រ។ រ៉ែលីចូម គឺជាធាតុផ្សំដ៏សំខាន់ក្នុងអាគុយសម្រាប់ផ្ទុកថាមពល និងរថយន្តអគ្គិសនី។

ឥណ្ឌា គឺជាប្រទេសមួយក្នុងចំណោមប្រទេសបញ្ចេញឧស្ម័នផ្ទះកញ្ចក់កំពូលរបស់ពិភពលោក ប៉ុន្តែក៏កំពុងជំរុញការផលិតរថយន្តអគ្គិសនីរបស់ខ្លួនផងដែរ ហើយប្តេជ្ញាថា នឹងក្លាយទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ ២០៧០។ ឥណ្ឌាបាននាំចូលរ៉ែលីចូម ក្នុងទំហំទឹកប្រាក់ ៣៣លានដុល្លារក្នុងឆ្នាំ ២០២២-២០២៣ ក្នុងនោះច្រើនជាង ២ភាគ៣ នាំចូលពីប្រទេសចិន នេះបើយោងតាមតួលេខរបស់រដ្ឋាភិបាល។

សូមរម្លឹកថា ក្នុងឆ្នាំ ២០២៣ ប្រទេសឥណ្ឌាក៏បានរកឃើញទីតាំងរ៉ែលីចូមដំបូងរបស់ខ្លួនផងដែរ នៅតំបន់ Jammu និង Kashmir ដោយមានទុនបម្រុងប៉ាន់ស្មានចំនួន ៥.៩លានតោន៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner