ទីភ្នាក់ងារជាតិមុខរបរ និងការងារ នឹងធ្វើកិច្ចសម្ភាសន៍ ផ្ដល់ការងារជាង ២០០កន្លែង នៅថ្ងៃទី១៨ ខែមករា

ភ្នំពេញ៖ នៅថ្ងៃ ទី១៨ ខែមករា ឆ្នាំ២០២៤ ស្អែកនេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងរៀបចំកិច្ចសម្ភាសន៍ការងាររយៈពេល ១ថ្ងៃពេញ ដោយនាំយកឱកាសការងារចំនួន ២៥៩កន្លែង ដល់យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ ។

សម្រាប់កិច្ចសម្ភាសការងារនេះ នឹងមានធនាគារ និងវិទ្យាស្ថានចំនួន៣ ចូលរួម ក្នុងនោះមាន វិទ្យាស្ថាន អេស៊ីលីដា, មីក្រូហិរញ្ញវត្ថុមហានគរ និងធនាគារ LOLC ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៥ល្ងាច នៅក្នុងបរិវេណ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។

លោក មោន យីម ប្រធានផ្នែកជ្រើសរើសបុគ្គលិកនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមហានគរ លើកឡើងថា កន្លងមក មហានគរ បានចូលរួមជាមួយ NEA ជាច្រើនលើកច្រើនសារ មកហើយ ។ ជាលទ្ធផល យើងក៏ទទួលបានបេក្ខជនជាច្រើនរូប ពីការសម្ភាសន៍ក្នុងវេទិកា ក៏ដូចជាពិព័រណ៍ការងារផងដែរ ។ លោកបន្ថែមថា ការចូលរួមសហការជាមួយនឹង NEA កន្លងមក គឺពិតជាបានរួមចំណែកដ៏សំខាន់ក្នុងការជ្រើសរើសបុគ្គលិកប្រកបដោយគុណភាព និងទាន់តម្រូវការរបស់ស្ថាប័ន របស់លោកផងដែរ ។

តំណាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមហានគររូបនេះ បានបញ្ជាក់បន្តថា ៖ «ការចូលរួមលើកនេះខាងស្ថាប័ន របស់យើងមានតម្រូវការបុគ្គលិកជាច្រើនរូប និងជាច្រើនមុខដំណែង យើងត្រូវការទាំងអ្នកមាន បទពិសោធន៍ និងគ្មានបទពិសោធន៍ ។ សម្រាប់អ្នក ដែលគ្មានបទពិសោធន៍យើងក៏នឹង ធ្វើការបណ្តុះបណ្តាល ដល់ពួកគាត់មុននឹងចូលបម្រើការងារផងដែរ» ។

សម្រាប់ សិស្ស-និស្សិត សាធារណៈជនទូទៅ ដែលមានបំណងចង់ស្វែងរកការងារ ឬផ្លាស់ប្តូរការងារ កុំភ្លេចចូលរួម ដាក់ពាក្យសម្ភាសជាមួយក្រុមហ៊ុន ដោយផ្ទាល់ ពិសេសកុំភ្លេច រៀបចំខ្លួនឲ្យបានសមរម្យ មុននឹងចូលសម្ភាសន៍ ដោយភ្ជាប់ជាមួយនឹងប្រវត្តិរូបរបស់ខ្លួនផងដែរ ។

ព័ត៌មានបន្ថែម សូមទាក់ទងមជ្ឈមណ្ឌលការងារ រាជធានីភ្នំពេញ នៃ ទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ) ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner