គ្រប់បុគ្គល មិនប្រកាសទ្រព្យសម្បត្តិ និងបំណុល គឺជាអំពើខុសច្បាប់ ប្រឈមនឹងការផ្ដន្ទាទោសដាក់ពន្ធនាគារ

ភ្នំពេញ៖ គ្រប់បុគ្គល មិនប្រកាសទ្រព្យសម្បត្តិ និងបំណុល យោងមាត្រា៣៨ ច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ គឺប្រឈមនឹងការផ្តន្ទាទោសដាក់ពន្ធនាគារ ពី ១ ខែ ទៅ១ ឆ្នាំ និងពិន័យជាប្រាក់ពី ១០០០០០ (មួយសែន) រៀល ទៅ ២០០០០០០ (ពីរលាន) រៀល» ។ នេះជាការបញ្ជាក់ពីសំណាក់ឯកឧត្ដម ខូយ លឹមហុង ឧបការី នៃអង្គភាពប្រឆាំងអំពើពុករលួយ ទទួលបន្ទុកការងារប្រកាសទ្រព្យសម្បត្តិ និងបំណុល ។

ឯកឧត្ដម ខូយ លឹមហុងបានលើកឡើងនៅថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២៤នេះថា៖” គ្រប់បុគ្គលដែលមិនប្រកាស នឹងត្រូវបង្ខំឱ្យធ្វើការប្រកាសទ្រព្យសម្បត្តិជូនអង្គភាពប្រឆាំងអំពើពុករលួយ។ ក្នុងករណីរឹងរូសមិនព្រមប្រកាសទ្រព្យសម្បត្តិទៀត នឹងត្រូវផ្ដន្ទាទោសទ្វេដង”។

ឯកឧត្តមបានឱ្យដឹងបន្ថែមថា៖គិតត្រឹមម៉ោង ១២រសៀលថ្ងៃទី១៧ ខែមករានេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងខេត្តកំពត បានបំពេញកាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំណុលចប់ ១០០ភាគរយ។ ឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុលតាមរបប ០២ឆ្នាំ ដែលនាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុលទទួលបានសរុបចំនួន ១៦០២៥ រូប ស្មើនឹង ៨៧,៦៦ភាគរយនៃចំនួនត្រូវប្រកាសសរុប ១៨២៧៩ រូប។

គួរបញ្ជាក់ថា អង្គភាពប្រឆាំងអំពើពុករលួយ រង់ចាំទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល ០៧ ថ្ងៃក្នុងមួយសប្តាហ៍ ដោយមិនឈប់សម្រាកថ្ងៃសៅរ៍ ថ្ងៃអាទិត្យ និងថ្ងៃបុណ្យឡើយ និងមានរយៈពេលពេញមួយខែ ពីថ្ងៃទី១ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៥ល្ងាច ៕ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner