ទេសចរជនជាតិចិនកាន់តែច្រើនត្រូវបានរំពឹងថា នឹងទៅស្វាគមន៍ពិធីបុណ្យចូលឆ្នាំថ្មី នៅក្នុងប្រទេសថៃ
បាងកក៖ ថៃរំពឹងថា នឹងឃើញមានទេសចរចិនច្រើន អំឡុងពិធីបុណ្យចូលឆ្នាំចិន នៅឆ្នាំ២០២៤ នេះបើតាមលោក Sisdivachr Cheewarattanaporn ប្រធានសមាគមទីភ្នាក់ងារធ្វើដំណើរថៃ ហៅកាត់ថា ATTA។
លោក Cheewarattanaporn បានបង្ហាញពីក្តីសង្ឃឹមបែបនេះ តាមរយៈគោលនយោបាយ «ទិដ្ឋការមិនគិតថ្លៃ» របស់រដ្ឋាភិបាល សម្រាប់ភ្ញៀវទេសចរចិន ដែលបាននិងកំពុងដាក់ឲ្យដំណើរការរយៈពេល ៥ខែមកហើយ ដែលគ្រោងនឹងបញ្ចប់ នៅចុងខែកុម្ភៈ ឆ្នាំ២០២៤។
លោកបាននិយាយ កាលពីថ្ងៃអង្គារ សប្តាហ៍នេះថា បណ្តាទីភ្នាក់ធ្វើដំណើរនានា ក៏ពេញចិត្តនឹងកំណើននៃការកក់ជើងហោះហើរ ជាបន្តបន្ទាប់ មកពីប្រទេសចិន ទៅកាន់ប្រទេសថៃផងដែរ នេះបើតាមការចេញផ្សាយរបស់ The Nation នាថ្ងៃទី១៧ ខែមករា។
លោកបានលើកឡើងថា «ទេសចរចិនភាគច្រើន កក់ជាកញ្ចប់ទេសចរណ៍ ប្រហែលជា ១សប្តាហ៍មុន ដូច្នេះ យើងរំពឹងថា នឹងឃើញមានកំណើននៃការកក់ នៅសប្តាហ៍ចុងក្រោយ នៃខែមករា»។
របាយការណ៍ផ្លូវការបានបង្ហាញថា កាលពីសប្តាហ៍ទី១ នៃខែមករា ជនជាតិចិននាំមុខគេ ក្នុងបញ្ជីភ្ញៀវបរទេស ដែលបានទៅដល់ប្រទេសថៃ ក្នុងនោះ មានជាង៨ម៉ឺននាក់ ខណៈម៉ាឡេស៊ី មានជាង៦ម៉ឺននាក់ រុស្ស៊ីមានជាង៥ម៉ឺននាក់ និងកូរ៉េខាងត្បូងមានជាង៤ម៉ឺននាក់ នេះបើតាមលោកប្រធានសមាគមទីភ្នាក់ងារធ្វើដំណើរថៃរូបនេះ ដដែល។
គួរបញ្ជាក់ថា ពិធីបុណ្យចូលឆ្នាំចិន នៅឆ្នាំ២០២៤ គ្រោងនឹងប្រព្រឹត្តទៅ ចន្លោះពីថ្ងៃទី១០ ១១ និង ១២ ខែកុម្ភៈ ខាងមុខនេះ៕ ប្រភព៖The Nation, រូបភាព៖ AFP , ប្រែសម្រួល៖ សារ៉ាត