ជម្លោះនៅព្រំដែនរវាងអាហ្វហ្គានីស្ថាន និងប៉ាគីស្ថានបានធ្វើឲ្យរថយន្តដឹកទំនិញរាប់ពាន់គ្រឿង ដែលធ្លាប់តែឆ្លងកាត់នៅទីនោះ បានជាប់គាំង

អ៊ីស្លាម៉ាបាត៖ រថយន្តដឹកទំនិញពាន់គ្រឿង នៅតែបន្តជាប់គាំង នៅក្នុងតំបន់មមាញឹក នៃព្រំដែន រវាងប្រទេសអាហ្វហ្គានីស្ថាន និងប៉ាគីស្ថាន ក្នុងរយៈពេលប៉ុន្មានថ្ងៃ ចុងក្រោយនេះ។ ជាប់គាំងដោយសារតែមានការបិទព្រំដែន មិនឲ្យធ្វើពាណិជ្ជកម្ម ចំពេលដែលប្រទេសក្បែរខាងគ្នាទាំងពីរកំពុងមានជម្លោះ ជាមួយគ្នា។

កាលពីថ្ងៃអង្គារ សប្តាហ៍នេះ ក្រុមអ្នកបើកបររថយន្តដែលរង់ចាំនៅខាងទឹកដីប៉ាគីស្ថានបានរអ៊ូរទាំថា ក្រុមមន្ត្រីគ្រាន់តែសួរនាំ អំពីទិដ្ឋការ និងលិខិតឆ្លងដែន ក្នុងការប៉ុនប៉ងឆ្លងកាត់ព្រំដែន តែប៉ុណ្ណោះ។

គួរបញ្ជាក់ថា ការឆ្លងកាត់ព្រំដែនរវាងប្រទេសទាំងពីរ ត្រូវបានផ្អាកបណ្តោះអាសន្ន ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ក្រោយពេលដែលប៉ាគីស្ថាន កាលពីឆ្នាំមុន បានធ្វើប្រតិបត្តិការទ្រង់ទ្រាយដ៏ធំ ប្រឆាំងនឹងជនជាតិអាហ្វហ្គានីស្ថាន ដែលគ្មានឯកសារ ហើយដែលកំពុងរស់នៅក្នុងប្រទេសប៉ាគីស្ថាន។ ពួកគេបានរឹតបន្តឹងលើតម្រូវការឯកសារ សម្រាប់ជនជាតិអាហ្វានីស្ថាន ដើម្បីអាចចូលទៅក្នុងទឹកដីប៉ាគីស្ថានបាន។

មន្ត្រីព្រំដែនបាននិយាយថា ច្រកឆ្លងកាត់តំបន់ Torkham ត្រូវបានបិទ សម្រាប់រថយន្តពាណិជ្ជកម្ម តាំងពីយប់ថ្ងៃសុក្រ សប្តាហ៍មុន។ ពេលនោះ មានរថយន្តប្រហែល ៣០០០ គ្រឿងបានជាប់គាំង នៅសងខាងព្រំដែន គិតត្រឹមថ្ងៃច័ន្ទ សប្តាហ៍នេះ។

សហប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មចម្រុះប៉ាគីស្ថាន-អាហ្វហ្គានីស្ថាន លោក Khan Jan Alakozai បានប្រាប់ AFP ថា «នេះមិនត្រឹមតែធ្វើឲ្យមានការខាតបង់ដល់ពាណិជ្ជករមកពីប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងបានធ្វើឲ្យតម្លៃទីផ្សារកើនឡើងផងដែរ ព្រោះទំនិញភាគច្រើន មានដូចជា មុខម្ហូបអាហារ ជាដើម ដែលនឹងត្រូវវិនាស ប្រសិនបើការឆ្លងកាត់ នៅតែបិទបែបនេះ»។

ទំនាក់ទំនងរវាងប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន មានភាពកាន់តែយ៉ាប់យ៉ឺន ក្នុងប៉ុន្មានខែថ្មីៗនេះ ដោយសារតែប៉ាគីស្ថានបានចោទប្រកាន់រដ្ឋាភិបាលតាលីបង់ ដែលកំពុងគ្រប់គ្រងប្រទេសអាហ្វហ្គានីស្ថានថា បរាជ័យក្នុងការកម្ចាត់ពួកសកម្មប្រយុទ្ធ ដែលវាយប្រហារលើប៉ាគីស្ថាន។ គេបានចោទទៀតថា ពួកសកម្មប្រយុទ្ធ នេះទាំងនេះ មានមូលដ្ឋាន នៅទឹកដីអាហ្វហ្គានីស្ថាន។ ក៏ប៉ុន្តែ អាហ្វហ្គានីស្ថានបានបដិសេធ ចំពោះការចោទប្រកាន់នេះ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner