កម្លាំងចម្រុះស្រុកឯកភ្នំ ឃាត់ខ្លួនមនុស្សប្រាំនាក់ ក្នុងការបង្រ្កាបបទល្មើសនេសាទ

បាត់ដំបង៖លោក ម៉ិល សុផល អភិបាលស្រុកឯកភ្នំ និងជា ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកបានដឹកនាំកងកម្លាំង ចម្រុះចុះបង្រ្កាបនូវបទល្មើសនេសាទក្នុងភូមិសាស្រ្តរបស់ខ្លួនដោយបានឃាត់ខ្លួនជនសង្ស័យចំនួនប្រាំនាក់។ចំណែកវត្ថុតាង ជា ឧបករណ៍នេសាទល្មើសខុសច្បាប់ជាច្រើនមុខដុតបំផ្លាញចោលនៅនឹងកន្លែងទៀតផង។

លោកអភិបាលស្រុកឯកភ្នំ បានឱ្យដឹងថា សកម្មភាពចុះបង្រ្កាប បទ ល្មើសនេសាទនេះ គឺធ្វើឡើងចាប់ពីថ្ងៃទី១៣-១៥ ខែមករា ឆ្នាំ២០២៤ នៅក្នុងភូមិសាស្ត្រអតីតឡូត៍នេសាទលេខ២និង តំបន់រ៉ាមសារព្រែកទាល់ ឃុំកោះជីវាំង ស្រុកឯកភ្នំ ។

លោកបន្តថា ជាលទ្ធផលកម្លាំងចម្រុះបានកាប់បំផ្លាញ និងដុត ចោល នូវសាច់មងជិតពីរម៉ឺនម៉ែត្រ,ឡុកចំនួន ៥០,បង្គោលឈើ ១ ០០០ដើមនិងចាក់លែងកូនត្រីចម្រុះចូលទៅបឹងធម្មជាតិវិញជិត៥០០គីឡូក្រាម។ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចបានឃាត់ខ្លួន ជន សង្ស័យប្រាំនាក់ប្រគល់ទៅឱ្យខាងមន្រ្តីជំនាញជលផលដើម្បីចាត់ការតាមនីតិវិធី។ដោយឡែកមនុស្សមួយចំនួនទៀតត្រូវបាន អប់រំ និងឱ្យធ្វើកិច្ចសន្យា។

លោក ម៉ិល សុផល បានអំពាវនាវដល់អ្នកប្រព្រឹត្តបទល្មើស ទាំង អស់ ត្រូវប្រញាប់រុះរើឧបករណ៍នេសាទចេញជាបន្ទាន់ឱ្យបាន ឆាប់កាន់តែប្រសើរ។ក្នុងករណីមិនអនុវត្តតាមការណែនាំនេះ កម្លាំងសមត្ថកិច្ចចម្រុះនឹងចាត់វិធានការក្ដៅដោយមិនមានការលើក
លែង៕
(អត្ថបទ-រូបភាព ៖ អ៊ុក សំអាន បប)

ads banner