មនុស្សស្លាប់កើនដល់ ២៣នាក់ ក្នុងហេតុការណ៍ផ្ទុះរោងចក្រផលិតកាំជ្រួចនៅថៃ
បាងកក៖ ឧបទ្ទវហេតុផ្ទុះរោងចក្រផលិតកាំជ្រួចមួយកន្លែង នៅភាគកណ្តាលប្រទេសថៃ នារសៀលថ្ងៃពុធនេះ បានធ្វើឱ្យមនុស្សស្លាប់កើនឡើងដល់ ២៣នាក់ហើយ។
ហេតុការណ៍ផ្ទុះរោងចក្រផលិតកាំជ្រួចនេះ បានកើតឡើងនៅម៉ោងប្រមាណ៣រសៀលថ្ងៃពុធនេះ ស្ថិតនៅក្បែរទីប្រជុំជនសាលាខោ ភាគកណ្តាលខេត្តស៊ូផាន់បូរី។ អភិបាលខេត្តស៊ូផាន់បូរី លោក ណាតាផាត ស៊ូវ៉ាន់ប្រាធីប បានប្រាប់កាសែត AFP ថា យើងបានទទួលរបាយការណ៍ពីក្រុមកំចាត់គ្រឿងផ្ទុះ (EOD) ថា មានអ្នកស្លាប់ចំនួន ២៣នាក់ ប៉ុន្តែពុំមានការបញ្ជាក់ពីមូលហេតុអ្វី ដែលបណ្តាលឱ្យមានការផ្ទុះរោងចក្រកាំជ្រួចនេះទេ។
លោកអភិបាលខេត្តនិយាយថា រោងចក្រនេះបានបើកដំណើរការស្របច្បាប់ និងមានអាជ្ញាប័ណ្ណត្រឹមត្រូវ។ បើតាមមន្ត្រីប៉ូលិស តំបន់ជុំវិញទីតាំងកើតហេតុ មិនមានការខូចខាតទេ។ ភ្លាមៗ ក្រោយទទួលបានដំណឹងនេះ នាយករដ្ឋមន្រ្តីថៃ លោក សេដ្ឋា ថាវីស៊ីន ដែលកំពុងចូលរួមវេទិការសេដ្ឋកិច្ចពិភពលោកនៅប្រទេសស្វីស បានបង្ហោះសារនៅលើបណ្តាញសង្គម ចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារជនរងគ្រោះបាត់បង់ជីវិត និងបានបញ្ជាឱ្យបើកការស៊ើបអង្កេតរកមូលហេតុនៅពីក្រោយឧបទ្ទវហេតុនេះ។
គួរបញ្ជាក់ថា ករណីផ្ទុះក្នុងរោងចក្រផលិតផាវ និងឧបករណ៍បាញ់កាំជ្រួចផ្សេងទៀតមិនមែនជារឿងចម្លែកទេនៅប្រទេសថៃ។ ជាក់ស្តែង យ៉ាងហោចណាស់មនុស្ស ១០នាក់បានស្លាប់ បន្ទាប់ពីការផ្ទុះនៅក្នុងឃ្លាំងកាំជ្រួចមួយកន្លែងនៅទីក្រុងស៊ុនហ្កៃខូឡុក ក្នុងខេត្តណារ៉ាត់ធីវ៉ាត់ ភាគខាងត្បូងប្រទេសថៃ កាលពីឆ្នាំមុន។ ដោយឡែកកាលពីឆ្នាំមុនមួយទៀត មនុស្ស ១១នាក់ក៏បានរងរបួសផងដែរ នៅពេលដែលរោងចក្រផលិតកាំជ្រួចមួយ បានផ្ទុះនៅក្នុងទីក្រុងឈៀងម៉ៃភាគខាងជើង៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា
