អង្គការសុខភាពពិភពលោក (WHO) ៖ ការប្រើប្រាស់ថ្នាំជក់សកលធ្លាក់ចុះខ្លាំង
ហ្សឺណែវ៖ ការប្រើប្រាស់ថ្នាំជក់មានសន្ទុះថយចុះខ្លាំង ទោះបីជាអង្គការសុខភាពពិភពលោក (WHO) បញ្ជាក់ថា ក្រុមហ៊ុនធំៗក្នុងឧស្សាហកម្មថ្នាំជក់ខិតខំស្វែងរកឥទ្ធិពលលើគោលនយោបាយសុខភាពពិភពលោក ដើម្បីការពារអត្ថប្រយោជន៍របស់ខ្លួន។
អង្គការសុខភាពពិភពលោក (WHO) ថ្មីៗនេះ ប្រកាសថា ការប្រើប្រាស់ថ្នាំជក់ជាសកលបានធ្លាក់ចុះ ដោយនៅឆ្នាំ ២០២២ មានមនុស្សម្នាក់ ក្នុងចំណោម ៥នាក់បានជក់បារី បើធៀបនឹងមនុស្សម្នាក់ ក្នុងចំណោម៣នាក់ កាលពីឆ្នាំ ២០០០។បើតាមរបាយការណ៍សកល មនុស្ស ១,២៥ពាន់លាននាក់ ដែលមានអាយុ ១៥ឆ្នាំ ឬលើសពីនេះ បានប្រើប្រាស់ថ្នាំជក់ក្នុងឆ្នាំ ២០២២ បើធៀបនឹង ១,៣៦ពាន់លានក្នុងឆ្នាំ ២០០០។
របាយការណ៍ដដែលបន្តថា ការប្រើប្រាស់ថ្នាំជក់នឹងធ្លាក់ចុះបន្ថែមទៀតនៅឆ្នាំ២០៣០ ដល់ប្រហែល ១,២ពាន់លាននាក់ ទោះបីជាចំនួនប្រជាជនពិភពលោកកើនឡើងក៏ដោយ។ បើតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក (WHO) តំបន់ដែលមានអ្នកជក់បារីច្រើនជាងគេ គឺអាស៊ីអាគ្នេយ៍ និងអឺរ៉ុប ដែលមានចំនួនប្រហែលមួយភាគបួន នៃចំនួនប្រជាជនសកលសរុប។
ហើយក្នុងប្រទេសមួយចំនួន ការប្រើប្រាស់ថ្នាំជក់នៅតែកើនឡើង មានដូចជានៅអេហ្ស៊ីប ហ្ស៊កដានី និងឥណ្ឌូនេស៊ី។ របាយការណ៍ខាងលើនេះ បោះពុម្ពផ្សាយរៀងរាល់ពីរឆ្នាំម្តង ដែលបានផ្តល់ទិន្នន័យបឋមមួយចំនួន ស្តីពីអត្រានៃការជក់បារី ដែលអង្គការសុខភាពពិភពលោក (WHO) កំពុងជំរុញឱ្យរដ្ឋាភិបាលអនុវត្តវិធានការគ្រប់គ្រង៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

